អាជ្ញាធរ​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៤​តោន

ដោយ ហ៊ុំ ចំរើន
2024.06.15
RFA

អាជ្ញាធរ​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៤​តោន

​គ្រឿងញៀន​ជាង ៤​តោន ដែលអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រៀមដុតបំផ្លាញចោល កាលពីថ្ងៃទី១៤ មិថុនា ២០២៤។ រូប៖ ហ្វេសប៊ុកអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន


អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៤​តោន ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៦៦​លាន​ដុល្លារ​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ការ​បង្ក្រាប​ដែល​ធ្វើឡើង​តែ​ទៅលើ​ជនល្មើស​តូចតាច មិន​អាច​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿងញៀន​បាន​ឡើយ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​១៤ ខែមិថុនា បាន​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង​៤​តោន​នៅ​ឡឥដ្ឋ​មួយ​កន្លែង​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ និង​គ្រឿងញៀន​ជាង​៣​តោន​ផ្សេងទៀត​នឹង​ត្រូវ​បំផ្លាញ​ដោយ​វិធីសាស្ត្រ បន្សាប​នូវ​សារធាតុ​គីមី​ផ្សំ​។ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វិរិទ្ធ បញ្ជាក់​ថា គ្រឿងញៀន​ជាង ៤​តោន​នេះ​មាន​តម្លៃ​ប្រមាណ ២២​លាន​ដុល្លារ ជា​តម្លៃ​ជួញដូរ​នៅ​លើ​ទីផ្សារ ខណៈ​តម្លៃ​ចែកចាយ​ទៅ​ដល់​ដៃ​អ្នក​ប្រើប្រាស់​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៦៦​លាន​ដុល្លារ​។ លោក មាស វិរិទ្ធ បន្ថែម​ថា គ្រឿងញៀន​ដែល​កម្លាំង​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បាន​កន្លង​ទៅ មាន​ប្រមាណ ៨៥​ភាគរយ គឺ​មាន​ប្រភព​មក​ពី​តំបន់​ត្រី​កោណ​មាស ហើយ​យក​កម្ពុជា​ធ្វើជា​តំបន់​ឆ្លង​កាត់។

លោក មាស វិរិទ្ធ ទទួល​ស្គាល់​ថា ជនល្មើស​ដែល​បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ​កន្លង​មក គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ ហើយ​ការ​បង្ក្រាប​អាច​កាត់ផ្ដាច់​ផ្នែក​ខ្លះ​របស់​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

ទោះជា​យ៉ាងណា ឃ្លាំមើល​សិទ្ធិមនុស្ស​មើល​ឃើញ​ថា អំពើពុករលួយ ការអនុវត្ត​ច្បាប់​ធូររលុង និង​កង្វះ​សមត្ថភាព​របស់​សមត្ថ​កិច្ច​មួយចំនួន នៅតែ​ជា​ឧបសគ្គ​រារាំង​ដល់​បង្ក្រាប​គ្រឿងញៀន ហើយ​កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយជា​ជម្រក​សម្រាប់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ថា លោក​សាទរ​ចំពោះ​ការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ច្រើន​បែបនេះ ប៉ុន្តែ​លោក​យល់​ឃើញ​ថា ការ​បង្ក្រាប​គ្រឿងញៀន​តែ​ទៅ​ជនល្មើស​តូចតាច​គឺ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ លោក​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​ដឹង​ពី​ប្រភព​នៃ​ចែកចាយ​គ្រឿង និង​ការ​នាំចូល​ក្ដី ក៏​អាជ្ញាធរ​នៅតែ​មិនអាច​ចាប់ខ្លួន​មេ​ក្លោង និង​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន។

លោក នី សុខា៖ «​ពិសេស​អ្នក​ជាប់ពន្ធនាគារ​ច្រើន​មែនទែន​នោះ​គឺថា ច្រើន​ដែល​អ្នកប្រើប្រាស់ ឬក៏​ជួញដូរ​តូចតាច ដែល​យើង​អាច​ហៅថា​ជនរងគ្រោះ​ទៀត​ផង​ដោយ​បញ្ហា​ហ្នឹង​។ ដោយឡែក​អ្នក​ផលិត​ទ្រង់ទ្រាយ​ធំ ឬក៏​អ្នក​ដែល​ជួញដូរ​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​មិនសូវ​ជា​មាន​ការ​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​ទេ ហើយ​បើ​ទោះជា​មានការ​ចាប់ខ្លួន​ក៏​យើង​មើល​ឃើញ​ថា តិចតួច»។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញថា រយៈពេល​ជាង​៥​ខែ ដើម​២០២៤ នេះ​កម្លាំង​សមត្ថកិច្ច​បាន បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង​៤​ពាន់​ករណី និង​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន។

កន្លងទៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ថ្លែង​ថា អ្នក​ជាប់​ពន្ធនាគារ​សរុប​ក្នុង​ឆ្នាំ​២០២៣ គឺ​មាន​ចំនួន​ជាង ៤​ម៉ឺន ២​ពាន់​នាក់ (៤២.២៣៤) ហើយ​ជាង​ពាក់កណ្ដាល នៃ​អ្នក​ជាប់ឃុំ​ទាំងនោះ គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles