ដោយ ប្រាជ្ញ ចេវ
2024.06.15
RFA

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងទៅកាន់ក្រុមយុវជនក្នុងកម្មវិធីប្រកាសលទ្ធផលនៃការធ្វើកោសល្យវិច័យខ្សែអាត់សំឡេងដែលគេចោទថា ជាសំឡេងរបស់លោក កឹម សុខា ជាមួយស្រីកំណាន់ កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០១៦។ RFA
សកម្មជន និងអ្នកឃ្លាំមើលរិះគន់ថា ការដំឡើងឋានន្តរសក្ដិឱ្យមន្ត្រីក្នុងអង្គភាពប្រឆាំងអំពើពុករលួយ គឺជាការផ្ដល់គុណសម្បត្តិ តែទៅលើអតីតភាពការងារ ដោយមិនផ្ដោតលើប្រសិទ្ធភាពការងារ និងតួនាទីរបស់ស្ថាប័នឡើយ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចដំឡើងឋានន្តរសក្ដិដល់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ជាង ១០០នាក់។
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ហៅ អាឡិច ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែមិថុនា ថា ការដំឡើងថ្នាក់ និងឋានន្តរសក្ដិ ដល់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ជាចង្កោមបែបនេះ ហាក់មិនសមាមាត្រទៅនឹងប្រសិទ្ធភាព ដែលស្ថាប័នមួយនេះ សម្រេចបាននោះឡើយ។ លោកលើកឡើងថា ការដំឡើងឋានន្តរសក្ដិនេះ គួរតែផ្ដល់ឱ្យចំពោះមន្ត្រីរូបណា ដែលមានស្នាដៃបកអាក្រាតករណីអំពើពុករលួយជាលក្ខណៈទ្រង់ទ្រាយធំ ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ និងអ្នកមានអំណាចជាដើម។
លោក អាឡិច៖ «អ៊ីចឹងដំណោះស្រាយត្រូវបង្កើតឡើងវិញ ត្រូវរំលាយអង្គភាពបច្ចុប្បន្ននេះដែលជាអង្គភាពក្រុមចាប់ជំរិតអីជាដើម ឧក្រិដ្ឋជនហ្នឹង ត្រូវរំលាយ ហើយត្រូវបង្កើតថ្មីដោយមានយន្តការដាច់ដោយឡែក ឯករាជ្យ សេចក្ដីក្លាហាន ជាមួយនឹងគុណភាព។ បើសិនជាមិនធ្វើអ៊ីចឹងទេ កាលណាបន្ត ACU ដូចសព្វថ្ងៃនេះ គ្រាន់តែជាការចំណាយថវិកាជាតិឥតប្រយោជន៍ និងគ្រាន់តែពង្រឹងយន្តការទុច្ចរិត»។
ការលើកឡើងរបស់សកម្មជនរូបនេះ ធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ ខែឧសភា បានសម្រេចដំឡើងឋានន្តរសក្ដិប្រចាំឆ្នាំ ដល់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៩៧រូប ឱ្យឡើងទៅថ្នាក់លេខ១ និងវរមន្ត្រីថ្នាក់លេខ៤។ ដោយឡែក ព្រះរាជក្រឹត្យមួយទៀត ចុះថ្ងៃទី១៦ ខែឧសភា បានដំឡើងថ្នាក់ និងឋានន្តរសក្ដិប្រចាំឆ្នាំ ដល់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន៤៦រូប បន្ថែមទៀត ឱ្យឡើងជាឧត្ដមមន្ត្រីថ្នាក់លេខ១ រហូតដល់ថ្នាក់លេខ៦។
ទោះជាបែបនេះក្ដី កន្លងមកអ្នកឃ្លាំមើល រិះគន់ អង្គភាពប្រឆាំងអំពើពុករលួយ នេះថាមិនបានបំពេញតួនាទីរបស់ខ្លួន ក្នុងនោះមន្ត្រីជាន់ខ្ពស់របស់អង្គភាពប្រឆាំងអំពើពុករលួយ មួយចំនួន ថែមទាំងមានឈ្មោះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងប្រព្រឹត្តិអំពើពុករលួយដោយខ្លួនឯង ថែមទៀត។ ជាក់ស្ដែង កាលពីឆ្នាំ២០១៦ កូនប្រុសរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ពីរនាក់ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង លោក យ៉ិនទៀង ពុទ្ធិរ៉ា ត្រូវបានតែងតាំងជាជំនួយការអង្គភាពប្រឆាំងអំពើពុករលួយ មានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៅក្នុងស្ថាប័នរបស់ឪពុកខ្លួន។
ដោយឡែក ករណីពុករលួយមួយទៀត នោះគឺ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ស៊ាន បូរ៉ាត កំពុងរងនូវការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកលុយប្រមាណជាង ៣០០លានដុល្លារ ជាមួយម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី (Brilliant City) របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រោយបែកធ្លាយរូបថតស្និទ្ធស្នាលជាមួយគ្នាជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១៤ ខែមិថុនា។
ទាក់ទិនរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ប្រសិទ្ធភាពការងារ របស់ ACU ហាក់មិនទាន់ឆ្លើយតប ទៅនឹងការរកឃើញ និងការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិ អំពីចំណាត់ថ្នាក់ នៃអំពើពុករលួយនៅកម្ពុជា នោះទេ។
លោក សេក សុជាតិ ៖ «ចំណុចដែលខ្ញុំចង់ឃើញខ្លាំងជាងគេបំផុត គឺស្ថាប័ននេះមានភាពឯករាជ្យ។ ហើយប្រសិនបើស្ថាប័ននេះ ក្លាយជាស្ថាប័នឯករាជ្យ ខ្ញុំជឿជាក់ថា បញ្ហាអំពើពុករលួយនៅកម្ពុជា អាចនឹងទប់ស្កាត់បានច្រើន។ ក៏ប៉ុន្តែប្រសិនបើស្ថាប័ននេះ មិនទាន់មានភាពឯករាជ្យពេញលេញទេ ហើយនៅច្របូកច្របល់ជាមួយនឹងនយោបាយ អ៊ីចឹងខ្ញុំនៅតែយល់ឃើញថា បញ្ហាទាំងអស់នេះ វានៅតែជាបញ្ហា ដែលពិបាកនៅក្នុងការដោះស្រាយបញ្ហាអំពើពុករលួយនៅកម្ពុជាណាស់»។
នៅឆ្នាំ២០២៤ នេះ រដ្ឋាភិបាល បានអនុម័ត ផ្ដល់ថវិកាចំណាយចរន្តចំនួនជាង ៥ម៉ឺនលានរៀល(៥២.៥៤៩) ឬស្មើនឹងជាង ១២លាន ៧សែនដុល្លារ ដល់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់អំពើពុករលួយនៅកម្ពុជា ផងដែរ។
របាយការណ៍ អង្គការតម្លាភាពអន្តរជាតិ (Transparency International) ក្នុងឆ្នាំ២០២៣ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២២ ដោយធ្លាក់មកនៅចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោមប្រទេសចំនួន ១៨០។ ចំណាត់នេះទាបជាងឆ្នាំ២០២២ ដែលកម្ពុជាជាប់លេខ ១៥០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។