កម្ពុជា
28/06/2024 – 13:03
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំដោយរោគាពាធនៅស្រុកកំណើតក្នុងខេត្តកំពត។ នាយករដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងសមាគមសិល្បករខ្មែរបានចាត់ទុកមរណភាពព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះថាជាការបាត់បង់មរត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។
ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក គង់ ណៃ បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ
តាមសមាគមសិល្បករខ្មែរ មរណភាពលោកតាព្រឹទ្ធាចារ្យ គង់ ណៃ ជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រប្រកបដោយសមត្ថភាព និងទេពកោសល្យ ខណៈលោកតាធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅលើឆាកជាតិ និងតំបន់ រួមទាំងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិ។ ចំណែកនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចាត់ទុកមរណភាពលោកតាព្រឹទ្ធាចារ្យ គង់ ណៃ ថាជាការបាត់បង់នូវមរត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។ តាមលោកហ៊ុន ម៉ាណែត លោកតា គង់ ណៃ បានខិតខំប្រឹងប្រែងថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃសម្រាប់មនុស្សជំនាន់ក្រោយ។
ប្រតិកម្មដូចគ្នាក៏មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយអះអាងថា ការបាត់បង់ព្រឹទ្ធាចារ្យ គង់ ណៃ ជាការបាត់បង់នូវមរត៌កមនុស្សរស់ដ៏ឆ្នើមដែលបានប្រឹងប្រែងលើកស្ទួយវប្បធម៌ចាប៉ីដងវែង។ គួរបញ្ជាក់ថា លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ ធ្លាប់បានចេញទៅសម្តែងនៅក្នុងប្រទេសជាច្រើន ហើយស្នាដៃរបស់លោកតាក៏ត្រូវបានផលិតចេញជាស៊ីឌីដោយអង្គការសិល្បៈខ្មែរអមតៈជាមួយផលិតករជាតិ និងអន្តរជាតិនានា។ មានអាយុ ៨០ឆ្នាំ លោកតា គង់ ណៃ ជាធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏មានកេរ្ដិ៍ឈ្មោះមួយរូបរបស់កម្ពុជាដោយបានទទួលគោរមងារថ្នាក់ជាតិជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ពីព្រះមហាក្សត្រកាលពីឆ្នាំ ២០១២។
ក្នុងនាមជាអ្នកលេងចាប៉ីដងវែងជើងចាស់ លោកតា គង់ ណៃ បានទទួលជ័យលាភី និងគ្រឿងឥស្សរិយយសជាច្រើន។ ដំបូងក្នុងឆ្នាំ១៩៨២ លោកតា គង់ ណៃ ទទួលបានជ័យលាភីលេខមួយផ្នែកចម្រៀងចាប៉ីដងវែងប្រចាំខេត្ត។ បន្ទាប់មកនៅឆ្នាំ១៩៩១ លោកតាទទួលបានជ័យលាភីលេខមួយផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេស និងនៅឆ្នាំ២០០១ លោកតាទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌-សិល្បៈខ្មែរពីរាជបណ្ឌិតសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរដ្ឋាភិបាល។ បន្ទាប់មកទៀតនៅឆ្នាំ២០០២ លោកតា គង់ ណៃ ទទួលបានវិញ្ញាបនបត្រកិត្តិយសវីរសិល្បករពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលក្នុងឆ្នាំ ២០០៧៕
នៅបរទេស លោកតា គង់ ណៃ ត្រូវបានគណៈកម្មាធិការពានរង្វាន់ក្រុងហ្វុគុអូកាប្រទេសជប៉ុនប្រគល់ពានរង្វាន់សិល្បៈវប្បធម៌ហ្វុគុអូកាឲ្យក្នុងឆ្នាំ ២០១៧។ ទន្ទឹមគ្នានេះ ស្នាដៃមួយដែលទទួលបានការសាទរខ្លាំងនៅក្នុងប្រទេស និងក្រៅប្រទេសក្នុងឆ្នាំ ២០២១ គឺចម្រៀងមួយបទដែលលោកតាបានច្រៀងជាមួយអ្នកចម្រៀងសម័យលោក ម៉ាន វណ្ណដាមានចំណងជើងថា Time to Rise៕