ដោយ វិទ្យុអាស៊ីសេរី
2024.06.16
RFA
#រូបត្លុកនយោបាយ៖ ព្រែកជីកហ្វូណនតេជោ៖ គម្រោងរួមរបស់ជាតិ ឬរបស់ត្រកូល «ហ៊ុន»? រូប៖ RFA
ទាំងនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត និងទាំងឪពុក គឺលោក ហ៊ុន សែន សុទ្ធតែប្រកាសថាការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺដើម្បីបម្រើឱ្យផលប្រយោជន៍កម្ពុជា និងប្រជាជនជាលក្ខណៈយូរអង្វែង។ ក៏ប៉ុន្តែ មិនខុសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ព្រែកជីកហ្វូណនតេជោ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រែក្លាយដើម្បីកេងចំណេញនយោបាយ ដោយដាក់ឈ្មោះ និងយកថ្ងៃកំណើតឪពុកលោកមកធ្វើជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកនេះ។ លោកបានសម្រេចផ្លាស់ប្ដូរកាលបរិច្ឆេទនៃការសាងសង់ព្រែកជីកនេះពីចុងឆ្នាំ មកឱ្យចំនឹងថ្ងៃកំណើតឪពុកលោកគឺនៅថ្ងៃទី០៥ ខែសីហា។ អ្នកវិភាគមួយចំនួន មើលឃើញថា លោក ហ៊ុន ម៉ាណែត យកថ្ងៃខួបកំណើតឪជាថ្ងៃសង់ព្រែកជីកហ្វូណនតេជោ គឺក្នុងគោលបំណងដើម្បីឱ្យពលរដ្ឋ «ដឹងគុណ» ត្រកូល «ហ៊ុន» និងបង្ហាញពីមរតកនយោបាយរបស់លោក ហ៊ុន សែន។
ទន្ទឹមនឹងនេះ គម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងឪពុក ដុតបញ្ឆេះឱ្យក្លាយជារឿងរ៉ាវជាតិនិយម ក្រោយមានប្រតិកម្មពីវៀតណាមរិះគន់ពីផលប៉ះពាល់បរិស្ថាន និងថាចិនអាចប្រើប្រាស់គម្រោងនេះដើម្បីបម្រើផលប្រយោជន៍យោធា។ ការណ៍នេះ ត្រូវគេមើលឃើញថា ដោយសារតែរដ្ឋាភិបាលចង់បង្វែរស្ថានការណ៍ព្រោះតែអសមត្ថភាពមិនអាចដោះស្រាយបញ្ហាអសកម្មជាច្រើនក្នុងស្រុក ដូចជាបញ្ហាធ្លាក់ចុះដុនដាបផ្នែកសេដ្ឋកិច្ច បញ្ហាអត់ការងារធ្វើ បញ្ហាគ្រឿងញៀន បញ្ហាធ្លាក់ចុះដុនដាបផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងបញ្ហាចាក់ស្រេះជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។