កម្ពុជា
កម្ពុជា-ពាណិជ្ជកម្ម
08/07/2024 – 11:54
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅឆ្នាំ២០២៤នេះ កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំលំដាប់ទី២ នៅក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីចំនួន២០ ដែលអនុញ្ញាតឱ្យបើកបនល្បែងស្របច្បាប់នៅក្នុងប្រទេស។ នេះបើតាមការចងក្រងទិន្នន័យរបស់គេហទំព័រ Insider Monkey។ តាម Insider Monkey កម្ពុជាមានបនល្បែងច្រើនជាងកាស៊ីណូនៅម៉ាកាវរបស់ប្រទេសចិនទៅទៀត។
Insider Monkey៖ កម្ពុជាក្លាយជាមជ្ឈមណ្ឌលល្បែងស៊ីសងធំលំដាប់ទី២នៅអាស៊ី
ទិន្នន័យចងក្រងដោយគេហទំព័រហិរញ្ញវត្ថុ Insider Monkey ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា កម្ពុជាឈរលេខរៀងលំដាប់ទី២ ក្នុងចំណោមប្រទេសចំនួន ២០ នៅតំបន់អាស៊ីដែលអនុញ្ញាតឱ្យបើកបនល្បែងស្របច្បាប់ ខណៈប្រទេសហ្វីលីពីនឈរលេខរៀងលំដាប់ទី១។ តាម Insider Monkey កម្ពុជាមានបនល្បែងចំនួន៥២ និងសណ្ឋាគារបនល្បែងចំនួន១៧ ក្នុងឆ្នាំ ២០២៤ ហើយហ្វីលីពីនមានបនល្បែងចំនួន៧៦ និងសណ្ឋាគារបនល្បែងចំនួន៦៦។ ទិន្នន័យរបស់គេហទំព័រហិរញ្ញវត្ថុ Insider Monkey ដដែលបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលំដាប់ក្រោមកម្ពុជា រួមមាន ម៉ាកាវដែលមានបនល្បែង៤៧ និងសណ្ឋាគារកាស៊ីណូ៥៩ ហើយវៀតណាមដែលមានបនល្បែង៤០ និងសណ្ឋាគារបនល្បែង២៩។
គេហទំព័រហិរញ្ញវត្ថុ Insider Monkey អះអាងថា ខ្លួនបានចងក្រងទិន្នន័យនេះឡើងដោយសំអាងលើទិន្នន័យរបស់បញ្ជីកាស៊ីណូក្នុងពិភពលោក (World Casino Directory) និងថា ទីផ្សារល្បែងស៊ីសងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺអាស្រ័យលើក្របខ័ណ្ឌច្បាប់ ទេសចរណ៍ និងតម្រូវការក្នុងស្រុក។ ជាក់ស្តែង កាស៊ីណូនៅម៉ាកាវ សិង្ហបុរី និងហ្វីលីពីនពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ និងទាក់ទាញអ្នកលេងល្បែងមកពីជុំវិញពិភពលោក។ ដោយឡែក ការដែលកម្ពុជាបាននាំមុខជាប្រទេសទាក់ទាញអ្នករកស៊ីល្បែងស៊ីសងត្រូវបានលោក Daniel Li ទីប្រឹក្សាក្រុមហ៊ុនពាណិជ្ជកម្មកម្ពុជាលើកឡើងកន្លងមកថា គឺមកពីកម្ពុជាយកពន្ធពីប្រតិករបនល្បែងទាប បើធៀបនឹងប្រទេសផ្សេងក្នុងតំបន់ ដូចជាវៀតណាម ឬសិង្ហបុរី។

លោក Daniel Li បានលើកឡើងដូចនេះនៅក្នុងពិព័រណ៍ល្បែងសកលអាស៊ីឆ្នាំ២០២៤ កាលពីខែឧសភាកន្លងទៅ និងត្រូវបានចុះផ្សាយដោយគេហទំព័រដែលនិយាយពីវិស័យឧស្សាហកម្មកាស៊ីណូនៅតំបន់អាស៊ី GGRAsia។ គួរបញ្ជាក់ថា កម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចបានដាក់គោលដៅរកចំណូលពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណឆ្នាំ២០២៤ នេះឱ្យបាន ២៩១ប៊ីលានរៀល។ តែទន្ទឹមនឹងរកចំណូលពីវិស័យល្បែង កម្ពុជាតាមរយៈគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានអះអាងពីការរឹតបន្តឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្មជាបន្តបន្ទាប់ ខណៈកម្ពុជាកំពុងកក្រើកករណីឆបោកតាមអនឡាញ សំងំលាក់ខ្លួនក្រោមអាជីវកម្មល្បែងកាស៊ីណូនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមរបាយការណ៍របស់អង្គការក្រៅស្រុក និងការចុះផ្សាយរបស់កាសែតបរទេសមួយចំនួន។ គួរដឹងថា កម្ពុជាផ្តល់អាជ្ញាបណ្ណឱ្យបើកល្បែងពាណិជ្ជកម្មតែពីរប្រភេទប៉ុណ្ណោះ គឺកាស៊ីណូ និងល្បែងផ្សងសំណាង។ គិតត្រឹមខែមករាឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានផ្តល់អាជ្ញាបណ្ណកាស៊ីណូចំនួន ១៨១ទីតាំង តែក្នុងចំណោមនោះ មានកាស៊ីណូតែ ចំនួន១៤១ ទីតាំងដែលបានបើកដំណើរការ៕