អាជ្ញាធរ​រក​ឃើញ​សាច់​បង្កក​ជាង​២​ពាន់​គីឡូក្រាម​ជា​សាច់​ខូច​គុណភាព

ដោយ សេក​ បណ្ឌិត
2024.06.15
RFA

អាជ្ញាធរ​រក​ឃើញ​សាច់​បង្កក​ជាង​២​ពាន់​គីឡូក្រាម​ជា​សាច់​ខូច​គុណភាព

សាច់បង្កកដែលសមត្ថកិច្ច​រាជធានីភ្នំពេញ ចាប់​បាន​កាលពីថ្ងៃទី១៤ មិថុនា ២០២៤។ រូបហ្វេសប៊ុកស្នងការនគរបាលរាជធានីភ្នំពេញ


អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​សាច់​បង្កក់​ខូចគុណភាព​ជាង​២​ពាន់​គីឡូ​ក្រោម (២.២០០) ដែល​នាំចូល​ខុសច្បាប់​ពី​ប្រទេស​ជិតខាង នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា ក​.​ប​.​ប កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា បាន​ចុះ​បង្ក្រាប​សាច់​បង្កក់​ខូចគុណភាព​ជាង​២​ពាន់​គីឡូ​ក្រោម (២.២០០) ដែល​នាំចូល​ពី​ប្រទេស​ពី​ជិតខាង​ដឹក​តាម​រថយន្ត​ម៉ាក​ស្តារិក (Starex) យកមក​បោះ​លក់​ចែកចាយ​ឱ្យ​អាជីវករ លក់ សាច់គោ​នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ សាច់​បង្កក​ខូចគុណភាព​ទាំងនោះ​ភាគច្រើន​គឺជា សាច់គោ សាច់​ក្របី និង​សាច់​ឆ្អឹងជំនីរ​។ មន្ត្រី ក​.​ប​.​ប បាន​យក​សាច់​បង្កក​ទាំងនោះ​យក​ទៅ​ដុត​កម្ទេច​ចោល កាលពី​ថ្ងៃទី​១៣ ខែមិថុនា ចំណែក​អ្នក​បើករថយន្ត​ដឹក​សាច់​បង្កក ត្រូវ​បាន​មន្ត្រី​ជំនាញ ក​.​ប​.​ប ហៅ​ទៅ​សួរនាំ​តាម​នីតិវិធី។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​អ្នក​ចិញ្ចឹមសត្វ លោក ជួប វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ខែមិថុនា ការ​បង្ក្រាប​សាច់​បង្កក​ខុសច្បាប់​នេះ​គឺជា​ចំណែក​តូច​ប៉ុណ្ណោះ​។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​អ្នក​នាំចូល​សាច់​បង្កក​ទ្រង់ទ្រាយ​ធំ ពីព្រោះ​ការអនុវត្ត​ច្បាប់​តែ​ទៅលើ​អាជីវករ​តូចតាច​មិនអាច​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​ខុសច្បាប់​បាន​ឡើយ។

លោក ជួប វិបុល៖ «អ៊ីចឹង​ដើម្បី​អាច​ធានា​សុវត្ថិភាព​អ្នកទទួល​ទាន ក៏ដូចជា​ធានា​ដល់​ស្ថិរភាព​នៃ​ប្រកួតប្រជែង​វិស័យ​សាច់សត្វ​នេះ​រដ្ឋាភិបាល​គួរតែ​មាន​ចំណាត់ការ​តឹងរ៉ឹង​ចំពោះ​ការ​នាំ​ចូល សាច់​បង្កក​ហើយ​ប្រសិនជា​អាច​រដ្ឋាភិបាល​គួរតែ​បញ្ចប់​ទាំងស្រុង​ទៅលើ​ការ​នាំ​ចូល​សាច់​បង្កក​ដែល​មិន​មាន​ភាព​ចាំបាច់»។

របាយការណ៍​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក.ប.ប) ចេញផ្សាយ​កាល​ពី​ថ្ងៃទី​២៤ ខែ​តុលា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ ក្នុង​ឆ្នាំ​២០២៣ អាជ្ញាធរ បាន​រឹបអូស​សាច់​បង្កក​ចម្រុះ​ខូចគុណភាព មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ និង​មេរោគ​ចម្លង បាន​ជិត ២​ពាន់​តោន ដែល​ចំនួន​នេះ​មានការ​កើនឡើង ១៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

អ្នកជំនាញ​ចិញ្ចឹមសត្វ ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​រក​មន្ត្រី​ដែល​ជា​មេខ្លោង​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​សាច់​បង្កក​ខុសច្បាប់ និង​ស្នើ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​នានា​ងាក​មក​ប្រើប្រាស់​សាច់សត្វ​ក្នុងស្រុក​ជំនួស​វិញ​ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​ក្នុងស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles