ជប៉ុនចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យ និងការបោះឆ្នោតដោយយុត្តិធម៌

ដោយ ជីវិតា
2024.07.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជប៉ុនចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យ និងការបោះឆ្នោតដោយយុត្តិធម៌

រដ្ឋមន្ត្រីការបរទេសជប៉ុន អ្នកស្រី ខាមីខាវ៉ា យ៉ូកុ ចាប់ដៃជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ មុនចាប់ផ្ដើមការជជែកគ្នា នៅឯវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ។ រូប៖ គណនី​ហ្វេសប៊ុកក្រសួងការបរទេសជប៉ុន


ប្រទេស​ជប៉ុន (Japan) នៅ​តែ​បន្ត​ប្ដេជ្ញា​ជួយ​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា និង​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។ ក្រុម​អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ និង​ក្រុម​បណ្ដា​ប្រទេស​លោក​សេរី​កាន់​តែ​ច្រើន។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន អ្នកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា ថា ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សុខដុមរមនា ទាំង​ដំណើរ​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​ការ​បង្ក​បរិយាកាស​ដែល​មាន​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​មតិ​បាន​ច្រើន គឺ​ជា​រឿង​សំខាន់។ អ្នកស្រី​បញ្ជាក់​ថា ជប៉ុន​នៅ​តែ​ប្ដេជ្ញា​គាំទ្រ​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បែប​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ប្រាជ្ញ ចន្ទ កាល​ពី​ថ្ងៃ​ទី០៦ ខែកក្កដា។

ជប៉ុន គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​និយម​ប្រជាធិបតេយ្យ​ផ្សេង​ទៀត ដែល​តែងតែ​ផ្ដល់​ជំនួយ​ផ្នែក​សម្ភារៈ​បច្ចេកទេស និង​បញ្ជូន​អ្នក​ជំនាញ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​មុន​ពេល​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ២០១៧។

គ.ជ.ប ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០០៨ ជប៉ុន​បាន​បញ្ជូន​អ្នក​ជំនាញ និង​ផ្ដល់​ជំនួយ​ផ្នែក​សម្ភារ​បច្ចេកទេស ដល់​កម្ពុជា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១៣លាន​ដុល្លារ និង​បាន​បញ្ជូន​អ្នក​ជំនាញ​ជប៉ុន ២រូប​មក​បម្រើ​ការងារ​នៅ​ស្ថាប័ន គ.ជ.ប កាល​ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០១៨។

នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់ឃើញ​ថា ជប៉ុន​ជា​ម្ចាស់​ជំនួយ​មួយ ហើយ​អ្វី​ដែល​ភាគី​ជប៉ុន​បាន​លើកឡើង​គឺ​ចង់​ឱ្យ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​ប្រកប​ដោយ​យុត្តិធម៌។

លោក សំ គន្ធាមី៖ «ការ​លើកឡើង​របស់​ម្ចាស់​ជំនួយ​មាន​ហេតុផល​របស់​គេ។ គេ​មាន​ស្ថាន​ទូត គេ​មាន​មន្ត្រី​សង្កេតការណ៍​ដំណើរការ​ហ្នឹង ដូច្នេះ​យើង​គួរតែ​រៀបចំ​តាម​សំណើ​របស់​គេ ដើម្បី​រក្សា​ជំនួយ​បរទេស​ផ្សេង​ទៀត បាន​មក​កាន់​តែ​ច្រើន​ សង្ឃឹម​ថា កម្ពុជា​នឹង​ពិចារណា​លើ​សំណើ​របស់​ជប៉ុន ដំណើរ​ការ​បោះឆ្នោត​យើង​នឹង​អាច​រៀបចំ​នៅ​ពេល​ក្រោយ​ទៀត»

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ២០២៣ ជប៉ុន និង​បណ្ដា​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត ពុំ​បាន​បញ្ជូន​អ្នក​សង្កេត​ការ​ឯករាជ្យ​មក​ឃ្លាំមើល​ការ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​នីតិកាល​ទី៧ នោះ​ទេ ដោយសារ​តែ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ និង​បង្ក្រាប​ឥត​ដក​ដៃ​លើ​ក្រុម​ដៃ​គូ​ប្រកួត ដើម្បី​សម្រេច​មហិច្ឆតា ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​លោក ហ៊ុន ម៉ាណែត។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឱ្យ​ដឹង​ថា ជំនួយ​ផ្នែក​សម្ភារៈ និង​បច្ចេកទេស​របស់​ភាគី​ជប៉ុន នា​ពេល​កន្លង​មក​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​សម្រួល​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាងណា លោក​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ពុំ​បាន​សន្យា​ផ្ដល់​ជំនួយ​បន្ថែម​សម្រាប់​ការ​​បោះឆ្នោត​សម្រាប់​ឆ្នាំ២០២៨ ខាង​មុខ​នោះ​ទេ។

លោក ហង្ស ពុទ្ធា៖ «គ.ជ.ប បាន​ដាក់​សំណើ​សុំ​ឱ្យ​ខាង​ភាគី​ជប៉ុន​ជួយ​ជា​ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ (Server) ក្នុង​ន័យ​ធំ​ជាង​លើក​មុន​ផង ដោយសារ​តែ​ទី​មួយ​ម៉ាស៊ីន (Server) ចាស់​ជិត​ហួស​សុពលភាព ទីពីរ​ទំហំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គ.ជ.ប តែង​ប្រើប្រាស់​ធ្វើ​ឱ្យ​ភាព​ចង្អៀត​ម៉ាស៊ីន (Server) ចាស់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ កាន់​តែ​ជួប​ការ​លំបាក​ទៅ អ៊ីចឹង គ.ជ.ប មាន​ការ​ស្នើ​សុំ​ទៅ​ប្រទេសជប៉ុន ដើម្បី​បន្ត​ការ​ជួយ​ជា​ម៉ាស៊ីន (Server) មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ក្រុម​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​តែងតែ​ផ្ដល់​ជំនួយ​ឱ្យ​កម្ពុជា គឺ​ចង់​ឃើញ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​ទាញ​កម្ពុជា​ចេញ​ពី​របប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ។

លោក សេក សុជាតិ៖ «នៅ​ពេល​ដែល​កម្ពុជា​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ល្អ អនុវត្ត​នីតិរដ្ឋ​បាន​ល្អ ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ជា​ប្រទេស​អ្នក​មាន​ហ្នឹង ក្នុង​នោះ​គេ​អាច​ពិចារណា​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ដូចជា​ការ​អាច​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត។ អ្វី​ដែល​យើង​កត់សម្គាល់​គឺ​នៅ​ត្រង់​ថា ការ​ជួប​ពី​សហគមន៍​អន្តរជាតិ​មិន​ថា ប្រទេស​ជប៉ុន​ទេ សហភាព​អឺរ៉ុប ឬ​ប្រទេស​ដទៃ​ទៀត​គ្រាន់​តែ​ត្រឹម​បាន​ជួប និង​គ្រាន់តែ​បាន​លើកឡើង​គោល​បំណង និង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា ប៉ុន្តែ​លទ្ធផល​កន្លង​មក រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​មិន​អនុវត្ត​តាម​ការ​ស្នើ​សុំ​នោះ​ទេ»

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន អ្នកស្រី ខាមីខាវ៉ា យ៉ូកុ បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២ថ្ងៃ​កាល​ពី​ថ្ងៃ​ទី៥ និងថ្ងៃទី៦ ខែកក្កដា។ ក្រៅ​ពី​មាន​ជំនួប​ជជែក​ជាមួយ​ស្ថាប័ន គ.ជ.ប អ្នកស្រី ខាមីខាវ៉ា យ៉ូកុ ក៏​មាន​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក សុខ ចិន្តាសោភា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ដោះ​មីន សេដ្ឋកិច្ច​សង្គម និង​ជជែក​បញ្ហា​ក្នុង​តំបន់​ផងដែរ។

ភាគី​ជប៉ុន​ក៏​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង ២លាន​ដុល្លារ​លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ​ជិត ៦០លាន​ដុល្លារ សម្រាប់​ឱ្យ​រដ្ឋាភិបាល​បន្ត​អនុវត្ត​គម្រោង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ជាតិ​លេខ ៥។

ភាគី​កម្ពុជា និង​ជប៉ុន ក៏​បាន​ឯកភាព​គ្នា​បង្កើត​ជំនួប​ជជែក​ការ​ទូត​ឱ្យ​បាន​ញឹកញាប់ ដើម្បី​ជំរុញ​លើ​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles