កម្ពុជា
កម្ពុជា-នយោបាយ
13/06/2024 – 10:40
ដោយ៖ ញឹម សុផល
RFI
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់លោកនៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពីជំនួបធ្វើការជាបន្តបន្ទាប់រវាងលោក និងនាយកចារកម្មអាមេរិក (CIA)។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើង បន្ទាប់ពីលោក ដាវីដ ហ៊ុត (David Hutt) បានសរសេរផ្សាយនៅលើកាសែត The Diplomat ក្នុងថ្ងៃទី១២ ខែមិថុនាដដែលដោយលើកឡើងជាចម្ងល់ថា តើនាយក CIA ពិតជាមានវត្តមាននៅទីក្រុងភ្នំពេញ ឬយ៉ាងណា?
លោក ហ៊ុន សែន៖ ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧ មកម្ល៉េះ
អមដោយរូបថតជាង ២០សន្លឹក ដែលសុទ្ធសឹងជារូបភាពជំនួបរវាងលោក និងលោក Bill Burns នាយកចារកម្មស៊ើបការណ៍សំងាត់អាមេរិក (CIA) កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានសរសេរថា លោកបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧ មកម្ល៉េះ។ នេះជាការលាតត្រដាងជាសាធារណៈរបស់លោក ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ដេវីដ ហ៊ុត (David Hutt) នៅក្នុងកាសែត The Diplomat កាលពីថ្ងៃទី១២ ខែមិថុនា។ តាមលោក ហ៊ុន សែន អ្វីដែលលោក ហ៊ុត បានលើកឡើងគឺចង់សំដៅថាលោក ហ៊ុន សែន មានការភ័ន្តច្រឡំ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះដដែល បានបន្តរៀបរាប់ថា ជំនួបសំខាន់គឺការជួបជាមួយនាយកចារកម្មជាតិ (National Intelligence) លោក James Clapper នៅឆ្នាំ២០១១ និងការជួបជាមួយលោក David Petraeus នាយក CIA នៅឆ្នាំ២០១២ ដែលជំនួបទាំងពីរនេះធ្វើឡើងនៅផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញ។ ដោយឡែក ជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns កាលពីថ្ងៃទី២ មិថុនាឆ្នាំ២០២៤ បានធ្វើឡើងនៅផ្ទះរបស់លោកក្នុងទីក្រុងតាខ្មៅ។
លោក ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ក្នុងករណីមិនមានការជួបគ្នាផ្ទាល់ លោកក៏បានបញ្ជូនតំណាងរបស់លោកឲ្យទៅជួបថ្នាក់ដឹកនាំ CIA ផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក រាប់ទាំងលោក Mike Pompeo ដែលក្រោយមកបានក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។
ទន្ទឹមគ្នានេះ ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះដដែល ក៏បានសរសេររៀបរាប់ពីរបៀបវារៈនៃជំនួបជាមួយប្រមុខ CIA អាមេរិកដែរ គឺកិច្ចសហការសំខាន់ប្រឆាំងភេវរកម្មដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។ តាមលោក ហ៊ុន សែន កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀតដែរ ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយ ដែលមានអធិបតេយ្យភាព។

ក្នុងន័យនេះ លោក ហ៊ុន សែន ក៏ឆ្លៀតលេងពាក្យមួយចំនួនដោយសរសេរដូច្នេះថា «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន» «ឃើញទឹកស្ងប់កុំគិតថាក្នុងទឹកគ្មានត្រី» «ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ»។ សូមរំលឹកថា កាសែត The Diplomat ដែលសរសេរដោយលោក David Hutt បានដាក់ចំណងជើងដោយចោទសួរថា តើនាយក CIA មានវត្តមាននៅភ្នំពេញកាលពីពេលថ្មីៗនេះឬអត់?៕