ដោយ យ៉ង ចាន់តារា
2024.06.15
RFA

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក ហេង សួរ ថ្លែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ រូប ហ្វេសប៊ុកលោក ហេង សួរ
កាលណានិយាយពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ គេតែងនឹកឃើញដល់សារសំឡេងបែកធ្លាយអំពីគម្រោងការវាយធ្វើបាប និងបង្កគ្រោះថ្នាក់ចរាចរណ៍លើពលករខ្មែរ ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ត្រកូលហ៊ុន។ ប៉ុន្តែនៅមានរឿងសំខាន់មួយទៀត ទាក់ទងនឹងលោក ហេង សួរ។ នោះគឺការបង្កើតបណ្ដាញប្រទាក់ក្រឡា ដើម្បីទាញយកប្រយោជន៍ពីការនាំពលករខ្មែរទៅក្រៅប្រទេស។
លោក ហេង សួរ កំពុងបង្កើតបណ្ដាញចាក់ស្រេះ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពីការនាំពលករចេញទៅធ្វើការងារនៅក្រៅប្រទេស។
មន្ត្រីជាន់ខ្ពស់នៅក្រសួងការងារបានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មានមនុស្ស ៦ នាក់ ដែលជាដៃជើងដ៏សំខាន់របស់លោក ហេង សួរ ក្នុងការគ្រប់គ្រង និងទាញយកផលពីការនាំពលករចេញទៅក្រៅប្រទេស។ អ្នកទាំង ៦ នោះ មាន ៣ នាក់ជាមន្ត្រីជាន់ខ្ពស់ក្រសួងការងារ រួមមាន លោក សេង សក្ដា លោក តាំង ផេងរិទ្ធី និងលោក ធាង ស៊ាងវេង។
លោក សេង សក្ដា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ។ រីឯលោក តាំង ផេងរិទ្ធី វិញ លោកជាអតីតទីប្រឹក្សាទទួលបន្ទុកពលករនៃស្ថានទូតខ្មែរនៅប្រទេសជប៉ុន និងបច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ។ ចំណែកលោក ធាង ស៊ាងវេង វិញ លោកជាអតីតទីប្រឹក្សាក្រសួងការងារ និងបច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ។
ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារឱ្យដឹងថា គ្រប់ក្រុមហ៊ុននាំពលករចេញទៅក្រៅស្រុក នៅទូទាំងប្រទេស ត្រូវតែទាក់ទងការងារជាមួយមន្ត្រីទាំង ៣ នាក់នេះ ហើយបែងចែកភាគលាភជូនពួកគេ ហើយពួកគេជាអ្នកយកលុយទាំងអស់នោះទៅប្រគល់ជូនលោក ហេង សួរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង លោក តាំង ផេង រិទ្ធី និងលោក ធាង ស៊ាងវេង ដើម្បីឆ្លើយតបរឿងនេះបានទេ។ ចំណែកលោក សេង សក្ដា វិញ នៅពេលវិទ្យុអាស៊ីសេរីទាក់ទងដើម្បីសាកសួររឿងនេះ លោកបានទទួលទូរស័ព្ទ ហើយក៏ចុចផ្ដាច់វិញ។
ទាក់ទងនឹងក្រុមហ៊ុន ឬភ្នាក់ងារនាំពលករចេញវិញនោះ មានមនុស្សសំខាន់ ៣ នាក់ ដែលជាដៃជើងរបស់លោក ហេង សួរ រួមមាន លោក អន ប៊ុនហាក់ អ្នកស្រី អ៊ឹង ស៊ាងរិទ្ធី និងអ្នកស្រី ចាន់ ធានី។ មនុស្សទាំង ៣ នាក់នេះ ត្រូវបានគេពណ៌នាថា ជាមនុស្សដ៏មានឥទ្ធិពល ជាជើងកាងក្នុងវិស័យបញ្ជូនពលករ និងជាមេធំនៃក្រុមហ៊ុនបញ្ជូនពលករជាច្រើនដែលបានចុះបញ្ជីនៅក្រសួងការងារ។ ក្រុមហ៊ុនរបស់ពួកគេទទួលបានការអនុញ្ញាតឱ្យនាំពលករទៅប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង និងប្រទេសមួយចំនួនទៀត។
លោក អន ប៊ុនហាក់ មានងារជាឧកញ៉ា ជាម្ចាស់ក្រុមហ៊ុន ថប មែនផៅវ័រ (Top Manpower Co., Ltd) និងជាប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC)។
ចំណែកអ្នកស្រី អ៊ឹង ស៊ាងរិទ្ធី វិញ អ្នកស្រីជាអគ្គនាយិកាក្រុមហ៊ុនអ៊ឹងរិទ្ធីគ្រុប (Ung Rithy Group Co., Ltd) ជាប្រធានកិត្តិយសអចិន្ត្រៃយ៍នៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ហើយក៏មានងារជាឧកញ៉ាផងដែរ។ អ្នកស្រីត្រូវជាប្អូនស្រីបង្កើតរបស់នាយឧត្តមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
រីឯអ្នកស្រី ចាន់ ធានី វិញ អ្នកស្រីជានាយិកាក្រុមហ៊ុនអេលីត មែនផៅវ័រ អេជិនស៊ី (Elite Manpower Agency Co., Ltd)។ ប្រភពពីមន្ត្រីនៅក្រសួងការងារឱ្យដឹងថា អ្នកស្រី ចាន់ ធានី ជាស្ត្រីកំណាន់របស់លោក ហេង សួរ ហើយអ្នកស្រីជាអ្នកឈរឈ្មោះធ្វើជាម្ចាស់ក្រុមហ៊ុនជាច្រើនឱ្យលោក ហេង សួរ ក្នុងនោះក៏រួមទាំងក្រុមហ៊ុន អេលីត មែនផៅវ័រ នេះផងដែរ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងលោក ហេង សួរ និងអ្នកស្រី ចាន់ ធានី ជាច្រើនដងតាមទូរស័ព្ទ តែមិនទទួលបានការឆ្លើយតបនោះទេ។
ចំណែកអ្នកស្រី អ៊ឹង ស៊ាងរិទ្ធី វិញ អ្នកស្រីនិយាយដោយខ្លីថា កំពុងជាប់រវល់ រួចក៏ចុចផ្ដាច់ទូរស័ព្ទ។
អ្នកស្រី អ៊ឹង ស៊ាងរិទ្ធី៖ «ឥលូវ ខ្ញុំកំពុងតែជាប់នៅជាមួយភ្ញៀវហើយ សូមទោសផង»។
វិទ្យុអាស៊ីសេរីក៏បានទាក់ទងទៅលោក អន ប៊ុនហាក់ ដើម្បីសាកសួរអំពីរឿងនេះដែរ ប៉ុន្តែលោកនិយាយដោយខ្លីថា លោកលែងគ្រប់គ្រងក្រុមហ៊ុន ថប មែនផៅវ័រ (Top Manpower Co., Ltd) តទៅទៀតហើយ។
លោក អន ប៊ុនហាក់៖ «ក្រុមហ៊ុនហ្នឹង គឺខ្ញុំបានឈប់ពីក្រុមហ៊ុនហ្នឹងហើយ ខ្ញុំឈប់យូរដែរហើយ»។
ផ្ទុយពីការលើកឡើងនេះ គេហទំព័ររបស់ក្រុមហ៊ុន ថប មែនផៅវ័រ (Top Manpower Co., Ltd) នៅតែដាក់ឈ្មោះលោក អន ប៊ុនហាក់ ជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនដដែល។
យ៉ាងណាក៏ដោយចុះ អ្វីដែលគេអាចដឹងបន្ថែមទៀតអំពីលោក អន ប៊ុនហាក់ អ្នកស្រី អ៊ឹង ស៊ាងរិទ្ធី និងអ្នកស្រី ចាន់ ធានី នោះ គឺអ្នកទាំង ៣ មានក្រុមហ៊ុនរកស៊ីក្នុងវិស័យជាច្រើនទៀត ក្រៅពីការនាំពលករចេញ ដូចជា វិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ទេសចរណ៍ និងអភិវឌ្ឍន៍ជាដើម។ ម្យ៉ាងវិញទៀត ពួកគេសុទ្ធតែមានតួនាទីជាទីប្រឹក្សាក្រសួងការងារ និងជាសមាជិកដ៏សកម្មនៃគណបក្សប្រជាជនកម្ពុជា។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ពន្យល់ថា នៅពេលម្ចាស់ក្រុមហ៊ុននាំពលករចេញមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ ឬក៏មានតួនាទីក្នុងក្រសួងការងារបែបនេះ នោះការធ្វើគោលនយោបាយ និងការដោះស្រាយវិវាទផ្សេងៗ ក្រសួងការងារអាចនឹងមានភាពលម្អៀងទៅរកភាគីក្រុមហ៊ុន។
លោក មឿន តុលា៖ «ឧទាហរណ៍ ការកំណត់តម្លៃនៃការរកការងារឱ្យពលករធ្វើ យើងឃើញថា មកដល់ឥលូវនេះអត់ទាន់មានការកំណត់ច្បាស់លាស់ទេ ហើយចំណាយនៅតែច្រើន បើតាមពលករលើកឡើង។ អ៊ីចឹងរឿងមានពីរ។ ទីមួយការធ្វើគោលនយោបាយអត់អាចមានតុល្យភាពរវាងវិស័យឯកជន និងប្រជាពលរដ្ឋនោះទេ ហើយទីពីរ ការអនុវត្តគោលនយោបាយ ឬការអនុវត្តច្បាប់ហ្នឹងត្រូវតែលម្អៀងទៅលើវិស័យឯកជន ឬក្រុមហ៊ុន។ បើទោះជាគោលនយោបាយ ឬក៏ច្បាប់ហ្នឹង វាមិនទាន់ល្អគ្រប់គ្រាន់ក៏ដោយ ក៏ប៉ុន្តែការអនុវត្តហ្នឹង ប្រាកដជាលម្អៀងទៅម្ខាងហើយ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបរឿងនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
របាយការណ៍របស់ក្រសួងការងារឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមានជាង ១ លាន ៣ សែននាក់ ក្នុងនោះនៅប្រទេសថៃមានជាង ១ លាន ២ សែននាក់ កូរ៉េខាងត្បូងមាន ៥ ម៉ឺននាក់ ម៉ាឡេស៊ីមានជាង ២ ម៉ឺននាក់ ជប៉ុនជាង ២ ម៉ឺននាក់ និងនៅប្រទេសមួយចំនួនទៀត។
យ៉ាងណាក៏ដោយចុះ បើតាមអ្នកធ្វើការផ្នែកសិទ្ធិពលករ ជាច្រើនឆ្នាំមកនេះ ពលករជាច្រើនរងសម្ពាធពីក្រុមហ៊ុន ឬភ្នាក់ងារបញ្ជូនពលករឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ក្រុមហ៊ុន ឬភ្នាក់ងារបញ្ជូនពលករទាំងនោះត្រូវបានគ្រប់គ្រងដោយក្រុមមនុស្សជំនិតរបស់លោក ហេង សួរ ដែលប៉ុនប៉ង «ចិញ្ចឹមពួកជើងកាង» ដើម្បីទុកវាយធ្វើបាប ឬបង្កគ្រោះថ្នាក់ចរាចរណ៍លើពលរដ្ឋខ្មែរដែលហ៊ានប្រឆាំងនឹងការដឹកនាំ របស់រដ្ឋាភិបាលត្រកូលហ៊ុន។
ទំនងជាដោយសារស្នាដៃឆ្នើមខាងគ្រប់គ្រង និងកៀរគរកម្លាំង ព្រមទាំងប្រមូលលុយចូលបក្ស និងហោប៉ៅផ្ទាល់ខ្លួនបែបនេះហើយ ទើបបានជាលោក ហេង សួរ អាចឈរជើងនឹងនៅក្នុងគណៈរដ្ឋមន្ត្រីត្រកូលហ៊ុន ហើយក្លាយជាមនុស្សជំនិតរបស់លោក ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ នៅក្នុងក្រសែភ្នែករបស់ពលករ និងមន្ត្រីរាជការមួយចំនួន លោក ហេង សួរ ប្រហែលជាមនុស្សជាទីសម្អប់ទៅវិញទេ ពីព្រោះតែការបង្កើតបណ្ដាញចាក់ស្រេះ ដើម្បីគ្រប់គ្រងពលករ និងការធ្វើស្រែលើខ្នងរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។