អ្នកឃ្លាំមើល​រិះគន់​ប្រព័ន្ធ​តុលាការ​មិន​ចាត់​ការ​រឿង​លោក ហ៊ុន សែន បញ្ជា​កូនចៅ​ប្រើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង

ដោយ ច័ន្ទ ដារ៉ូ
2024.06.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​រិះគន់​ប្រព័ន្ធ​តុលាការ​មិន​ចាត់​ការ​រឿង​លោក ហ៊ុន សែន បញ្ជា​កូនចៅ​ប្រើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៤ ឧសភា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ប្រព័ន្ធ​តុលាការ​ថា អនុវត្ត​ច្បាប់​លម្អៀង​ដោយ​មិន​បើក​ការ​ស៊ើបអង្កេត​រឿង​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ខ្នង​នៃ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក។ ពួកគេ​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​បែប​នេះ​ធ្វើ​ឱ្យ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​បន្ត​កើតឡើង​នៅ​ក្នុង​សង្គម ពីព្រោះ​ជន​ប្រព្រឹត្ត​មិន​ត្រូវ​បាន​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​បក្ស​កាន់អំណាច​កម្ទេច​កម្លាំង​គណបក្សប្រឆាំង​នៅ​តាម​មូលដ្ឋាន​តាម​សារ​សំឡេង​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​បក្សប្រឆាំង និង​អ្នកឃ្លាំមើល​ចាត់ទុក​សារ​សំឡេង​របស់ លោក ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​ដៃជើង​គំរាមកំហែង និង​ប្រើ​ហិង្សា​លើ​សមាជិក​បក្សជំទាស់​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​​នាំ​ឱ្យ​មាន​​ទង្វើ​​ជាក់ស្តែង​​ទៀត​នោះ​​គឺ​ជា​ភស្តុតាង​ដ៏​សំខាន់​បង្ហាញ​ថា​លោក​រំលោភ​បំពាន​ទាំង​គោលការណ៍​ច្បាប់  សិទ្ធិពលរដ្ឋ និង​នយោបាយ​ធ្ងន់ធ្ងរ​ដែល​តុលាការ​ត្រូវ​ចាត់ការ​តាម​នីតិ​វិធី។


ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ថ្លែង​ថា ការណ៍​ដែល​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ ដោយ​បណ្តោយ​ឱ្យ​លោក ហ៊ុន សែន នៅ​ក្រៅ​សំណាញ់​ច្បាប់​គឺ​បង្ហាញ​កាន់តែ​ច្បាស់​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។ លោក​បញ្ជាក់​ថា​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​សង្គម​បែកបាក់​ ពលរដ្ឋ​លែង​មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់ ហើយ​ជន​ប្រព្រឹត្ត​នឹង​បន្ត​ប្រើ​អំណាច​ដើរ​គំរាមកំហែង បង្ក​ហិង្សា​លើ​អ្នកដទៃ​លែង​ដឹង​ខុស​ត្រូវ​ត​ទៅ​ទៀត។

លោក ម៉ន ផល្លា៖ « តុលាការនៃ​របប​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​គឺ​មិន​ឯករាជ្យ​ទេ កិច្ចការ​ទាំងអស់​ធ្វើ​ទៅ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។ អ៊ីចឹង​ខ្ញុំ​យល់​ថា​អនាគត​កម្ពុជា របប​ដឹកនាំ​ដោយ​ឪ​កូន​នេះ​គឺ​ធ្វើ​ឱ្យ​កម្ពុជា​យើង​មាន​អំពើ​​អសីលធម៌​កើតឡើង​​​ក្នុង​សង្គម​កាន់តែ​កើន​ឡើង​ថែមទៀត»។

ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​សារ​សំឡេង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ដែលគេ​អះអាង​ថា​ជា​សារ​របស់​លោក ហ៊ុន សែន មេ​បក្ស​កាន់អំណាច​បញ្ជា​ឱ្យ​ក្រុមការងារ​​ពិសេស​របស់​លោក​អនុវត្ត​ផែនការ​កម្ទេច​កម្លាំង​គណបក្សប្រឆាំង​នៅ​តាម​មូលដ្ឋាន ដើម្បី​កុំ​ឲ្យ​មាន​លទ្ធភាព​កសាង​កម្លាំង​សម្រាប់​ចូលរួម​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០២៧។ សារ​សំឡេង​បែក​ធ្លាយ​រយៈពេល​ជាង១០នាទី​ដែល​ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook)ចែកចាយ​ព្រោងព្រាត​នោះ លោក ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​បក្ស​របស់​លោក​និង​ក្រុម​អតីត​សកម្មជន​បក្សប្រឆាំង​ដែល​លោក​ទិញ​ទឹកចិត្ត​បាន​ត្រូវ​ចុះ​ទៅ​មូលដ្ឋាន ឬ​ហៅ​ថា យក​សត្វ​លលក​ទៅ​ទាក់​លលក និង​ងើប​មួយ​វាយ​មួយ ដើម្បី​​កម្ទេច​កម្លាំង​គណបក្សប្រឆាំង កុំ​ឲ្យ​នៅ​ទើស​មុខ​ទើស​មាត់​លោក​ត​ទៅ​ទៀត។

លោក ហ៊ុន សែន៖ «បំផ្លាញ​កម្លាំង​ពួក​ប្រឆាំង​កុំ​មាន​កម្លាំង​សម្រាប់​ប្រើ បើ​អែ​ប្រឆាំង​ងើប​មួយ​វាយ​មួយ ហើយ​ចូល​មួយ​ទាញ​មួយ ហើយ​ទាញ​​មួយ​ឱ្យ​អ្នក​ហ្នឹង​ទៅ​ទាញ​បន្ត​ទៀត គឺ​​ថា​​តាម​វិធី​យក​លលក​ទាក់​លលក កុំ​យក​ដំរី​ទៅ​ទាក់​កូន​ខ្លា ឬ​យក​ដំរី​ទាក់​លលក យក​នាគ​រាជ​ទៅ​លលក​អត់​ត្រូវ​ទេ អ៊ីចឹង​សូម​យក​ចិត្តទុកដាក់​ធ្វើ​កិច្ច​ការងារ​ហ្នឹង​ឱ្យ​បាន​ល្អ​បំផុត សង្ឃឹម​ថា​ឯកឧត្តម លោកជំទាវ​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​ម៉ត់ចត់ ហើយ​នៅ​មាន​យន្តការ​មួយចំនួន​ជំនាញ​ខាង​រក​មុខសញ្ញា​សម្រាប់​វាយ​តែម្តង មុខ​សញ្ញា​ណា​រឹង​ចូល​វាយ​តែម្តង អូសទាញ​បើ​មិន​មក​គឺ​ថា​បំផ្លាញ​ជើង​ក្រោម​ចោល​តែម្តង »។

អ្នកឃ្លាំមើល​ចាត់ទុក​សារ​សំឡេង​នេះ​គឺ​ជា​ការ​គំរាមកំហែង និង​ជា​ការ​រំលោភច្បាប់​ធ្ងន់ធ្ងរ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ដែល​ធានា​ថា​ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ដោយ​គ្មាន​ការ​គំរាមកំហែង និង​ការ​បង្ខិតបង្ខំ។

ជុំវិញ​រឿង​នេះ អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​សង្គម​លោក ស៊ឹង សែនករុណា លើកឡើង​ថា​គោលការណ៍​ច្បាប់​គឺ​អ្នក​ដែល​ផ្ដួចផ្ដើម​គំនិត និង​អ្នកធ្វើ​សកម្មភាព​នាំ​ឱ្យ​កើត​អំពើ​ហិង្សា ឬ​ការ​គំរាមកំហែង​ជាដើម តុលាការ និង​នគរបាល​យុត្តិធម៌​ត្រូវ​ធ្វើ​ការស្រាវជ្រាវ និង​ចាប់​អ្នក​ប្រព្រឹត្ត​ដើម្បី​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់ និង​ទប់ស្កាត់​កុំ​អំពើ​ទាំងនោះ​​​កុំ​ឱ្យ​កើតឡើង​សាជាថ្មី។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ស្ថាប័ន​ទាំងនេះ​មិន​ហ៊ាន​បើក​ការស៊ើបអង្កេត​ជុំវិញ​សារ​សំឡេង​ដែល​គេ​សង្ស័យ​ពាក់ព័ន្ធ​មេដឹកនាំ​បក្ស​កាន់អំណាច​​​ដែល​​ជះឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ដែល​ធ្វើ​ឱ្យ​អំពើ​ល្មើស​នោះ​បន្ត​កើត​ឡើង​ឥត​ឈប់ឈរ។  

លោក ស៊ឹង សែនករុណា៖ «កម្ពុជា​មាន​ច្បាប់​អត់​យក​ទៅ​អនុវត្ត​ទៅលើ​ជន​ដែល​ប្រព្រឹត្ត​នូវ​បទល្មើស អ៊ីចឹង​សួរ​ថា​ច្បាប់​បង្កើត​ឡើង​មក​ដើម្បី​​ន័យ​អ្វី​ទៅ ដើម្បី​យក​ទៅ​បម្រើ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ អ៊ីចឹង​សួរ​ថា​តើ​វា​មាន​យុត្តិធម៌​ទេ គឺ​អត់​មាន​យុត្តិធម៌ អ៊ីចឹង​បញ្ហា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​មិន​អាច​​ឱ្យ​យើង​ឃើញ​ថា​ហ៊ាន​ចាត់វិធានការ​ទៅ​លើ​អ្នក​មានអំណាច មាន​ឥទ្ធិពល​អ្វី​ទេ អ៊ីចឹង​បាន​ជា​កន្លងមក​យើង​ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​សូម​ពិនិត្យ​មើល​ឱ្យ​មែនទែន​អំពី​ឥរិយាបថ និង​អំពើ​ដែល​ថ្នាក់ដឹកនាំ​នយោបាយ​កម្ពុជា​ប្រព្រឹត្ត​មក​លើ​ប្រជាពលរដ្ឋ​នោះ »។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២១ ខែមិថុនា។

ទោះ​យ៉ាងណា​សារ​នេះ​មិន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សែន ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា ប្រើ​ពាក្យ​អសុរោះ ជេរ​ប្រមាថ និង​រើសអើង​នៅ​ក្នុង​សង្គម។ កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០២៣ គឺ​នៅ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​អាណត្តិ​ទី៧ កន្លងទៅ​ លោក ហ៊ុន សែន បាន​គំរាម​ឱ្យ​ក្រុម​បក្សជំទាស់​ជ្រើសរើស​រវាង​ប្រព័ន្ធ​ផ្លូវ​ច្បាប់ និង​ដំបង ហើយ​លោក​ប្រកាស​ប្រមូល​ផ្តុំ​សមាជិក​គណបក្ស​ប្រជាជនកម្ពុជា​ទៅ​តវ៉ា និង​វាយ​ទាត់​ធាក់ ព្រមទាំង​បញ្ជូន​ក្មេង​ទំនើង​ទៅ​ផ្ទះ​ពួកគេ​ផង​ដែរ។

ក្រោយ​ពេល​លោក ហ៊ុន សែន បង្គាប់​បញ្ហា​មក​មន្រ្តី​បក្ស​កាន់អំណាច​អនុវត្ត​ផែនការ​ភ្លាមៗ ដោយ​បង្ហោះ​សារ​​នៅ​​លើ​បណ្ដាញ​សង្គម​ពី​​សមាសភាព​សកម្មជន​បក្សជំទាស់​នៅ​តាម​មូលដ្ឋាន​ចូល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​សកម្មជន​គណបក្សប្រឆាំង​ដែល​រក្សា​ជំហរ​រឹងមាំ ឬ​មិន​លក់​ឧត្តម​គិត​វិញ​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​តាមរយៈ​ប្រព័ន្ធ​តុលាការ​ចោទប្រកាន់ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ហើយ​អ្នក​ខ្លះ​ត្រូវ​រត់​គេច​ខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព អ្នក​ខ្លះ​ទៀត​ជន​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ដុំ​បង្ក​ហិង្សា​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៅទៀត ជន​រងគ្រោះ​ទាំងនោះ​មិន​ត្រឹមតែ មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ តែ​ថែម​ទាំង​ត្រូវ​បាន​ជនល្មើស​លួច​វាយ​ប្រហារ​ផ្ទួនៗ ហើយ​ត្រូវ​បាន​អាជ្ញាធរ​របស់​លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ទៀត​ផង។

អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​លើ​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជា​ញឹកញាប់ បន្ទាប់​ពី​មេដឹកនាំ​បក្ស​កាន់អំណាច​គឺ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ប្រើ​ហិង្សា​វាយ​ដុំ​លើ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​បន្តបន្ទាប់​មក​នេះ។ ពួកគេ​ចាត់ទុក ករណី​ទាំងនេះ​ថា​ជា​ការរំលោភ​ច្បាប់ និង​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកនយោបាយ ដែល​ត្រូវ​យក​មក​ផ្ដន្ទាទោស​លើ​អ្នក​ប្រព្រឹត្ត និង​អ្នក​បញ្ជា​នៅ​ក្រោយ​ខ្នង​ដើម្បី​ធានា​ឱ្យ​សង្គម​មាន​យុត្តិធម៌ និង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles