ការ​អំពាវនាវ​ឱ្យ​ប្រើ CoolApp ជា​ការ ​«ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​បក្ស​ និង​មន្ត្រី​រាជការ​សាធារណៈ»

ដោយ យ៉ង ចាន់តារា
2024.07.09
RFA

ការ​អំពាវនាវ​ឱ្យ​ប្រើ CoolApp ជា​ការ​«ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​បក្ស​ និង​មន្ត្រី​រាជការ​សាធារណៈ »

អគ្គនាយកសារព័ត៌មាន​ហ្វ្រេសញូវ លោក លឹម ជាវុត្ថា និងជាអគ្គនាយក ក្រុមហ៊ុន CoolApp Co., Ltd (ឃូល អេប)។ រូប៖ ហ្វេសប៊ុកលោក លឹម ជាវុត្ថា


អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច ឱ្យ​សមាជិក​បក្ស​និង​មន្ត្រី​រាជការ​សាធារណៈ​ប្រើ​កម្មវិធី CoolApp គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ដាក់​សម្ពាធ​ទៅ​លើ​ពួកគេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ឱ្យ​សមាជិក​របស់​ខ្លួន​គ្រប់​រាជធានី-ខេត្ត​ប្រើ CoolApp តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​បក្ស និង​ជា​ប្រធាន​ព្រឹទ្ធសភា។

អ្នក​ឃ្លាំមើល​ហៅ​ការ​ជំរុញ​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​និង​មន្ត្រី​រាជការ​ សាធារណៈ ប្រើ​កម្មវិធី CoolApp តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ថា​ជា​ការ​ដាក់​សម្ពាធ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក​គណបក្ស​កាន់​អំណាច​របស់​ ខ្លួន មន្ត្រី​រាជការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទូទៅ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី ០៧ ខែ​កក្កដា ថា កាល​ណា​សមាជិក អ្នក​គាំទ្រ​និង​កង​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​ មន្ត្រី​រាជការ បដិសេធ​ប្រើ​កម្មវិធី CoolApp នោះ​ពួកគេ​អាច​នឹង​រង​ការ​ចោទ​ប្រកាន់​ ផ្សេងៗ​ពី​បក្ខពួក​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

លោក ម៉ែន ណាត៖ «អ៊ីចឹង​នេះ ជា​សម្ពាធ​មួយ​ធ្ងន់ធ្ងរ ហើយ​និយាយ​ទៅ​វា​ជា​ការ​គំរាមកំហែង​លើ​ការ​រំលោភសិទ្ធិ​ភាព​របស់​បុគ្គល។ គេ​មិន​ប្រើ​ក៏​ដោយ គេ​មិន​ប្រើ​ក៏ដោយ​កុំ​បង្ខំ​គេ អាហ្នឹង​បើ​តាម​ផ្លូវ​ច្បាប់ តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស តាម​ខ្លឹម​សារ​រដ្ឋធម្មនុញ្ញ​អី គឺ​អ៊ីចឹង ប៉ុន្តែ​លោក ហ៊ុន សែន អត់​ខ្វល់​រឿង​​ខ្លឹមសារ​ច្បាប់ ឬ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទេ។ អ្នក​ណា​ប្រឆាំង​នឹង​ទស្សនៈ​គាត់ គឺ​គាត់​ធ្វើ​បាប​គេ អាច​គំរាមកំហែង​ដោយ​ពាក្យ​សម្ដី ដោយ​ប្រការ​ណា​ផ្សេង​ឬ​ក៏​អាច​រក​លេស​ចោទ​ប្រកាន់ ចាប់​ដាក់​គុក​តែ​មក​ម្ដង»

ការ​​លើក​ឡើង​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី៦ ខែ​កក្កដា បាន​ ចេញ​សេចក្ដី​ណែនាំ​ឱ្យ​អនុប្រធាន និង​សមាជិក​ទាំង​នៅ​ក្រសួង-ស្ថាប័ន​រាជធានី-ខេត្ត និង​តាម​បណ្តា​ប្រទេស​និង​ទ្វីប ព្រម​ទាំង​ក្រុម​ជំនួយ​ការ​លេខាធិការដ្ឋាន និង​ តាម​បណ្តា​ផ្នែក​ចំណុះ​នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ចូលរួម​ ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម CoolApp។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បំផុស​ដល់​អង្គការ​ចាត់​តាំង​និង​សមាជិក​យុវជន​ គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ធ្វើការ​ដំឡើង​ (Download) បណ្ដាញ​ទំនាក់ទំនង​សង្គម CoolApp និង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើប្រាស់​ បណ្ដាញ​ទំនាក់ទំនង​សង្គមCoolAppនេះ សម្រាប់​សកម្មភាព​ទំនាក់ទំនង​ការងារ​ ប្រចាំ​ថ្ងៃ។

គណបក្ស​ប្រជាជន​កម្ពុជា​ថា ការ​ប្រើ CoolApp នេះ គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​ និង​របាយការណ៍​នានា​ជូន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ (MDO) លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី ០៧ ខែកក្កដា ថា ការ​ប្រើ​កម្មវិធី CoolApp នេះ អាច​ទាក់ទាញ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច និង​អ្នក​ធ្វើការ​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​ថា ពួក​គេ​មិន​អាច​គេច​ផុត​ពី​ការ​ប្រើ​ប្រាស់ CoolApp ឡើយ។

លោក សេក សុជាតិ«ប្រើ​វា​យើង​ឈរ​លើ​គោលការណ៍​អី មិន​ប្រើ​វា​យើង​ឈរ​លើ​គោលការណ៍​អី ជា​ពិសេស​យើង​ផ្អែក​មើល​លើ​ឯកជន​ភាព។ តើ​នៅ​ក្នុង​កម្មវិធី​ទាំងអស់​ហ្នឹង គេ​មាន​ណែនាំ​ឬ​ក៏​គេ​មាន ការ​បញ្ជក់​នូវ​ព័ត៌មាន​អី​គេ​ខ្លះ​នៅ​ក្នុង​ការ ប្រើ​ប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់ ដែល​បាន​ចុះ​ឈ្មោះ ឬក៏​ផ្ដល់​នូវ​ព័ត៌មាន​ពិត ដូច​ជា លេខ​ទូរស័ព្ទ​ដូច​ជា​អ៊ីម៉ែល​ទៅ​កាន់​កម្មវិធី»។

លោក សេក សុជាតិ យល់​ឃើញ​ថា សម្រាប់​អ្នក​ដែល​មិន​មាន​ទំនាក់ទំនង​ជាមួយ​ គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាល ពួកគាត់​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ប្រើ​ ឬ​មិន​ប្រើ ជា​ពិសេស​សកម្មជន និង​អ្នក​ដែល​មាន​មតិផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពួកគេ​មិន​ទាន់​ហ៊ាន​ប្រើប្រាស់​ទេ។

កន្លង​ទៅ មាន​សកម្មជន​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​មួយ​ចំនួន ត្រូវ​បាន​ អាជ្ញាធរ​និង​តុលាការ ឃាត់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ក្រោយ​ពី​ពួកគេ​បាន​សន្ទនា​គ្នា តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​ស្រុក ខណៈ​លោក ហ៊ុន សែន ធ្លាប់​សារភាព​ថា លោក គឺជា​អ្នក​ប្រមូល​សារ​ទំនាក់ទំនង​ឯកជន​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់​ទៀត​ផង។

អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន់ ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៧ កក្កដា ថា ការ​ណែនាំ​ឱ្យ​មន្ត្រី​រាជការ និង​សមាជិក​គណបក្ស​កាន់​អំណាច​នៅ​តាម​ក្រសួង​ ពាក់ព័ន្ធ និង​នៅ​រាជធានី-ខេត្ត ឱ្យ​ប្រើ​ CoolApp នេះ បង្ហាញ​ពី​ការ​ខ្វះ​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ ឬ​មន្ត្រី​រាជការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក​កត់​សម្គាល់​ថា កន្លង​មក​មិន​មាន​កម្មវិធី CoolAppផង ប៉ុន្តែ​សារ​សំឡេង​សន្ទនា​ឯកជន​របស់​បុគ្គល​ម្នាក់ៗ បាន​បែក​ធ្លាយ​យ៉ាង​អានាធិបតេយ្យ​ទៅ​ហើយ។

លោក​ថា ការ​សម្រេច​ចិត្ត​ប្រើ​កម្មវិធី CoolApp របស់​មន្ត្រី​រាជការ និង​កង​កម្លាំង​ ប្រដាប់​អាវុធ អាច​មក​ពី​ពួកគេ​មិន​មាន​ជម្រើស​ក្នុង​ការ​បដិសេធ។

លោក វ៉ន់ ចាន់ឡូត៖ «ទំនង​ជា​មិន​មាន​ការ​ត្រឡប់​ក្រោយ​ទេ ដែល​កម្ពុជា​អាច​នឹង​ប្រើ​ប្រាស់​ទម្រង់​ស្រដៀង​ទៅ​នឹង​ប្រទេស​ចិន ឬ​ក៏​ប្រទេស​វៀតណាម ហើយ​នៅ​ពេល​ខាង​មុខ​រាល់​បណ្ដាញ​ទាំងអស់ អាច​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋ។ មាន​ន័យ​ថា រាល់​ការ​សន្ទនា​រាល់​ការ​ប្រើ​ប្រាស់​អ្វី​ផ្សេងៗ​គឺ​ត្រូវ​រដ្ឋ​គ្រប់គ្រង​ទាំងអស់»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ បាន​ទេ នៅ​ថ្ងៃទី០៧ ខែកក្កដា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

កម្មវិធី CoolApp ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ CoolApp Co., Ltd. ដែល​មាន​បុគ្គល​ឈ្មោះ លឹម ជាវុត្ថា ជា​ស្ថាបនិក និង​ជា​អគ្គនាយក។ បុគ្គល​រូប​នេះ​គឺ​ជា​ម្ចាស់​សារព័ត៌មាន​ស្និទ្ធ​នឹង​ត្រកូល «ហ៊ុន» ឈ្មោះ FreshNews ហើយ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ សារព័ត៌មាន FreshNews ​នេះ ធ្លាប់​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​ ហៅថា ជា «រោង​ចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ» និង​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល​ចិន។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កន្លង​ទៅ​បាន​ថ្លែង​សរសើរ​ បុគ្គល​ម្នាក់​ឈ្មោះ​សីហា​ថា មាន​សមត្ថភាព​គ្រប់គ្រាន់ ដែល​អាច​ចាប់​សំឡេង​សន្ទនា​របស់​លោក​ជាមួយ​មេ​បក្ស​ប្រឆាំង ដែល​ក្រោយ​មក​ឈ្មោះ​សីហា​នេះ ត្រូវ​បាន​ គេ​គិត​ថា ជា​រូប​លោក ហ៊ុន សែន ផ្ទាល់​តែម្តង ដោយសារ​តែ​លោក​កើត​នៅ​ក្នុង​ ខែសីហា និង​ដោយសារ​តែ​លោក មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល ដែល​ លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​អ្នក​ដទៃ​នោះ​ទេ។

ចំណែក​សារព័ត៌មាន FreshNews ដែល​មាន​លោក លឹម ជាវុត្ថា ជា​អគ្គនាយក​ សារព័ត៌មាន​និង​ជា​ស្ថាបនិក​បណ្ដាញ​សង្គម ឃូល អេប (CoolApp) នៅ​ពេល​នេះ តែង​ផ្សព្វផ្សាយ​សារ​សំឡេង​របស់​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​គេ​​ចាត់​ទុក​ថា ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​ឯកជន​របស់​បុគ្គល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles