យុវជន​ម្នាក់​នៅ​ខេត្តសៀមរាប​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​ចាប៉ី ប្ដេជ្ញា​បន្តវេន​ពី​អ្នក​ជំនាន់​មុន

ដោយ សេក បណ្ឌិត
2024.07.06
RFA

យុវជន​ម្នាក់​នៅ​ខេត្តសៀមរាប​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​ចាប៉ី ប្ដេជ្ញា​បន្តវេន​ពី​អ្នក​ជំនាន់​មុន

លោក ចៅ ភេត្រា សម្ដែង​ចាប៉ី​ដង​វែង​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០២២។ រូប៖ ផ្ដល់ឱ្យ


យុវជន​ម្នាក់​រស់នៅ​ខេត្តសៀមរាប​មាន​ទេពកោសល្យ ជា​អ្នកចម្រៀង​ចាប៉ី​តាំងពី​កំណើត ប្ដេជ្ញា​បន្តវេន​ពី​អ្នកចម្រៀង​ជំនាន់​មុន ប៉ុន្តែ​មាន​ឧបសគ្គ​មួយចំនួន រាំងស្ទះ​ដល់​ការងារ​របស់​គាត់ ដោយសារ​មាន​ការ​រើសអើង និង​ខ្វះ​ការ​គាំទ្រ ពី​មន្ទីរ​វប្បធម៌​ខេត្ត​សៀមរាប។

តើ​យុវជន​រូប​នេះ​មាន​ប្រវត្តិ និង​ការ​តស៊ូ​បែប​ណា​ខ្លះ?

យុវជន​ម្នាក់​មាន​កំណើត​ជា​អ្នកស្រុក​អង្គរ គឺ លោក ចៅ ភេត្រា កំពុង​ច្រៀង​ផ្ទាល់​មាត់ ឱ្យ​អ្នកភូមិ​ស្តាប់​កម្សាន្ត រំលេច​សូរសព្ទ​អប់រំ ពីរោះ​រណ្ដំ អម​ដោយ​សំណើច​សើច​ក្អាកក្អាយ លាយឡំ​ដោយសារ​អប់រំ លើកទឹកចិត្ត​ឱ្យ​អ្នក​ស្តាប់​យល់​ពី​តម្លៃ​វប្បធម៌​ខ្មែរ។

ក្នុង​ពេល​លោក​ច្រៀង​ក្នុង​ពិធីបុណ្យ​មួយ នៅ​តំបន់​ជនបទ​ដាច់ស្រយាល ក្នុង​ខេត្តសៀមរាប អ្នកភូមិ និង​ព្រះសង្ឃ ជាច្រើន​នាក់ ផ្ចង់​ស្តាប់ ខ្លះ​អស់​សំណើច លាន់មាត់​សរសើរ សិល្បៈ​បុរាណ​ថា ពីរោះ។

លោក ចៅ ភេត្រា វ័យ ២៤ ឆ្នាំ​សម្បុរ​ខ្មៅ​ស្រអែម រស់នៅ​ក្នុង​ភូមិ​ព្រៃល្ងៀង ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​។ លោក​កើត​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ​មួយ មាន​បងប្អូន​ចំនួន​១០​នាក់ ក្នុង​នោះ​លោក​ជា​កូន​ទី​៩ ហើយ​លោក​ធ្លាប់​បួស​ជា​សង្ឃ​ចំនួន​ពីរ​លើក ចំនួន ​៤​វស្សា កាលពី​វ័យ​កុមារ ដល់​វ័យ​ជំទង់។

ដោយសារតែ​ជីវភាព​ទីទ័លក្រ​ខ្លាំង ធ្វើ​ឱ្យ​លោក​បង្ខំចិត្ត​បោះបង់​ការសិក្សា ត្រឹម​ថ្នាក់​ទី១ ហើយ​ជួយ​រកលុយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ដោះបំណុល។

យុវជន​រូប​នេះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៥ កក្កដា ថា លោក​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​អ្នកចម្រៀង​ចាប៉ី​អាជីព និង​កំពុង​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ពង្រឹងសមត្ថភាព ក្នុង​បំណង​បន្តវេន​ពី​អ្នក​ជំនាន់​មុនៗ។

លោក​មាន​ទេពកោសល្យ ច្រៀង​ចាប៉ី​ដងវែង​តាំងពី​កុមារភាព ហើយ​ចូលចិត្ត​ស្តាប់​លោក​ទេសនា អាន​សៀវភៅ និង​ស្តាប់​វិទ្យុ​ចាក់​ចម្រៀង​ចាប៉ី ដែល​ច្រៀង​ដោយ​លោក ប្រាជ្ញ ឈួន និង​លោកតា គង់ ណៃ។

ដកកect.jpg
លោក ចៅ ភេត្រា សម្ដែង​ចាប៉ី​ដង​វែង​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០២២។ រូប៖ ផ្ដល់ឱ្យ

លោក​យកចិត្តទុកដាក់​ស្តាប់​ចម្រៀង​ចាប៉ី ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​តាំងពី​វ័យ​កុមារ ហើយ​អាច​កែច្នៃ​ចាប៉ី​ដោយ​ខ្លួនឯង សម្រាប់​ច្រៀង​នៅផ្ទះ និង​តាម​វាលស្រែ​ដែល​មាន​ក្មេង​ឃ្វាលគោ ជា​អ្នក​ទស្សនា។ «»

មក​ទល់​ពេល​នេះ​អស់​រយៈពេល ៦​ឆ្នាំ​ហើយ ដែល​យុវជន​រូប​នេះ ប្រកប​របរ​ច្រៀង​ចាប៉ី តាម​រោងបុណ្យ និង​តាម​វត្ត​អារាម និង​ពិធី​បុណ្យជាតិ ជាដើម​។ លើស​ពី​នេះ​ទៀត លោក​ច្រៀង​ចាប៉ី​បែប​សារ​អប់រំ ឱ្យ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ផ្នែក​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​ផង​ដែរ។

លោក ចៅ ភេត្រា បន្ថែម​ថា មាន​ឧបសគ្គ​មួយ​ចំនួន​ធ្វើ​ឱ្យ​ការងារ​របស់​លោក មិន​ដំណើរការ​រលូន​ឡើយ ដោយសារ​ខ្វះ​ការ​គាំទ្រ​ពី​មន្ទីរ​វប្បធម៌​ខេត្តសៀមរាប​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​មន្ទីរ​វប្បធម៌ មិន​គាំទ្រ​លោក ដោយ​ពួកគេ​លើក​ហេតុផល​ថា លោក​មិន​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ចម្រៀង​ចាប៉ី នៅ​តាម​ក្បូន​ខ្នាត​បុរាណ​ខ្មែរ។

លោក ចៅ ភេត្រា៖ «ព្រោះ​ខ្ញុំ​ដឹង​ស្រាប់​ថា​នឹង​ជួប​បញ្ហា​ហ្នឹង ខ្លួន​ខ្ញុំ​ដឹង​ទើប​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​ស្វះស្វែង​បន្ថែម​ដើម្បី​ពង្រឹងពង្រីក​សមត្ថភាព​ខ្លួនឯង ទោះបី​មិន​​មាន​ស្ថាប័ន​ណា​គាំទ្រ មិន​មាន​អ្វី​ក៏ដោយ គ្មាន​អ្នក​ជួយ ក៏​ខ្ញុំ​នៅតែ​តាំងចិត្ត​រឹងមាំ​ប្ដេជ្ញា​ពុះពារ​តស៊ូ​ជាមួយ​ចាប៉ី​ហ្នឹង»។

យុវជន​រូប​នេះ​បន្ថែម​ថា ប្រាក់ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​នេះ តិចតួច​នៅ​ឡើយ ពោល​គឺ​ទទួល​បាន​ប្រាក់​កម្រៃ​ម្តងម្កាល ក្នុង​ពេល​ដែល​មាន​ពិធី​បុណ្យទាន ឬ​កម្ម​ពិធី​ផ្សេងៗ ដែល​មិន​អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​នោះ​ទេ។

ប្រការ​នេះ លោក​សម្រេចចិត្ត​បើក​បង្រៀន​ចាប៉ី តាម​អនឡាញ និង​បង្រៀន​ដោយ​ផ្ទាល់ ដែល​បច្ចុប្បន្ន​មាន​សិស្ស​ចំនួន ៣០​នាក់។ ម្យ៉ាងទៀត​លោក​ក៏​ចេះ​ផលិត​ចាប៉ី និង​ឧបករណ៍​បុរាណ​ផ្សេងទៀត​លក់ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​វប្បធម៌ លោក មួន សុភាព បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​៥ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ រីឯ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុំ ម៉ាប់ ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

បច្ចុប្បន្ន នៅ​ខេត្តសៀមរាប​មាន​យុវជន​តិចតួច​ប៉ុណ្ណោះ ដែល​មាន​ទេពកោសល្យ​ច្រៀង​ចាប៉ី​ស្រប​ពេល​ដែល​អ្នក​ចម្រៀង​ចាប៉ី ដ៏​ល្បីល្បាញ​ជំនាន់​មុន​រួមមាន លោក ប្រាជ្ញ ឈួន និង លោកតា គង់ ណៃ បាន​ស្លាប់​ហើយ។

ចម្រៀង​ចាប៉ី​ដង​វែង ជា​សិល្បៈ​តន្ត្រី​ប្រពៃណី​បុរាណ​ខ្មែរ​មានន័យ​អប់រំ​ទូលំទូលាយ ដែល​អ្នក​ច្រៀង​ប្រើ​ពាក្យ​ពេចន៍​ចុងចួន និង​ខ្លឹមសារ​កំណាព្យ​អប់រំ គ្រប់​ទម្រង់​។ សិល្បៈ​នេះ ផ្សារភ្ជាប់​នឹង​ជីវិត​រស់នៅ​ក្នុង​សង្គម ទំនៀមទម្លាប់ ប្រពៃណី និង​ជំនឿ​សាសនា បន្សល់​តាំងពី​បុរាណកាល​មក។

អ្នក​ច្រៀង​ចាប៉ី តែងតែ​សម្ដែង ក្នុង​ពិធីបុណ្យ​វប្បធម៌ អម​ដោយ​ការ​ច្រៀង​អប់រំ បញ្ចូល​ចំណេះដឹង និង​អត្ថាធិប្បាយ​ពី​បញ្ហា​សង្គម កំប្លែង បញ្ចូល​ឃ្លាឃ្លោង​កំណាព្យ​ខ្មែរ រឿងនិទាន​ប្រជាប្រិយ ឬ​រឿង​ព្រះពុទ្ធសាសនា អម​ដោយ​ទេពកោសល្យ​ចេះ​ចាំ​ស្ទាក់។

ជុំវិញ​រឿង​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង សង្កេត​ឃើញ​ថា បច្ចុប្បន្ន មាន​យុវជន​តិចតួច​ណាស់ ដែល​មាន​ដុង​ច្រៀង​ចាប៉ី​ដងវែង​ពី​កំណើត​។ ប្រការ​នេះ​លោក​ថា ក្រសួង​វប្បធម៌​គួរតែ​បណ្តុះបណ្តាល និង​គាំទ្រ​យុវជន​រូប​នេះ ដើម្បី​បន្តវេន​ពី​អ្នក​ជំនាន់​មុន ដើម្បី​រក្សា​កេរដំណែល​វប្បធម៌​ខ្មែរ។

លោក យង់ គិមអេង៖ «អ្នក​ដែល​មាន​ដុង​អ៊ីចឹង​មិន​មាន​ច្រើន​ទេ និយាយ​ការ​ពិត​វា​កម្រ ហើយ​ក្រសួង​វប្បធម៌​វិចិត្រ​សិល្បៈ ឬ មន្ទីរ​វប្បធម៌​មិន​អើពើ​លើ​រឿង​ហ្នឹង​ទៀត អ្នកធ្វើ​វា​ពិបាក ព្រោះ​ខាង​ចាប៉ី​ជា​រឿង​កម្រ​លេច​មាន​ដុង​នរណា​ដែល​អាច​ច្រៀង​បាន​ណាស់»។

លោក ចៅ ភេត្រា ធ្លាប់​ជា​បេក្ខភាព​ចូលរួម​ប្រឡង ប្រកួតប្រជែង ចាប៉ី​ដងវែង​ថ្នាក់​ជាតិ ហើយ​ជា​លទ្ធផល​លោក​ជាប់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់ ដោយ​ទទួល​បាន​ពាន​កិត្តិយស​មួយ​រូប​។

លោក​ក៏​ធ្លាប់​បោះបង់ មុខរបរ​នេះ​ម្តង​ដែរ ដោយ​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើ​ជា​កម្មករ​គេ​នៅ​ប្រទេស​ថៃ​មួយ​រយៈ ក៏ប៉ុន្តែ​ក្រោយ​មក លោក​បាន​ផ្លាស់ប្ដូរ​គំនិត ហើយ​វិល​មក​ស្រុកកំណើត​ដោយ​ចាប់​យក ជំនាញ​ច្រៀង​ចាប៉ី​ម្តង​ទៀត។ លោក​ប្ដេជ្ញាចិត្ត​ថា នឹង​ខិតខំ​រៀនសូត្រ ពង្រឹង​សមត្ថភាព​ច្រៀង​ចាប៉ី​ដង​វែង ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ថែរក្សា​កេរ​ដំណែល​បុព្វបុរស​ឱ្យ​គង់វង្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles