ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង ៩៥៥គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ស្រុកស្រែ​អំបិល ទាមទារ​លក្ខខណ្ឌ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ឡើង​វិញ

ដោយ មាន ឫទ្ធិ
2024.07.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង ៩៥៥គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ស្រុកស្រែ​អំបិល ទាមទារ​លក្ខខណ្ឌ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ឡើង​វិញ

ពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី ៩៥៥គ្រួសារ ប្រមាណ ៣រយ​នាក់ ​ប្រមូល​ផ្ដុំ​គ្នា​ នៅ​ខាង​មុខ​សាលាស្រុក​ស្រែអំបិល ខេត្ត​កោះកុង ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​អាជ្ញាធរ ឱ្យ​ចុះ​សិក្សា និង​វាយ​តម្លៃ​លក្ខខណ្ឌ​​ឡើង​វិញ ដើម្បី​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច ប្រកប​ដោយ​តម្លាភាព។ រូប៖ ADHOC


សហគមន៍​មាន​ទំនាស់​ដីធ្លី ៩៥៥គ្រួសារ នៅ​ខេត្តកោះកុង ជួបជុំ​គ្នា​នៅ​សាលា​ស្រុកស្រែ​អំបិល ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​វាយតម្លៃ​លក្ខខណ្ឌ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ឡើង​វិញ។ ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​របាយការណ៍​វាយតម្លៃ​លក្ខខណ្ឌ​ទទួល​បាន​ដី​សម្បទាន​នា​ពេល​កន្លង​ទៅ​របស់​អាជ្ញាធរ ដែល​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី។

សហគមន៍​មាន​ទំនាស់​ដីធ្លី ៩៥៥គ្រួសារ ប្រមាណ ៣រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ទៀត នៅ​ខាង​មុខ​សាលាស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ ចុះ​សិក្សា និង​វាយ​តម្លៃ​លក្ខខណ្ឌ​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​ឡើង​វិញ ប្រកប​ដោយ​តម្លាភាព។

តំណាង​សហគមន៍ ៩៥៥គ្រួសារ លោកស្រី ផាវ ញ៉ើង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ ខែកក្កដា ថា ក្រោយ​ពី​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ដែល​មាន​ជីវភាព​ក្រីក្រ​ពិត​ប្រាកដ មិន​មាន​ឈ្មោះ​ក្នុង​របាយការណ៍​របស់​អាជ្ញាធរ​នា​ពេល​កន្លង​ទៅ ធ្វើ​ឲ្យ​ពួកគាត់​ខឹង​សម្បារ លើក​គ្នា​មក​ប្រមូលផ្ដុំ​ជាថ្មី​ម្ដងទៀត នៅ​មុខ​សាលាស្រុក​ស្រែអំបិល។

លោកស្រី ផាវ ញ៉ើង៖ «យើង​នឹង​ធ្វើ​បទ​សម្ភាសន៍​សា​ឡើង​វិញ ហើយ​យើង​ទាមទារ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ហ្នឹង គឺ​តំណាង​តាម​ភូមិ​របស់​ប្រជាពលរដ្ឋ ៩៥៥ និង​តំណាង​ខ្ញុំ ជាមួយ​នឹង​បង ហាន់ ទៀត ទៅ​វាយ​តម្លៃ​ដែរ បើ​អត់​ទេ យើង​អត់​សុខចិត្ត​ទេ ​ដោយសារ​តែ​ពួក​យើង​ដឹង​ថា អ្នក​ភូមិ​ណា​អត់ អ្នកភូមិ​ណា​មាន ចុះ​បងប្អូន​មេ​ភូមិ​មេឃុំ​វិញ ម៉េច​បាន​គាត់​អត់​ដឹងគាត់​ងងឹត​ភ្នែក​មែន​ទេឬ​មួយ​ក៏​គាត់​មើល​ឃើញ​តែ​បក្ស​ពួក​របស់​គ្នា​គាត់ ។ អត់​អាច​អនុម័ត​ថា ឯកភាព​ភូមិ​ព្រែកជីក​បាន ៣នាក់ ហើយ ៣នាក់​ហ្នឹង មិន​មែន​ស្ថិត​នៅ​ក្នុង​ក្រុម ៩៥៥ ទាំង​អស់​ទេ»

ការ​ទាមទារ​នេះ បន្ទាប់​ពី​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ៩៥៥គ្រួសារ ចំនួន ២នាក់ មាន​លោកស្រី ផាវ ញ៉ើង និង​លោក ហាន់ ទៀត បាន​ជួប​ពិភាក្សា​ជាមួយ​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា។ ក្នុង​កិច្ច​ប្រជុំ​នោះ តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ចុះ​ស្រង់​ឈ្មោះ និង​វាយតម្លៃ​លក្ខខណ្ឌ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច គ្មាន​តម្លា​ភាព ហើយ​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី។

អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី ក៏​បាន​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង ២នាក់ សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ឡើង​វិញ​ម្ដង​ទៀត។

អាជ្ញាធរ​ស្រុក​ស្រែអំបិល នៅ​ថ្ងៃ​ទី៨ ខែកក្កដា បាន​កំណត់​យក​ថ្ងៃ​ទី១៥ ខែកក្កដា​ខាង​មុខ​នេះ ដើម្បី​ចុះ​វាយ​តម្លៃ​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច នេះ​ជាថ្មី​ម្ដងទៀត។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ស្ដីទី​ស្រុក​ស្រែអំបិល លោក ហេង ប្រុស ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៨ ខែកក្កដា។

ជុំវិញ​បញ្ហា​នេះ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី អាជ្ញាធរ​គួរតែ​សហការ​ជាមួយ​តំណាង​ពលរដ្ឋ ដើម្បី​ចុះ​វាយតម្លៃ​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច តាម​សំណើ​របស់​ពលរដ្ឋ។ លោក យិន ម៉េងលី បញ្ជាក់​ថា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ស្វាគមន៍​ចំពោះ​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តកោះកុង ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ។

លោក យិន ម៉េងលី៖ «ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ធ្លាក់​ទៅ​លើ​ក្រុម​ណា​មួយ ព្រោះ​កាល​ណា​គោលការណ៍​សម្បទាន​សង្គម​កិច្ច គឺ​រដ្ឋ​មាន​គោលការណ៍​មួយ គឺ​ឲ្យ​ស្មើៗ គ្នា បើ​មួយ​ប្លង់ គឺ​មួយ​ប្លង់​ដូចគ្នា បើ​ពីរ​ប្លង់ គឺ​ពីរ​ប្លង់​ដូចគ្នា។ អ៊ីចឹង ចៀសវាង​យ៉ាង​ម៉េច កុំ​ឲ្យ​មាន​អ្នក​ខ្លះ​មាន ៣ប្លង់ ឬ ៤ប្លង់។ អ៊ីចឹង ដើម្បី​ឲ្យ​បញ្ហា​ហ្នឹង​ត្រឹមត្រូវ ឥឡូវ​ហ្នឹង យើង​និយាយ​ពី​បញ្ហា​មនុស្ស​សិន​ស្រង់​សលាកបត្រ​ពលរដ្ឋ​ហ្នឹង​ឲ្យ​ច្បាស់​លាស់​សិន ហើយ​ជំហាន​ទី២ ចាំ​យើង​ពិចារណា​ទៅ​លើ​ទំហំ​ដី​ហ្នឹង តែ​សំខាន់​គឺ​ស្រង់​ឲ្យ​បាន​សិន រក្សា​ទិន្នន័យ​ហ្នឹង​ឲ្យ​បាន​សិន កុំ​ឲ្យ​មាន​ការ​កើន​ឡើង ឬ​ថយ​ចុះ កុំ​ឲ្យ​មាន​ការ​បំបែក​គ្រួសារ»

វិវាទ​ដីធ្លី​របស់​សហគមន៍​ចំនួន៣ នៅ​ខេត្ត​កោះកុង​នេះ បាន​អូស​បន្លាយ​ពេល​ជិត ២០ឆ្នាំ​ហើយ ដោយសារ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ឱ្យ​ទៅ​ឧកញ៉ា និង​អ្នក​មាន​អំណាច​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​នោះ​មាន លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឧកញ៉ា និង​លោក ហេង ហ៊ុយ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ។

ដោយសារ​ជម្លោះ​ដីធ្លី​ទាំង​នេះ អាជ្ញាធរ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២៣ បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន ១២នាក់ មក​ពី​សហគមន៍​ចំនួន៣ បន្ទាប់​ពី​ពួក​គាត់​ព្យាយាម​ឡើង​ទៅ​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​តំណាង​សហគមន៍​របស់​ពួកគាត់​ចំនួន ៣០នាក់ និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គាត់។

ក្រោយ​មក​តុលាការ​បាន​ដោះលែង​សកម្មជន​ដីធ្លី​ទាំង​នោះ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ក្រៅ​ពី​ជាប់​ពន្ធនាគារ ពលរដ្ឋ​ខ្លះ​បាន​បាត់បង់​ជីវិត​ក្នុង​អំឡុង​ពេល​ចេញ​តវ៉ា ខ្លះ​ទៀត​ធ្លាក់​ខ្លួន​ក្រីក្រ បែកបាក់​គ្រួសារ និង​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ជាដើម៕

What Next?

Recent Articles