ដោយ មាន ឫទ្ធិ
2024.06.13
RFA

(រូបឯកសារ) គ្រោងសំណង់ស្តូបវិមានឈ្នះ-ឈ្នះ ដែលកំពុងដំណើរការសាងសង់ នៅខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់
ប្រជាពលរដ្ឋមួយចំនួន នៅតែរិះគន់ស្តូបវិមានឈ្នះ-ឈ្នះ ដែលកំពុងដំណើរការសាងសង់ នៅតាមបណ្ដាខេត្តមួយចំនួនថា ជាការខ្ជះខ្ជាយថវិកាជាតិ ដើម្បីលើកតម្កើងមុខមាត់គណបក្សកាន់អំណាច។ ទន្ទឹមគ្នានេះ ពួកគាត់បានភ្ជាប់វិមានឈ្នះ-ឈ្នះ នេះ ទៅនឹងការដឹងគុណវៀតណាម របស់គណបក្សប្រជាជនកម្ពុជា ខណៈអាជ្ញាធរវៀតណាម បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម។
វិមានឈ្នះ-ឈ្នះ ដែលមេដឹកនាំគណបក្សប្រជាជនកម្ពុជា ចាត់ទុកជាតំណាងឱ្យនិមិត្តរូបនៃការបញ្ចប់សង្គ្រាម និងសន្តិភាព និងយកមកឃោសនាទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ពេលនេះ កំពុងរងការរិះគន់ខ្លាំង។
ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ លោក សេង សុគន្ធ ថ្លែងថា ស្តូបវិមានឈ្នះ-ឈ្នះ ប្រៀបដូចជាសំណង់ ដែលបក្សកាន់អំណាចកសាងដើម្បីលើកតម្កើងខ្លួនផង និងដើម្បីឧទ្ទិសដល់គុណបំណាច់វៀតណាម ផង ដោយសាររចនាបថស្តូបមួយនេះ ប្រហាក់ប្រហែលគ្នាទៅនឹងស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែរ។
លោក សេង សុគន្ធ៖ «ស្របពេលដែលស្រុកទេសយើងសេដ្ឋកិច្ចមិនសូវដំណើរការល្អអ៊ីចឹង គួរតែយកថវិកាដែលកសាងវិមានឈ្នះ–ឈ្នះ អីអស់ទាំងហ្នឹងយកទៅអភិវឌ្ឍប្រទេសជាតិល្អជាង ឬមួយក៏យកថវិកាហ្នឹងទៅចំណាយលើការរកទីផ្សារឱ្យកសិករយើង រកទីផ្សារដាំដុះអីល្អជាជាង»។
ការរិះគន់របស់ពលរដ្ឋ ធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដេអូ និងរូបភាពនៅលើបណ្ដាញសង្គម អំពីសំណង់ស្តូបវិមានឈ្នះ-ឈ្នះ នៅលើជួរភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលកំពុងសាងសង់ និងរុំព័ទ្ធដោយចម្រូងដែក។
ចំពោះបក្សកាន់អំណាច វិមានឈ្នះ-ឈ្នះ ដែលស្រដៀងនឹងបំពង់ផ្សែងឈាបនដ្ឋាននៅកណ្ដាលព្រៃ នេះ គឺជានិមិត្តរូបនៃជ័យជម្នះលើខ្មាំងសត្រូវ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋមួយចំនួន យល់ថា ជាស្តូបមិត្តភាពកម្ពុជា-វៀតណាម ដោយសារសំណង់នេះ មានរូបរាង និងរចនាបថដូចគ្នា នឹងស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅភ្នំពេញ ដែរ។
ពលរដ្ឋរស់នៅខេត្តសៀមរាប លោកស្រី រៀម សុខរ៉េត រៀបរាប់ថា លោកស្រីមិនពេញចិត្តនោះទេ នៅពេលឃើញរដ្ឋាភិបាល សាងសង់ស្តូប ដើម្បីផ្សាយពាណិជ្ជកម្មឱ្យបក្សខ្លួនឯងបែបនេះ។ លោកស្រីលើកឡើងថា ស្តូបវិមានឈ្នះ-ឈ្នះ គ្មានអត្ថន័យអ្វីចំពោះលោកស្រីនោះទេ ហើយលោកស្រីចាត់ទុកស្តូបនេះ ធ្វើឡើងសម្រាប់កុហកអ្នកជំនាន់ក្រោយប៉ុណ្ណោះ។
លោកស្រី រៀម សុខរ៉េត៖ «ហើយបើយកទៅសាងសង់អ៊ីចឹង គឺតំណាងឱ្យ មិនមែនជាប្រទេសខ្មែរទៀតទេ។ យូរៗ ទៅ អត្តសញ្ញាណជាតិខ្លួនឯង កាន់តែបាត់បង់»។
រដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសាងសង់វិមានអនុស្សាវរីយ៍គោលនយោបាយឈ្នះ-ឈ្នះ លើកដំបូងកាលពីឆ្នាំ២០១៨ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន ដែលលោកអះអាងខ្លួនឯងថា ជាអ្នករំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងបញ្ចប់ការតស៊ូរបស់មេខ្មែរក្រហម។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងបច្ចុប្បន្នជា ឧត្ដមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ លោក ទៀ បាញ់ បានបញ្ជាក់កាលពីឆ្នាំ២០២២ ថា បន្ទាប់ពីរដ្ឋាភិបាលកសាងស្តូបវិមានឈ្នះ-ឈ្នះ នៅខេត្តចំនួនបី មានដូចជា ខេត្តកំពង់ស្ពឺ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងនៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ រួចហើយនោះ រដ្ឋាភិបាលនឹងបន្តសាងសង់ស្តូបវិមានឈ្នះ-ឈ្នះ នេះ នៅតាមបណ្ដាខេត្តផ្សេង បន្តបន្ទាប់ទៀត។ គិតមកដល់ពេលនេះ ស្តូបវិមានឈ្នះ-ឈ្នះ នៅខេត្តទាំងបី សាងសង់ជិតរួចរាល់ជាស្ថាពរហើយ។
សកម្មជនបរិស្ថាន កញ្ញា លឹម គឹមស័រ លើកឡើងថា នៅពេលដែលកញ្ញា បានឃើញវិមានឈ្នះ-ឈ្នះ កំពុងសាងសង់ចេញជារូបរាងបែបនេះ បានធ្វើឱ្យកញ្ញាបារម្ភអំពីយុវជនជំនាន់ក្រោយ ដែលត្រូវលោក ហ៊ុន សែន កុហកតាមរយៈការបំភ្លៃប្រវត្តិសាស្ត្រថា លោកគឺជាអ្នករំដោះជាតិ និងឱ្យដឹងគុណវៀតណាម។ កញ្ញាបន្តថា វិមានឈ្នះ-ឈ្នះ មានភាពស្រដៀងគ្នានឹងស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលធ្វើឱ្យកញ្ញា នឹងឃើញដល់រឿងអាជ្ញាធរវៀតណាម កំពុងធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត មកលើពលរដ្ឋខ្មែរក្រោម។
កញ្ញា លឹម គឹមស័រ៖ «ដោយសារតែទាក់ទងនឹងរឿងប្រវត្តិសាស្ត្រ រហូតដល់ពេលបច្ចុប្បន្ន យុវជនយើងគឺចង់ទប់ស្កាត់ ទាក់ទងជាមួយនឹងការឈ្លានពានពីបរទេស។ សួរថា នៅពេលគេសាងសង់ស្តូបហ្នឹងហើយ តើមានប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋ? ដូច្នេះប្រជាពលរដ្ឋខ្មែរ បារម្ភថា នៅពេលសាងសង់ស្តូបហ្នឹងហើយ គឺអាចនឹងធ្វើឱ្យវាក្លាយជានិមិត្តសញ្ញាមួយ នៅពេលអនាគតទៅ ធ្វើឱ្យយុវជនខ្មែរយើង មានការយល់ច្រឡំថា រាល់បញ្ហាដែលកើតមានទាក់ទងនឹងសង្គ្រាមអីហ្នឹង គឺជាការរំដោះ ការជួយរបស់ប្រទេសវៀតណាម អ៊ីចឹងទៅ»។
ក្រៅពីកសាងស្តូបវិមានឈ្នះ-ឈ្នះ ស្ទើរគ្រប់ខេត្តក្រុងហើយ មេដឹកនាំគណបក្សកាន់អំណាច ក៏បានព្យាយាមអូសទាញមនុស្សជំនាន់ក្រោយ ឱ្យចងចាំ និងគោរពដល់ស្ថាបនិកវិមានឈ្នះ-ឈ្នះ លោក ហ៊ុន សែន ផងដែរ។ ជាក់ស្ដែងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែធ្នូ ឆ្នាំ២០២៣ បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលគោលនយោបាយឈ្នះ-ឈ្នះ ចូលក្នុងកម្មវិធីសិក្សាទៀតផង។ រដ្ឋាភិបាលរបស់លោកក៏បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការសម្រាប់ឈប់សម្រាកប្រចាំឆ្នាំ។ ទន្ទឹមគ្នានេះ មន្ត្រីរដ្ឋាភិបាលមួយចំនួន បានកៀរគរសិស្ស និស្សិតនៅតាមសាលា និងសាកលវិទ្យាល័យ ឱ្យមកធ្វើទស្សនកិច្ចសិក្សានៅវិមានឈ្នះ-ឈ្នះ ដោយមានអ្នកណែនាំពួកគេ ឱ្យដឹងគុណគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់លោក ហ៊ុន សែន ថាជាវីរបុរស រំដោះជាតិជាដើម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែមិថុនា។
កាលពីថ្ងៃទី៧ ខែមិថុនា គណៈកម្មាធិការជាតិ សម្របសម្រួលព័ត៌មាន និងសាធារណមតិ បានចេញមកបំភ្លឺពាក់ព័ន្ធនឹងសំណង់ស្តូប នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលត្រូវអ្នកលេងបណ្ដាញសង្គមមួយចំនួន ថាជាស្តូបវៀតណាម គឺជាវិមានឈ្នះ-ឈ្នះ។
ទាក់ទិនរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញថា ប្រតិកម្មរបស់ពលរដ្ឋនេះ គឺកើតចេញពីមនសិការ និងក្ដីបារម្ភចំពោះអនាគតប្រទេសជាតិ ច្រើនជាងការរិះគន់ដោយផ្សារភ្ជាប់នឹងរឿងនយោបាយ។ លោកបន្តថា ប្រសិនបើថ្ងៃណាមួយ គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បាត់បង់អំណាច ស្តូបវិមានឈ្នះ-ឈ្នះ នេះ អាចនឹងត្រូវគេវាយកម្ទេច ឬទុកចោល ក៏អាចថាបាន ព្រោះមនុស្សជំនាន់ក្រោយ យល់ថា អាគារនេះ គឺកសាងឡើងទៅតាមបំណងរបស់មេដឹកនាំផ្ដាច់ការ ដើម្បីបំភ្លៃប្រវត្តិសាស្ត្រ និងមិនមែនតំណាងឱ្យជាតិទាំងមូលឡើយ។
លោក ម៉ែន ណាត៖ «បើរក្សាទុក យ៉ាងហោចណាស់ ក៏គេប្ដូរឈ្មោះដែរ ពីនិមិត្តរូបរបស់លោក ហ៊ុន សែន ដែលថាសន្តិភាពអីហ្នឹង ទៅជានិមិត្តរូប នៃការឈឺចាប់អីអ៊ីចឹងទៅ។ ហើយគេប្រាប់ប្រជាពលរដ្ឋថា កុំឱ្យភ្លេចអនុស្សាវរីយ៍ នៃការឈឺចាប់ ដែលកើតឡើងដោយរបបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត»។
ពលរដ្ឋលើកឡើងថា ពួកគាត់មិនចង់ឱ្យរដ្ឋាភិបាល បន្តការសាងសង់វិមានឈ្នះ-ឈ្នះ នៅតាមខេត្តផ្សេងទៀតនោះទេ។ ពួកគាត់ចង់ឱ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បើកឱ្យមានការប្រកួតប្រជែងនយោបាយដោយស្មើភាព ជាជាងការសាងសង់ស្តូប ដើម្បីបំភ្លៃប្រវត្តិសាស្ត្រ យកមកឃោសនានយោបាយ៕