កម្ពុជា
15/06/2024 – 09:59
ដោយ៖ ម៉ុន ចាន់
RFI
មន្ទីរបរិស្ថានខេត្តបាត់ដំបងចេញមកច្រានចោលលើការផ្សព្វផ្សាយដែលថា មានការបំពុលទឹកស្ទឹងសង្កែដោយក្រុមហ៊ុនចិន នៅឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។ ការចេញមកច្រានចោលនេះ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ទឹកស្ទឹងសង្កែមានសារធាតុពុលបណ្តាលមកពីការហូរចេញពីរោងចក្រចិន Phoenix Industrial CO.,LTD និងថានេះពុំមែនជាលើកទីមួយនោះទេដែល រោងចក្រមួយនេះបង្ហូរសាធាតុរាវចូលក្នុងទឹកស្ទឹងសង្កែ។
ចុះផ្សាយនៅថ្ងៃ៖ 15/06/2024 – 09:59៨ នាទី
មន្ទីរបរិស្ថាន៖ សារធាតុរាវដែលបង្ហូរចូលទឹកស្ទឹងសង្កែពីរោងចក្រចិនពុំមានសារធាតុគីមី
យោងតាមការផ្សព្វផ្សាយរបស់ហ្វេសប៊ុកឈ្មោះ សេន វីរៈ រោងចក្រចិនដែលបានបង្ហូរកាកសំណល់ពុលចូលទឹកស្ទឹងសង្កែបានធ្វើឱ្យទឹកប្រែពណ៌ជាបៃតងដែលអាចប៉ះពាល់ដល់មច្ឆាជាតិនិងជីវៈចម្រុះផ្សេងៗ ព្រមទាំងសុខភាពមនុស្សសត្វជាដើម។
ទាក់ទិននឹងការលើកឡើងនេះ មន្ទីរបរិស្ថានខេត្តបាត់ដំបងបានចេញមុខអះអាងនៅថ្ងៃទី១៣ខែមិថុនាថា ការបង្ហូរកាកសំណល់របស់រោងចក្រពុំបានធ្វើឱ្យប៉ះពាល់ដល់ទឹកក្នុងស្ទឹងនោះទេ បើតាមការយកទៅពិសោធន៍នៅ ក្រសួងបរិស្ថាន។
ផ្ទុយទៅវិញការប្រែនៃពណ៌ទឹកគឺ ត្រូវបានមន្ទីរបរិស្ថានអះអាងថា មកពីស្លែពណ៌បៃតងដែលជាធម្មតាស្លែនេះគឺមានគ្រប់ទីកន្លែងនៅក្នុងទឹកស្ទឹងប្រឡាយ។ ក្រៅពីស្លែដែលអណ្តែតលើផ្ទៃទឹកដែលមកពីត្រូវកម្តៅថ្ងៃ ត្រី និងសត្វល្អិតក្នុងទឹកមួយចំនួនគឺរស់នៅធម្មតា។
មន្ទីរបរិស្ថានខេត្តបាត់ដំបងក៏បានទាមទារឲ្យលុបចោលព័ត៌មាន ដែលបានផ្សព្វផ្សាយថា មានករណីបំពុលទឹកស្ទឹងសង្កែជាថ្មីនោះជាបន្ទាន់ បើពុំដូច្នោះទេ មន្ទីរបរិស្ថាននឹងចាត់វិធានការតាមច្បាប់ដោយមិនមានការលើកលែង។

គួរជម្រាបថា ក្រុមហ៊ុនចិន Phoenix Industrial CO., LTD គឺជាក្រុមហ៊ុនផលិតម្សៅដំឡូងមី សំបកគ្រាប់ថ្មាំ អេតាណុល ជីវគីមី និងសារធាតុបន្ថែមអាហារនៅក្នុងខេត្តបាត់ដំបង។ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនមួយនេះធ្លាប់ ធ្វើឱ្យបែកធ្លាយសំណល់រាវ ឬទឹកកខ្វក់ មានសារធាតុពុល ហូរចូលក្នុងស្ទឹងសង្កែដែលធ្វើឱ្យទឹកស្ទឹងសង្កែប្រែជាពណ៌ជាខ្មៅ និងធ្វើឱ្យត្រីមួយចំនួនបានងាប់៕