ដោយ ខាន់ លក្ខិណា
2024.06.14
RFA
(រូបឯកសារ) លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស. រូប៖ ហ្វេសប៊ុកសាលារាជធានីភ្នំពេញ 201-03-01
អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ចាត់ក្រុមអធិការឱ្យស៊ើបអង្កេតលើមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ករណីគំរាមកំហែងអ្នករត់តាក់ស៊ី។ សង្គមស៊ីវិលគាំទ្រចំណាត់ការនេះ ដោយថា ដើម្បីស្វែងរកការពិត និងយុត្តិធម៌។
តាមរយៈសារសំឡេងជិត ៣ នាទី ដែលចុះផ្សាយដោយសារព័ត៌មានគាំទ្រលោក ហ៊ុន សែន (freshnews) លោក សៅ សុខា លើកឡើងថា ការបញ្ជាឱ្យក្រុម អធិការចុះស្រាវជ្រាវលើមេបញ្ជាការរងកងរាជអាវុធហត្ថលោក ស ប៊ុនសឿងនេះ ដើម្បីស្វែងរកការពិត។
លោក សៅ សុខា៖«យើងត្រូវស្រាវជ្រាវរកពិតសិន ព្រោះយើងមិនអាចទៅដោះស្រាយបញ្ហា ដែលយើងអត់បានដឹងដំណឹង ដំណើរដើមទងវា។ យើងមិនកាន់ជើងអ្នកដែលរំលោភច្បាប់ អ្នកដែលបំពារបំពានទេ»។
ការចាត់ក្រុមអធិការកិច្ចទៅស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ វីដេអូឃ្លីបជិត ៣ នាទីលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងរឿងជម្លោះរវាងលោក ហួរ ទ្រី អ្នករត់តាក់ស៊ីនិងមេប៉េអឹមលោក ស ប៊ុនសឿង កាលពីថ្ងៃទី១១ ខែមិថុនា។
នៅក្នុងវីដេអូនោះ លោក ហួរ ទ្រី ដែលអះអាងជាអ្នករត់តាក់ស៊ីរៀបរាប់ថា លោកបានដឹកកង់ហាត់ប្រាណ និងកញ្ចក់ឱ្យលោក ស ប៊ុនសឿង ដោយយកតម្លៃចំនួន ៨ ម៉ឺនរៀល ប៉ុន្តែមេប៉េអឹមរូបនេះ ឱ្យលោកលុយតែ ៦ ម៉ឺនរៀលទៅវិញ។
លោកបន្តថា លោកបានទារលុយ ២ ម៉ឺនរៀលបន្ថែមទៀតពីលោក ស ប៊ុនសឿង ប៉ុន្តែលោកបែរជាខឹង និងគំរាមចាប់លោកថែមទៀត។
លោក ហូរ ទ្រី៖«គាត់ក៏ថា ស្អីហែងយកស្អី តម្លៃស្អី។ អត់អីទេ អញកត់លេខឡានហែងទុក អញនឹងចាប់ឡានហែង មិនឱ្យរត់នៅត្រង់ណា។ ខ្ញុំក៏បានប្រាប់ថា ផ្ទះខ្ញុំនៅភូមិផ្សារព្រំ ហើយគាត់ក៏មកមែន។ មក ៣ ទៅ ៤ នាក់គ្នាគាត់សុទ្ធប៉េអ៊ឹមហ្នឹង មករកចាប់ខ្ញុំ ពេលនោះ ខ្ញុំនៅជាមួយមេភូមិ ហើយក្រុមគ្រួសារខ្ញុំក៏នៅនោះទាំងអស់។ គាត់ស្រវ៉ាមកចាប់ខ្ញុំ ពេលនោះបងប្អូននៅផ្សារព្រំ ក៏គាត់មិនដឹងរឿងអីដែរ ខ្ញុំប្រាប់គាត់ថា រឿងលុយ ២ ម៉ឺនរៀល លោកប៉េអ៊ឹមគាត់មិនឱ្យខ្ញុំ ហើយគាត់មករករឿងខ្ញុំ មកចាប់ខ្ញុំដល់ផ្ទះតើយុត្តិធម៌នៅត្រង់ណា ហើយខ្ញុំអ្នករកស៊ី។ សួរថា ហើយខ្ញុំទៅអន់អោនឱ្យអ្នកនេះ អ្នកនោះម៉េចកើត»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង បានទេនៅថ្ងៃទី១៤ ខែមិថុនា ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី ធនធានធម្មជាតិនៃសមាគម ការពារសិទ្ធិមនុស្សអាដហុកលោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែមិថុនាថា តាមការលើកឡើងរបស់អ្នករត់តាក់ស៊ីនេះ គឺបង្ហាញពីការប្រើប្រាស់ អំណាចទៅលើប្រជាពលរដ្ឋ។
លោកគាំទ្រចំណាត់ការស៊ើបអង្កេត ប៉ុន្តែស្នើឱ្យអ្នកចុះធ្វើការងារនេះ រក្សាជំហរ កណ្ដាល ដើម្បីស្វែងរកការពិតនិងយុត្តិធម៌។ លោកថា រឿងនេះ មិនមែនប៉ះពាល់ តែបុគ្គលម្នាក់ទេ គឺអាចប៉ះពាល់ដល់អង្គភាពទាំងមូលដែរ។
លោក យិន ម៉េងលី៖«គាត់មិនគប្បីយកតួនាទីរបស់គាត់! គាត់មិនគប្បីប្រើប្រាស់តួនាទីរបស់គាត់ ទាក់ទិននឹងបញ្ហារឿងឯកជនទេ។ តួនាទីខ្ញុំចង់និយាយរឿងឈ្មោះទេ! អ៊ីចឹងតួនាទីគាត់ជាមេបញ្ជាការរឿងៗដឹកជញ្ចូនកង់ទេ។ អ៊ីចឹងអត់ត្រូវប្រើប្រាស់គាត់ ទាក់ទងបញ្ហាហ្នឹងទេ ទៅគំរាមកំហែងរហូតទៅដល់ថា ហែងរត់ឡើងទៅណាអ៊ីចឹងទៅ។ បាទ!នេះ ជាការប្រើប្រាស់។ ណាមួយខ្ញុំឃើញគាត់ដូចជាពាក់ព័ន្ធនឹងរឿងខេត្តបន្ទាយមានជ័យដែរ»។
កាលពីចុងឆ្នាំ ២០១៩ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង ធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ពីបទ «ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស» ពាក់ព័ន្ធនឹងប្រើហិង្សាលើជនសង្ស័យ ៥ នាក់ ក្នុងនោះ ជនសង្ស័យម្នាក់ឈ្មោះ ទុយ ស្រស់ បានស្លាប់នៅកន្លែងឃុំឃាំងបណ្ដោះ អាសន្ននៅខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះរូបនេះ ត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី។
ទោះបីជាលោក ស ប៊ុនសឿង ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារកាលពីចុងឆ្នាំ២០១៩ ក៏ដោយ ក៏តួនាទី និងតំណែងរបស់លោកនៅដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។