អ្នកភូមិ​ធ្លកត្រាំកង់​ខេត្ត​សៀមរាប​ភាគច្រើន​បង្ខំចិត្ត​ឱ្យ​កូន​ឈប់​រៀន​ដោយសារ​ជីវភាព​ខ្វះខាត​និង​បញ្ហា​បំណុល

ដោយ យ៉ង ចាន់តារា
2024.06.15
RFA

អ្នកភូមិ​ធ្លកត្រាំកង់​ខេត្ត​សៀមរាប​ភាគច្រើន​បង្ខំចិត្ត​ឱ្យ​កូន​ឈប់​រៀន​ដោយសារ​ជីវភាព​ខ្វះខាត​និង​បញ្ហា​បំណុល

ទិដ្ឋភាព​សិស្សសាលា​បឋមសិក្សា​ធ្លកត្រាំកង់ ស្រុក​ស្រីស្នំ ខេត្តសៀមរាប កាលពី​អំឡុង​ខែធ្នូ ២០២៣។ រូបពលរដ្ឋផ្ដល់ឲ្យ


ពលរដ្ឋ​ភាគ​ច្រើន​រស់នៅ​ក្នុង​ភូមិ​ធ្លកត្រាំកង់​ខេត្តសៀមរាប បាន​បង្ខំចិត្ត​ឱ្យ​កូនចៅ​ឈប់​រៀន តាំង​ពី​កម្រិត​បឋម​រហូត​ដល់​វិទ្យាល័យ ដើម្បី​ឱ្យ​ពួកគាត់​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ និង​ដើរ​ស៊ីឈ្នួល​គេ​រក​ប្រាក់​កម្រៃ​ដោះបំណុល។

អាជ្ញាធរ​មូលដ្ឋាន​បារម្ភ​ពី​អនាគត​កុមារ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នេះ​ដោយ​មាន​កុមារ​ខ្លះ​ទៀត​មាន​ដុង​រៀន​ពូកែ​តាំងពី​កំណើត ក៏ប៉ុន្តែ​គ្មាន​ឱកាស​សិក្សា​បាន​ខ្ពង់ខ្ពស់ ជួយ​សង្គម​ជាតិ។

ភូមិ​ធ្លកត្រាំកង់​ឋិត​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​ក្នុងស្រុក​ស្រីស្នំ​ខេត្តសៀមរាប ដែល​ពលរដ្ឋ​ភាគច្រើន​រស់នៅ​ទីនោះ​កន្លងទៅ មាន​ជីវភាព​ធូរធារ ដោយសារ​សម្បូរ​ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ និង​រក​អនុផល​ព្រៃឈើ​ចិញ្ចឹមជីវិត។

ក៏ប៉ុន្តែ​នៅ​រយៈពេល​ជិត ១​ទសវត្សរ៍​កន្លង​ទៅ​នេះ ព្រៃឈើ​ក្នុង​តំបន់​នោះ​បាន​ប្រែក្លាយ​ជា​ដី​វាល​ធំ​ស្កឹមស្កៃ និង​ដីចម្ការ​គ្រប់គ្រង​កម្មសិទ្ធិឯកជន​ស្ទើរ​ទាំងស្រុង​។ បញ្ហា​ទាំងអស់​នេះ​ហើយ ធ្វើ​ឱ្យ​អ្នកភូមិ​ភាគច្រើន​ធ្លាក់ខ្លួន​ក្រីក្រ​ធ្វើ​ចំណាកស្រុក​ជំពាក់​បំណុល​ធនាគារ ជះឥទ្ធិពល​មិនល្អ​ដល់​ការសិក្សា​របស់​កុមារ និង​យុវជន។

គ្រូបង្រៀន​ថ្នាក់​ទី​០៦ នៃ​សាលាបឋមសិក្សា​ធ្លកត្រាំកង់​លោក សារេន ទុំ មាន​បទពិសោធន៍​បង្រៀន ១៧​ឆ្នាំ​មក​ហើយ លោក​សោកស្តាយ​សិស្ស​ជាច្រើន​ឈប់​រៀន​វ័យក្មេង​។ លោក​សង្កេត​ឃើញ​ថា អត្រា​កុមារ​បោះបង់​ការសិក្សា​នៅ​ទី​ជនបទ​កើនឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ ដោយសារ​ជីវភាព​ក្រីក្រ និង​បញ្ហា​បំណុល​។ រីឯ​ឪពុកម្ដាយ​មួយ​ចំនួន​ទៀត​បាន​បង្ខំ​ឱ្យ​ពួកគាត់​ឈប់​ព្រោះ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលា ម្យ៉ាង​ទៀត​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា​ផង។

លោក​បារម្ភ​ថា ប្រសិនបើ​កុមារ​ឈប់​រៀន​កើន​ឡើង​ច្រើន នោះ​សង្គម​ជាតិ​នឹង​បាត់បង់​ធនធាន​មនុស្ស​នា​ថ្ងៃ​អនាគត។

លោក សារេន ទំ៖ «ទាក់ទង​នឹង​សិស្ស​បោះបង់​ការសិក្សា​បញ្ហា​ចម្បង​គឺ​ដោយសារតែ​ភាព​ក្រីក្រ​ទើប​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​បញ្ឈប់​ត្រឹម​ថ្នាក់​ទី​៥ និង​ថ្នាក់​ទី​៦ ជាពិសេស​នៅពេល​ឡើង​ថ្នាក់​អនុវិទ្យាល័យ​ពួកគេ​ភាគច្រើន​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​ព្រោះ​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​ពេក​ពិបាក​ក្នុង​ការ​ទៅមក ទើប​សម្រេចចិត្ត​ឈប់​រៀន​តែម្តង»។

លោក សារេន ទុំ បន្ថែម​ទៀត​ថា ឪពុក​ម្តាយ​សិស្ស​ខ្លះ​អូសទាញ​ឱ្យ​កូនចៅ​របស់​ពួកគាត់ ជួយ​ធ្វើ​ការងារ​ស្រែចម្ការ​នៅ​តំបន់​ឆ្ងាយៗ​ធ្វើ​ឱ្យ​សិស្ស​អវត្តមាន​ច្រើន ហើយ​ការរៀនសូត្រ​ក៏​មិន​ទៀងទាត់​ដែរ​។ ប្រការ​នេះ​ហើយ ធ្វើ​ឱ្យ​សិស្ស​បោះបង់​ការ​សិក្សា​ដោយ​ខ្លួនឯង​។ ចំណែកឯ​សិស្ស​ខ្លះទៀត​មាន​ជីវភាព​ធូរធារ ក៏ប៉ុន្តែ​ពួកគេ​មិន​ខិតខំ​រៀនសូត្រ ដោយសារ​ពួកគាត់​ឃើញ​អ្នក​ជំនាន់​មុនៗ​រៀន​បាន​ខ្ពង់ខ្ពស់ ក៏ប៉ុន្តែ​គ្មាន​ការងារ​ធ្វើ។

គ្រូបង្រៀន​ម្នាក់ទៀត លោក រើង ផាត់ ថ្លែង​ថា បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ដែល​ធ្វើ​ឱ្យ​យុវជន​បោះបង់​ការសិក្សា គឺ​មកពី​អាណាព្យាបាល​មិនសូវ​យកចិត្តទុកដាក់​លើ​ការសិក្សា​របស់​កូនៗ​។ ម្យ៉ាងទៀត​បញ្ហា​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក ទៅ​ប្រទេស​ថៃ​ក៏​ជា​ផ្នែក​មួយ​រុញច្រាន​ឱ្យ​កុមារ​និង​យុវជន​បោះបង់​ការសិក្សា​ដែរ ព្រោះ​ពួកគាត់​នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ។

លោក រើង ផាត់៖ «សិស្ស​ភាគច្រើន​ពួកគេ​មិន​បាន​រៀនសូត្រ ហើយ​សិស្ស​ខ្លះ​រៀន​ពូកែ​ឆ្លាត​ប៉ុន្តែ​ពួកគេ​បែរជា​គ្មាន​ឱកាស​ក្នុង​ការ​រៀនសូត្រ​ទៅវិញ​។ ពេលខ្លះ​មក​រៀន​បាន​ពីរ​បី​ថ្ងៃ​ក៏​ត្រូវ​ឈប់​ទៀត ហើយ​ពួកគេ​ផ្ទាល់​ក៏​មិន​ចង់​ឈប់​រៀន​បែប​នេះ​ទេ»។

ឆ្លើយតប​រឿង​នេះ មេភូមិ​ធ្លកត្រាំកង់លោក ទុយឡាម មាន​ប្រសាសន៍​ថា អាជ្ញាធរ​ភូមិ​តែងតែ​អប់រំ​ណែនាំ​ពលរដ្ឋ ដោយ​ជំរុញ​ឱ្យ​ពួកគាត់​លើកទឹកចិត្ត​ឱ្យ​កូនចៅ​រៀន​បាន​ខ្ពង់ខ្ពស់​ដើម្បី​អនាគត​គ្រួសារ​និង​សង្គមជាតិ ហើយ​កន្លងទៅ​លោក​បាន​ហាមប្រាម​ឪពុក​ម្តាយ​កុំ​បង្ខំ​កូនៗ បោះបង់​ការសិក្សា ដើម្បី​ប្រញាប់​រៀបការ​ព្រោះ​អាច​ប៉ះពាល់​អនាគត​ពួកគាត់។

តែ​យ៉ាងណា​លោក​ថា តំបន់​ដាច់ស្រយាល​នេះ សិស្ស​ដែល​ឈប់​រៀន ភាគច្រើន​ដោយសារ​ផ្ទះ​ពួកគាត់​នៅ​ឆ្ងាយ​ពី​សាលា​អនុវិទ្យាល័យ​។ រីឯ​កុមារ​ខ្លះទៀត ពួកគាត់​ត្រូវ​ទៅតាម​ឪពុក​ម្តាយ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​សិស្ស​ខ្លះ ឪពុក​ម្តាយ​ផ្ញើ​នឹង​សាច់​ញាតិ​បងប្អូន​នៅផ្ទះ។

លោក ទុយ ឡាម៖ «ចង់ឱ្យ​ខាងលើ​ជួយ​ជំរុញ និង​មាន​វិធានការ​ធ្វើ​យ៉ាងណា​ឱ្យ​គាត់​រៀនសូត្រ​បាន​ជាប់។ គ្រួសារ​គាត់​មាន​ជីវភាព​លំបាក​មែន តែ​ខាងលើ​រក​មធ្យោបាយ​យ៉ាងណា​ជួយ​គាត់​ឱ្យ​បាន​រៀនសូត្រ»។

មេភូមិ​រូប​នេះ​បន្ថែម​ថា មាន​ឪពុកម្ដាយ​ខ្លះ​មានកូន​រៀន​ពូកែ ប្រឡង​ជាប់​ដល់​អាហារូបករណ៍ តែ​ដាច់​ចិត្ត​ឱ្យ​កូន​ឈប់​រៀន។

ជាមួយ​គ្នា​នេះ​ដែរ លោក​ថា ក្នុងភូមិ​របស់​លោក ភាគរយ​សិស្ស​រៀន​ដល់​កម្រិត​ឧត្តមសិក្សា ឬ​ដល់​ថ្នាក់​បរិញ្ញាបត្រ​មាន​អត្រា​ត្រឹមតែ ០.១​ភាគរយ​តែប៉ុណ្ណោះ។

របាយការណ៍​អាជ្ញាធរ​ភូមិ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ ភូមិ​ធ្លកត្រាំកង់ នៃ​ឃុំ​ស្លែងស្ពាន ស្រុក​ស្រីស្នំ មាន​ប្រជាជន​រស់នៅ​សរុប​ជាង​៣០០​គ្រួសារ (៣០៤) និង​មាន​ពលរដ្ឋ​ជាង ១​ពាន់ ៥​រយ​នាក់​(១៥៤០)​។ អ្នកភូមិ​ភាគច្រើន​ប្រកបមុខរបរ​កសិកម្ម និង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ទាក់ទង​បញ្ហា​នេះ​ដែរ យុវជន​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​ធ្លក​ត្រាំកង់ គឺ លោក យុត រតនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩ ដើម្បី​ជួយ​ធ្វើ​ការងារ​ឪពុកម្ដាយ​។ លោក​ថា ប្រសិនបើ​លោក​បន្ត​រៀន​ទៀត គ្មាន​អ្នក​ជួយ​ការងារ​ធ្វើស្រែ​ចម្ការ​ទេ។

លោក យុត រតន៖ «ខ្ញុំ​មិនដែល​បាន​ទៅ​ថៃ​ផង គឺ​ឈប់​រៀន​ខ្លួនឯង​ហើយ​បង​បាន​ប្រពន្ធ​ទៅ​អត់​មាន​នរណា​ប្រើ​ត្រាក់ទ័រ។ បើ​អ្នកផ្ទះ​ខ្ញុំ​គាត់​អស់​ត្រឹម​នេះឯង​បើ​មិន​ឈប់​រៀន​ក៏​អត់​មាន​នរណា​ធ្វើ​អី​ទេ»។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់​ថា រដ្ឋាភិបាល​នៅ​មិនទាន់​អស់​លទ្ធភាព​អនុវត្ត​គោលនយោបាយ​ពង្រឹង​វិស័យ​អប់រំ​ឱ្យ​ល្អ​ប្រសើរ​នៅឡើយ​ទេ ព្រោះ​អត្រា​បោះបង់​ការសិក្សា​របស់​សិស្ស​នៅ​ទី​ជនបទ​នៅតែ​កើត​មាន​ច្រើន​។ អ្នកស្រី​បន្ថែម​ថា យុទ្ធសាស្ត្រ​លើកកម្ពស់​វិស័យ​អប់រំ​របស់​រដ្ឋាភិបាល​នឹង​បរាជ័យ ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​គ្មាន​វិធានការ​ដោះស្រាយ​បញ្ហា​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​នោះ។

លោក​សង្កត់ធ្ងន់​ថា អំពើពុករលួយ អាច​ជា​ដើមចម​ធ្វើ​ឱ្យ​ការ​អនុវត្ត​គោលនយោបាយ​របស់​ក្រសួង​អប់រំ​ដើរ​យឺត និង​គ្មាន​ប្រសិទ្ធភាព​ខ្ពស់។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «អ៊ីចឹង​អ្វី​ដែល​ចេញ​អនុសាសន៍​និង​យុទ្ធសាស្ត្រ​ទៅ​ហើយ គួរតែ​អនុវត្ត​ទៅ កាត់បន្ថយ​អំពើពុករលួយ​បក្សពួកនិយម និង​ដក​នាយក​ណា​ដែល​ពុករលួយ​ចេញ​ត្រូវ​រក​អ្នកណា​ដែល​ធ្វើ​ឱ្យ​ការសិក្សា ការ​អប់រំ​បាន​ប្រសើរ​ឡើង»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោកស្រី ឃួន វិច្ឆិកា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១៤ មិថុនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ក្នុងភូមិ​ធ្លកត្រាំ​កង់ ស្រុក​ស្រីស្នំ មាន​សាលាបឋមសិក្សា ០១ កន្លែង ដោយមាន​សិស្ស​រៀន​សរុប ៣០២ នាក់ ក្នុង​ឆ្នាំ​សិក្សា ២០២៤ -២០២៥ និង​មាន​អាគារ ៣​ខ្នង និង ៩ បន្ទប់​។ ក្រោយពី​សិស្ស​រៀន​ចប់​សាលាបឋមសិក្សា​មួយ​នេះ នឹង​ត្រូវ​បន្ត​សិក្សា​នៅ​អនុវិទ្យាល័យ​ចម្ការ​ចេក មាន​ចម្ងាយ ០៩ គីឡូម៉ែត្រ ពី​សាលាបឋមសិក្សា​ធ្លកត្រាំកង់។

របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញផ្សាយ កាល​ពី​ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា មាន​កត្តា ៤ ធ្វើ​ឱ្យ​សិស្ស​បោះបង់​ការសិក្សា​គឺ​ខ្វះ​ការ​លើកទឹកចិត្ត​រៀនសូត្រ កត្តា​គ្រួសារ​មាន​ជីវភាព​ក្រីក្រ សាលារៀន​គ្មាន​វិធីសាស្ត្រ​ទាក់ទាញ និង​កត្តា​សហគមន៍​ខ្វះ​ការ​លើកទឹកចិត្ត​ដល់​សិស្ស​ក្រីក្រ៕

What Next?

Recent Articles