ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដើម្បី​ដាស់​ស្មារតី​យុវជន​ឱ្យ​គិត​អំពី​ជាតិ

ដោយ សុ ជីវី
2024.07.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដើម្បី​ដាស់​ស្មារតី​យុវជន​ឱ្យ​គិត​អំពី​ជាតិ

ពលរដ្ឋ យុវជន និង​ព្រះសង្ឃ​ នៅខេត្តសៀមរាប ជាង​ ២៥អង្គ/នាក់ ធ្វើ​​ពិធី​សូត្រ​មន្ត​បង្សុកូល​ និង​សមាធិ នៅ​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បី​ឧទ្ទិស​កុសល ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី៦ ខែកក្កដា ឆ្នាំ២០១៦។ រូបពីពលរដ្ឋ


ក្រុម​យុវជន និង​ពលរដ្ឋ​រស់​នៅ ក្នុង​តំបន់​អង្គរ​ខេត្ត​សៀមរាប​បាន​ធ្វើ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដើម្បី​រំឭក​នូវ​វីរភាព​របស់​លោក និង​ដាស់​ស្មារតី​យុវជន​ឱ្យ​គិត​អំ​ពី​បញ្ហា​ជាតិ និង​អយុត្តិធម៌​សង្គម។

ពលរដ្ឋ យុវជន និង​ព្រះសង្ឃ​ជាង​ ២៥អង្គ/នាក់ បាន​រៀបចំ​ពិធី​សូត្រ​មន្ត​បង្សុកូល​ ធ្វើ​សមាធិ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី។

ពិធី​នេះ​ប្រារព្ធ​ឡើង ក្នុងស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧ ខែកក្កដា ក្នុង​បំណង​បំផុស​ស្មារតី​មនសិការ​ជាតិ​​ដល់​យុវជន ឱ្យ​ចូល​រួម​ឈឺ​ឆ្អាល​ពី​បញ្ហា​សង្គម និង​បរិស្ថាន ជាដើម។

ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ ខេត្ត​សៀមរាប ព្រះតេជព្រះគុណ អួន គង់ មាន​ថេរ​ដីកា​ថា ពិធី​នេះ គឺ​ជា​ការ​ដឹង​គុណ​ចំពោះ​ការ​លះបង់​របស់ លោក​បណ្ឌិត កែម ឡី ដែល​យុវជន គឺ​ជា​អ្នក​បន្ត​វេន​យ៉ាង​សំខាន់ និង​ក្រោកឈរ​ប្រឆាំង​ទង្វើ​ខ្មៅ​ងងឹត​ក្នុង​សង្គម។

ព្រះអង្គ​បន្ថែម​ថា ជោគ​វាសនា​​ជាតិ​មិន​អាច​ផ្ញើ តែ​លើ​ថ្នាក់​ដឹក​នាំ​មួយ​រូប​បាន​ទេ​ ហេតុនេះ​ពលរដ្ឋ​ទាំង​អស់​គ្នា មាន​កាតព្វកិច្ច​សាមគ្គី​ ការពារ និង​ថែ​រក្សា តាម​បណ្ដាំ​របស់​បណ្ឌិត កែម ឡី។

ព្រះតេជព្រះគុណ អួន គង់៖ «កាល​ណា​តែ​យើង​មិន​យល់​ពី​ស្ថានភាព​សង្គម ពុំ​បាន​តាម​ដាន​ព្រឹត្តិការណ៍​សង្គម ក៏​ដូច​ជា ការ​ដឹក​នាំ​ប្រទេស វា​ជា​ហានិភ័យ​មួយ ដែល​យើង​មិន​អាច​ដឹង​ថា តើ​ថ្នាក់​ដឹក​នាំ​ច្រក​អង្ករ​ឱ្យ​យើង​ប៉ុន្មាន​កំប៉ុង​ដាំ​បាយ​ហូប​ទេ»

ក្នុង​ពិធី​នោះ ក្រុម​យុវជន​បាន​ជជែក​ពិភាក្សា​គ្នា សួរ​ដេញ​ដោល​ក្នុង​រង្វង់​ទស្សនទាន​របស់​លោក​បណ្ឌិត កែម ឡី ដោយ​មាន​ការ​វែកញែក ទាញ​ហេតុផល​ចែក​រំលែក​ចំណេះ​ដឹង និង​ព័ត៌មាន ពី​ព្រឹត្តិការណ៍​សង្គម​ផ្សេងៗ។

ក្នុង​ពេល​ពួកគេ​ពិភាក្សា​គ្នា ក្រុម​យុវជន​បាន​លើក​ទស្សន​ទាន​របស់​បណ្ឌិត កែម ឡី មួយ​ចំនួន មក​ធ្វើ​អត្ថាធិប្បាយ​ភ្ជាប់​នឹង​បញ្ហា​សង្គម រួម​មាន៖ «អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​ត្រូវ​រង​គ្រោះ​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក» «យើង​ហ៊ាន​និយាយ​ការ​ពិត ជា​ជាង​និយាយ​ការពារ» «ប្រទេស​ជាតិ​មួយ​ដែល​រីក​ចម្រើន​ទៅ​មុខ​បាន​អាស្រ័យ​លើ​ពលរដ្ឋ​ចេះ​ឈឺ​ឆ្អាល និង​ចូលរួម​តាម​ដាន​ព្រឹត្តិការណ៍​សង្គម»

រីឯ​យុវជន​រស់​នៅ​ខេត្ត​សៀមរាប​ម្នាក់ គឺ​លោក ញ៉ សុភាព សង្កេត​ឃើញ​ថា បច្ចុប្បន្ន​មាន​យុវជន​កាន់តែ​ច្រើន ងាក​មក​ចាប់​អារម្មណ៍​ពី​បញ្ហា​របស់​ប្រទេស​ជាតិ និង​មាន​ស្មារតី​ផុលផុស ហ៊ាន​ងើប​តវ៉ា​ មិន​ពេញ​ចិត្ត​ចំពោះ​រឿង​អយុត្តិធម៌​សង្គម។ លោក​បញ្ជាក់​ថា មរណភាព​លោក កែម ឡី ជា​សារ​អប់រំ​ដក់​ជាប់​ក្រអៅ​បេះដូង​ពលរដ្ឋ និង​ជា​ស្នាម​ប្រវត្តិ​សាស្ត្រ ដែល​គ្រប់គ្នា​ គួរ​តែ​រៀន​សូត្រ និង​គិត​ឱ្យ​ស៊ី​ជម្រៅ។

លោក ញ៉ សុភាព៖ «ទស្សន​លោក​បណ្ឌិត​ល្អ​មែន​ទែន ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នឹង​យក​មក​រៀន​សូត្រ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់​ខ្ញុំ​នឹង​សិក្សា និង​ស្វែង​យល់​បន្ថែម​ទៀត ដើម្បី​ជួយ​ខ្លួន​ឯង និង​ប្រទេស​ជាតិ»

អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ហាង​កាហ្វេ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់​តិច (Caltex) ក្នុង​ទី​ក្រុង​ភ្នំពេញ។

ការ​បាញ់​ប្រហារ​នេះ​កើត​ឡើង ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះ​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​ព័ត៌មាន​អំពី​ការ​កាន់កាប់​ទ្រព្យ​សម្បត្តិ និង​ក្រុមហ៊ុន​ដ៏​ច្រើន​សន្ធឹក​របស់​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ដែល​បាន​លាត​ត្រដាង​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក​ឈ្មោះ គ្លូបល វីតណេស (Global Witness)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment