ដោយ ស្ងួន អមរា
2024.06.15
RFA

អភិបាលខេត្តពោធីសាត់ លោក ខូយ រីដា។ រូប៖ ហ្វេសប៊ុកលោក ខូយ រីដា
អាជីវកម្មបូមខ្សាច់តាមដងស្ទឹង ខេត្តពោធិ៍សាត់ បង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅពលរដ្ឋ។ ពួកគាត់ថាអាជីវកម្មនេះ ធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យដែលបង្កឱ្យបាក់ច្រាំង ខូច ផ្លូវថ្នល់ និង ខូច សោភ័ណភាពស្ទឹង ដែលអាជ្ញាធរពាក់ព័ន្ធគួរតែទប់ស្កាត់ ឱ្យបានឆាប់។
សកម្មភាពបូមខ្សាច់បានបន្តកើតមានជាបន្តបន្ទាប់ នៅតាមដងស្ទឹងខេត្តពោធិ៍សាត់ ជាពិសេសស្ថិតនៅក្នុងស្រុកភ្នំក្រវាញ និងសង្កាត់លលកស ក្រុងពោធិ៍សាត់។ រីឯ ឡានដឹកខ្សាច់ធុនធ្ងន់ និងស្រាលជាច្រើនគ្រឿង បានជញ្ជូនខ្សាច់ពីស្ទឹង ដែលក្រុមឈ្មួញបូមពីស្ទឹង ស្ដុកទុកក្បែរច្រាំង បង្កឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស ដែលរស់នៅក្បែរនោះ។
ពលរដ្ឋម្នាក់រស់នៅភូមិសំរោង ឃុំសំរោង ដែលមានផ្ទះជិតនឹងការដ្ឋានបូមខ្សាច់ លោកស្រី គឹម សារ៉ុម រៀបរាប់ថា ឡានដឹកខ្សាច់បង្កឲ្យផ្លូវខូចខ្ទេចខ្ទី ហើយ លោកស្រីសង្កេតឃើញនៅរដូវភ្លៀងមកបង្កផលលំបាកដល់ការដំណើររបស់ពលរដ្ឋ។
លោកស្រី គឹម សារ៉ុម៖ «រាល់ថ្ងៃ គឺឡានបើកបន្តកន្ទុយគ្នាសុទ្ធតែឡានដឹកខ្សាច់ទាំងអស់។ ហុយប៉ះពាល់ដល់កូនខ្លះឈឺ កើតជំងឺសួតយកទៅពិនិត្យនៅមន្ទីរ។ ចាស់ៗក៏លំបាកពេលហូបបាយ ហូបនំចំណី ដូចហូបដីអ៊ីចឹង»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ លោក សេង ប៊ុនថុល និង អ្នកអភិបាលខេត្តពោធិ៍សាត់ លោក លោក ខូយ ដា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១៤ខែមិថុនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ លោក សេង ប៊ុនថុល បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីដើមខែមិថុនា ថា អាជីវកម្មបូមខ្សាច់ទាំងនោះ ធ្វើឡើងដោយស្របច្បាប់ ព្រោះ ពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលចេញពីក្រសួងរ៉ែ និងថាមពល។ រីឯ ការវាយតម្លៃពីផលប៉ះពាល់បរិស្ថានវិញ គឺពុំមានផលប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថាន ឡើយ។
នៅឯការដ្ឋានបូមខ្សាច់ឯណេះវិញ ពលរដ្ឋឱ្យដឹងថា ជារៀងរាល់ថ្ងៃ សកម្មភាពបូមខ្សាច់បង្កការរំខាន ដោយសារតែ ការដឹកជញ្ជូនទៅលក់ ទាំងយប់ទាំងថ្ងៃ ព្រោះពួកគេ មានខ្សាច់ ស្ដុកទុក គរដូចភ្នំ អមតាមមាត់ស្ទឹង។ រីឯ កន្លែងខ្លះ បានប៉ះពាល់ ផ្ទះពលរដ្ឋ ធ្វើឱ្យបាក់ស្រុត ចំណែក ទឹកស្ទឹងវិញ ប្រែជាកខ្វក់ មានពណ៌លឿងៗ ដែលពលរដ្ឋពុំអាចប្រើប្រាស់សម្រាប់ងូត និងចិញ្ចឹមសត្វ បានដូចមុន។ទាក់ទិនរឿងនេះ សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ មើលឃើញថា ការទាញយកខ្សាច់ក្នុងអាងទន្លេ ឬ ស្ទឹងជាដើម ដែលខ្វះការសិក្សាពីផលប៉ះពាល់ត្រឹមត្រូវ គឺជារឿងដែលគួរឱ្យបារម្ភ។ លោកបន្តថា កន្លងទៅ មានក្រុមហ៊ុនជាច្រើន ដែលប្រកបអាជីវកម្មបូមខ្សាច់លក់ គិតតែពី ផលប្រយោជន៍ខ្លួនឯ តែបង្កផល ប៉ះពាល់ដល់ពលរដ្ឋក្នុងមូលដ្ឋាន។
លោក លី ចាន់ដារ៉ាវុធ៖ «ករណីនេះហាមដាច់ខាតមិនឱ្យមានមន្ត្រី ឬសាច់ញាតិមន្ត្រី នៅក្នុងក្រសួងរ៉ែ និង ថាមពល ពាក់ព័ន្ធ នៅក្នុង ការបូមយករ៉ែខ្សាច់។ ចំណុចទី២ រដ្ឋាភិបាល គួរតែអនុញ្ញាតឱ្យមានការចូលពីមតិសាធារណជន រាល់គម្រោងអភិវឌ្ឍន៍ផ្សេងៗ ជាពិសេសការទាញយករ៉ែ នឹងឱ្យមានសំឡេងប្រជាជន ដើម្បីលើកឡើងពីកង្វល់របស់ពួកគាត់»។
ប្រជាពលរដ្ឋរស់នៅ ខេត្តពោធិ៍សាត់ រិះគន់អាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញពាក់ព័ន្ធថា មិនទាន់គ្រប់គ្រងធនធានខ្សាច់ក្នុងស្ទឹងពោធិ៍សាត់ បានត្រឹមត្រូវនៅឡើយ។ នៅទីតាំងខ្លះមានសកម្មភាពបូមខ្សាច់ទាំងយប់ថ្ងៃ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ បណ្ដាលឲ្យបាក់ច្រាំងស្ទឹងស្ទើរក្លាយទៅជាទន្លេសាប និងបង្កផលប៉ះពាល់ដល់ពលរដ្ឋ ខណៈធនធានខ្សាច់កាន់តែខ្សត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។