ដោយ សេក បណ្ឌិត
2024.06.13
RFA

សកម្មជន និងអ្នកដឹកនាំគណបក្សកម្លាំងជាតិ ប្រមូលផ្ដុំគ្នា នៅខាងមុខទីស្នាក់ការគណបក្ស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ធ្វើបាតុកម្មទាមទាររដ្ឋាភិបាលឱ្យស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយ។ រូបពីពលរដ្ឋ
គណបក្សកម្លាំងជាតិសម្រេចផ្លាស់ប្ដូរទីកន្លែងសម្ដែងមតិទាមទារឱ្យរដ្ឋាភិបាលដោះលែងថ្នាក់នាំបក្សពីទីលានប្រជាធិបតេយ្យមកធ្វើនៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមិថុនា។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិនៅថ្ងៃទី១៣ ខែមិថុនា ថា យុទ្ធនាការទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិទាំងនោះរួមមានប្រធានគណបក្ស លោក ស៊ុន ចន្ធី លោក អ៊ុំ វីរៈរដ្ឋ និងលោក មី សេងហ៊ ហៅ គា វិសាល និង អ្នកជាប់ឃុំមនសិការផ្សេងទៀត។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី ថាគណបក្សបង្ខំចិត្តផ្លាស់ប្ដូរទីកន្លែងតស៊ូមតិដោយសន្តិវិធីនេះគឺដោយសារតែរដ្ឋបាលរាជធានីភ្នំពេញបដិសេធឱ្យតស៊ូមតិនៅទីលានប្រជាធិបតេយ្យទោះជាការស្នើសុំនេះត្រឹមត្រូវផ្លូវច្បាប់ក៏ដោយ។ លោកថា ការបដិសេធនេះគឺបង្ហាញពីការរើសអើងមកលើគណបក្សប្រឆាំង និងជាការសម្រេចផ្ទុយពីគោលការណ៍ច្បាប់។
លោក ជា មុនី៖ «ទីមួយរដ្ឋាភិបាលតែងតែឱ្យពលរដ្ឋ សង្គមស៊ីវិល ឬគណបក្សនយោបាយនានាគោរពច្បាប់ ឱ្យគេគោរពច្បាប់ៗ យើងធ្វើទៅតាមនីតិវិធីច្បាប់ បែរជាមិនអនុញ្ញាតទៅវិញ អាហ្នឹងខ្ញុំសុំភាពត្រឹមត្រូវមួយ បើច្បាប់ឱ្យមានការគោរពគឺគោរពទាំងអស់គ្នាទៅមិនបាច់រើសអើងគណបក្សនយោបាយនេះមិនអាចធ្វើបាន គណបក្សនយោបាយនោះបានធ្វើបាន»។
ជុំវិញរឿងនេះ រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែមិថុនា ដែលបានបដិសេធសំណើលើគណបក្សកម្លាំងជាតិនេះដោយសំអាងលើហេតុផលជាច្រើនមិនឱ្យគណបក្សតវ៉ាក្នុងទីធ្លាសាធារណៈ។ ក្នុងនោះដោយសំអាងថា មានលិខិតទទួលស្គាល់កំហុសរបស់លោក ស៊ុន ចន្ទី ជូនរាជរដ្ឋាភិបាលដែល វាហាក់ដូចជាផ្ទុយពីជំហររបស់គណបក្សដែលនៅតែបន្តស្នើសុំតវ៉ាដោះលែង។ ទោះបីជាយ៉ាងណា គណបក្សកម្លាំងជាតិចាត់ទុកលិខិតរបស់ លោក ស៊ុន ចន្ធី ថាជាលិខិតផ្ទាល់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។