ដោយ ខាន់ លក្ខិណា
2024.06.15
RFA
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
សកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានមួយចំនួន អះអាងថា ពួកគេបារម្ភពី សុវត្ថិភាព បន្ទាប់ពីពួកគេមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាចតាមការ អូសទាញ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានសារសំឡេងបែកធ្លាយដែលគេសង្ស័យថា ជាសំឡេងរបស់លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីនិងក្រុមអតីត សកម្មជនបក្សប្រឆាំង ដែលលោកទិញទឹកចិត្តបានត្រូវចុះទៅមូលដ្ឋាន ដើម្បីវាយកម្ទេចកម្លាំងគណបក្សប្រឆាំង កុំឱ្យនៅទើសមុខទើសមាត់លោកតទៅទៀត។
មន្ត្រីនិងសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានមួយចំនួន លើកឡើងថា ពួកគេរងសម្ពាធ ការបង្ខិតបង្ខំនិងគំរាមកំហែងពីក្រុមមនុស្សរបស់លោក ហ៊ុន សែន ដែលបានចុះទៅអូសទាញពួកគេដល់ផ្ទះ ដើម្បីឱ្យចុះចូលជាមួយគណបក្ស ប្រជាជនកម្ពុជា។
មន្ត្រីគណបក្សប្រឆាំងនៅខេត្តកំពង់ចាម សុំមិនបញ្ចេញឈ្មោះ និងសំឡេងប្រាប់ វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែមិថុនា ថា ក្រោយពីមានបញ្ជារបស់លោក ហ៊ុន សែន ទាំងអាជ្ញាធរនិងក្រុមមនុស្សរបស់លោក បានចុះធ្វើការងារនេះយ៉ាងសកម្ម។
លោកថា រូបលោក និងអ្នកផ្សេងទៀតបារម្ភពីសុវត្ថិភាព ដោយសារតែមន្ត្រីគណបក្សកាន់អំណាចបន្តធ្វើទុកបុកម្នេញ បំបាក់ស្មារតី និងយាយីលើពួកគាត់ឥតស្រាកស្រាន្ត។
តាមរយៈសារសំឡេងដែលគេសង្ស័យថា ជាសម្លេងរបស់លោក ហ៊ុន សែន ជាង ១០នាទី បានផ្ញើទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រាជធានី-ខេត្ត ឱ្យធ្វើការសហការជាមួយក្រុមការងារថ្មីមួយ ដែលមានជំនាញខាងបំផ្លាញកម្លាំងគណបក្សប្រឆាំងនៅតាមមូលដ្ឋាន ដើម្បីកុំឱ្យពួកគេមានលទ្ធភាពកសាងកម្លាំងសម្រាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧។ ការបំផ្លាញនេះ ដោយលោក ហ៊ុន សែន បញ្ជាឱ្យក្រុមមនុស្សរបស់លោក ត្រូវអូសទាញកម្លាំងគណបក្សប្រឆាំងនោះ ដើម្បីយកមកគ្រប់គ្រងនិងប្រើប្រាស់តាមរយៈការផ្តល់តំណែងតួនាទីដល់ពួកគេ។
ជុំវិញរឿងនេះ អគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែមិថុនា ថា ក្រោយពីមានសារសំឡេងរបស់ប្រធាន ព្រឹទ្ធសភាលោក ហ៊ុន សែន គឺមានសកម្មជនមួយចំនួន បានចាកចេញពីគណបក្ស ភ្លើងទៀនទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។
លោកស្នើទៅគណបក្សកាន់អំណាចទម្លាក់ចោលនូវវប្បធម៌ប្រឆាំង និងបំផ្លាញ ដៃគូប្រកួតប្រជែង ហើយងាកមកអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញវិញ។
លោក លី សុធារ៉ាយុត្តិ៖ «ការចូលរួមឬ ការចាកចេញពីគណបក្សនយោបាយគឺជាការស្ម័គ្រចិត្ត ចេញពីចិត្ត ចេញពីបេះដូង ប៉ុន្តែវាចម្លែកវាគួរផ្សំនឹងការលេចចេញរបស់អ្នកនយោបាយភ្លាមៗហ្នឹង»។
ចំណែកទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន លើកឡើងថា សារសំឡេង របស់លោក ហ៊ុន សែន នេះ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍សកម្មជននយោបាយ សង្គមស៊ីវិល និងប្រជាពលរដ្ឋ។ លោកស្នើទៅមេដឹកនាំគណបក្សកាន់អំណាច បញ្ឈប់ការប្រើប្រាស់សារបំភិតបំភ័យ គំរាមកំហែង និងពាក្យអសុរោះទៅសកម្មជននយោបាយ និងសកម្មជនសង្គម ហើយងាកមកប្រកួតប្រជែកស្មើមុខគ្នា ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌។
លោក រ៉ុង ឈុន៖«ក្នុងនាមអ្នកនយោបាយខ្មែរដូចគ្នា គួរតែយើងធ្វើនយោបាយប្រកបដោយសីលធម៌ខ្ពស់ ជៀសវាងការប្រើសារឱ្យប៉ះពាល់អារម្មណ៍ទៅដល់ប្រជាពលរដ្ឋក៏ដូចជាសកម្មជននយោបាយ។ បើស្ថានភាពមិនធ្វើការកែលម្អទេ ធ្វើឱ្យការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ យើងចាត់ទុកថា ដំណើរការបោះឆ្នោតនោះ មិនសេរី មិនត្រឹមត្រូវនោះទេ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី១៥ ខែមិថុនា ដោយទូរស័ព្ទចូលតែគ្មាន អ្នកទទួល។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា ការប្រើមន្ត្រីនិងក្រុមអតីតបក្ស ប្រឆាំងទៅអូសទាញសកម្មជនបក្សប្រឆាំងនៅពេលនេះ ដោយសារលោក ហ៊ុន សែន មិនទុកចិត្តលើសមត្ថភាពកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែតថា អាចនឹងយកឈ្នះគណបក្សប្រឆាំង នៅពេលបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខ។
ពួកគេចាត់ទុកសារសំឡេងលោក ហ៊ុន សែន នេះ គឺជាភស្តុតាងបញ្ជាក់ថា ការបោះឆ្នោតខាងមុខ មិនសេរី និងយុត្តិធម៌ ខណៈការដឹកនាំរបស់ លោក និងកូនប្រុសគឺលោក ហ៊ុន ម៉ាណែត ពោរពេញដោយអំពើពុករលួយ អយុត្តិធម៌សង្គម រំលោភសិទ្ធិមនុស្ស បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបញ្ហាអសន្តិសុខសង្គមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។