ដោយ ទីន ហ្សាការីយ៉ា
2024.06.13
RFA

ទិដ្ឋភាពក្រុមហ៊ុនវៀតណាម និងអាជ្ញាធរប្រដាប់ដោយអាវុធ បានដាក់គ្រឿងចក្រជាច្រើនឈូសឆាយបំផ្លាញផលដំណាំប្រជាពលរដ្ឋ នៅស្រុកសំបូរ ខេត្តក្រចេះ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រជាពលរដ្ឋចំនួន៥ភូមិ នៅស្រុកសំបូរ ខេត្តក្រចេះ អះអាងថា ក្រុមហ៊ុនវៀតណាម និងអាជ្ញាធរប្រដាប់ដោយអាវុធ បានដាក់គ្រឿងចក្រជាច្រើនឈូសឆាយបំផ្លាញផលដំណាំប្រជាពលរដ្ឋជាច្រើនហិកតារ និងគំរាមកំហែងចាប់ពលរដ្ឋដែលចេញតវ៉ាដាក់គុកថែមទៀត។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរនិងក្រុមហ៊ុនស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងយុត្តិធម៌។
ប្រជាពលរដ្ឋជាង១០០គ្រួសារ មកពីភូមិចំនួន៥ គឺភូមិកំពង់ព្នៅ កោះច្បារ ស្វាយចេក បាយសំណុំ និងជើងពាត ស្ថិតនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ អះអាងថា នៅថ្ងៃទី១១ ខែមិថុនា ក្រុមហ៊ុនវៀតណាមឈ្មោះ កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) ដែលសហការជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ព្រមទាំងអាជ្ញាធរប្រដាប់ដោយអាវុធ បានដាក់គ្រឿងចក្រឈូសឆាយបំផ្លាញផលដំណាំកសិកម្ម ដូចជាដំណាំដំឡូង ស្វាយចន្ទី និងដើមតាង៉ែនរបស់ពលរដ្ឋ។ លើសពីនោះ អាជ្ញាធរក៏គំរាមកំហែងចាប់ប្រជាពលរដ្ឋដាក់គុក ប្រសិនបើពួកគេហ៊ានចេញតវ៉ា និងហាមឃាត់គ្រឿងចក្រក្រុមហ៊ុនមិនឲ្យមានការឈូសឆាយ។
ប្រជាពលរដ្ឋម្នាក់នៅភូមិស្វាយចេក លោកស្រី អែល រ៉ូស្សា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែមិថុនាថា ក្រុមហ៊ុនវៀតណាម បានដាក់គ្រឿងចក្រឈូសឆាយផលដំណាំ របស់ប្រជាពលរដ្ឋដែលពួកគាត់កំពុងអាស្រ័យផល ដោយក្រុមហ៊ុន និងអាជ្ញាធរសំអាងថា ពួកគេទទួលបានដីសម្បទានពីរដ្ឋាភិបាល។ លោកស្រីបន្ថែមថា ពលរដ្ឋនៅតំបន់នោះអាស្រ័យផលតាំងពីយូរណាស់មកហើយ ដោយពលរដ្ឋខ្លះបានកាប់ឆ្ការមុនក្រុមហ៊ុនមកធ្វើការវិនិយោគទៅទៀត ហើយអាជ្ញាធរមិនគួរគំរាមកំហែងនិងធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយនិងក្រីក្រនោះទេ។
លោកស្រី អែល រ៉ូស្សា៖ «បើខ្ញុំគ្មានដីឲ្យខ្ញុំរំពឹងអ្វី ខ្ញុំមិនយកទេឲ្យខ្ញុំ២០ ទៅ ៣០ម៉ឺន (រៀល) មកគំរាមខ្ញុំឲ្យខ្ញុំចេញពីដីរបស់ខ្ញុំដែលធ្លាប់អាស្រ័យផលជាង ១០ឆ្នាំហើយនោះនៅមុខក្រុមហ៊ុនទៀត ហើយមើមដំឡូងប៉ុនៗកដៃគាត់ភ្ជួរចោល គ្មានផ្ទះធំដុំរស់នៅសុខសប្បាយទេ ពេលហូបបាយហូបជាមួយអំបិលជាមួយប្រហុក ចុចជាមួយម្រាមដៃគាត់អត់មានអ្វីហូបទេហើយមកធ្វើបាបគាត់អ៊ីចឹង»។
ពលរដ្ឋម្នាក់ទៀតនៅភូមិបាយសំណុំ គឺលោក ប្រុក ភារម្យ ឲ្យដឹងថា ដីស្រែចម្ការរបស់លោកជិត ១០ហិកតារ ដែលមានដាំដំណាំដំឡូង ត្រូវក្រុមហ៊ុនវៀតណាមឈូសឆាយ និងហ៊ុមព័ទ្ធយកដោយមិនមានសំណងសមរម្យនោះទេ។ លោកថា ប្រសិនបើមិនមានដីស្រែចម្ការទាំងអស់នេះ លោកគ្មានដីសម្រាប់អាស្រ័យផលទៀតឡើយ។
លោក ប្រុក ភារម្យ៖ «ខ្ញុំសំណូមពរចង់បានដីប្រជាពលរដ្ឋអាស្រ័យផលនៅកន្លែងណាគឺនៅកន្លែងនោះ ហើយម្យ៉ាងទៀតចង់ឲ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ចុះមកកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋនៅតាមភូមិតាមស្រុកចំនួន៥ភូមិសុំឲ្យនៅតែកន្លែងនេះមិនចង់ដោះដូរទៅកន្លែងណាទេ»។
ពលរដ្ឋលើកឡើងទៀតថា ពួកគេបានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ស្រុក និងខេត្តជាច្រើនសា ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងស្រុកសំបូរ លោក ចេង គឺមជប់ និងអភិបាលខេត្តក្រចេះ លោក វ៉ា ថន បានទេនៅថ្ងៃទី១២ ខែមិថុនា ។ ចំណែកតំណាងក្រុមហ៊ុនទាំងពីរក៏វិទ្យុអាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី០៥ ខែមិថុនា អាជ្ញាធរស្រុកសំបូរ បានចេញសេចក្ដីប្រកាសព័ត៌មានដោយកាងការពារ ក្រុមហ៊ុនវៀតណាមថា មិនបានឈូសឆាយ និងហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរកំពុងខិតខំប្រឹងប្រែងសម្របសម្រួល និងខ្នះខ្នែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋដែលមានវិវាទដីធ្លីទាំងនោះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ឃើញថា មុនផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនណាមួយ រដ្ឋាភិបាលគួរតែធ្វើការសិក្សាពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវ ហើយប្រសិនបើមានផលប៉ះពាល់ រដ្ឋគួរកាត់ឆ្វៀលដីទាំងនោះឲ្យទៅប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់បានអាស្រ័យផល។ លោកបន្ថែមថា អាជ្ញាធរត្រូវតែធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋ និងត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីជៀសវាងកុំឲ្យមានអំពើហិង្សាកើតឡើង។
លោក យិន ម៉េងលី៖ «យើងក៏ចង់ឲ្យមានការដោះស្រាយតាមផ្លូវច្បាប់ ជៀសវាងការប្រើប្រាស់អំពើហិង្សា ឬក៏ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នាកើតជាបញ្ហា អ៊ីចឹងហើយចង់ឲ្យមានដំណោះស្រាយហើយអាជ្ញាធរត្រូវតែដើរតួនាទីជាអាជ្ញាកណ្ដាលសម្របសម្រួលជាមួយភាគីទាំងអស់នេះ»។
ក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (NK Agri) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ជិត១ម៉ឺន៧ពាន់ (១៦,៥២៧)ហិកតារកាលពីឆ្នាំ២០០៩ ដើម្បីដាំដំណាំអំពៅ ប៉ុន្តែបានក្ស័យធន់នៅឆ្នាំ២០១៧ ហើយអាជ្ញាធរស្រុកសំបូរបានអំពាវនាវឲ្យពលរដ្ឋនៅតំបន់នោះចូលទៅអាស្រ័យផលលើដីទាំងអស់នោះ។
ប៉ុន្តែនៅឆ្នាំ២០២១ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ បានសហការជាមួយក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង ដើម្បីដំណើរការឡើងវិញនូវការវិនិយោគ ទៅលើការផលិតស្ករអំពៅ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជានិងវៀតណាម។ រហូតមកដល់មានការឈូសឆាយបំផ្លាញផលដំណាំកសិកម្មរបស់ពលរដ្ឋ និងហ៊ុមព័ទ្ធយកដីព្រៃសហគមន៍ ដីស្រែចម្ការពលរដ្ឋថែមទៀត។
ប្រជាពលរដ្ឋទាំង៥ភូមិអំពាវនាវឲ្យរដ្ឋាភិបាល ស្វែងរកដំណោះស្រាយដោយកាត់ឆ្វៀលដីស្រែចម្ការរបស់ពួកគេ ដែលធ្លាប់អាស្រ័យផលចេញពីគម្រោងដីសម្បទានសេដ្ឋកិច្ច ដើម្បីទុកឲ្យពលរដ្ឋសម្រាប់ប្រកបរបរកសិកម្មគ្រាន់បានប្រាក់ចិញ្ចឹមជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។