កូដករ​ណាហ្គាវើលដ៍​បន្ត​តវ៉ា ទោះ​មាន​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​សកម្មជន​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់

០៩ កក្កដា ២០២៤
ប៉ោក លក្ខិណា
ជា ម៉ារ៉ា
វីអូអេខ្មែរ

រូបឯកសារ៖ កូដករពីរនាក់អង្គុយលើកបដាតវ៉ា នៅពីមុខក្រុមហ៊ុន ណាហ្គាវើល៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអួអេ)
រូបឯកសារ៖ កូដករពីរនាក់អង្គុយលើកបដាតវ៉ា នៅពីមុខក្រុមហ៊ុន ណាហ្គាវើល៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអួអេ)

ភ្នំពេញ —  ក្រុម​កូដករ​ណា​ហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្មទាម​ទារ​ឱ្យ​ដោះ​លែង​ថ្នាក់​ដឹក​នាំ​សហជីព​របស់​ខ្លួន និងទាម​ទារ​ឱ្យ​ថៅកែ​គោរព​សិទ្ធិការងារ​ បើទោះបី​សកម្មជន​ការងារ និង​បរិស្ថាន​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។

កាលពីថ្ងៃទី​ ៧ ខែកក្កដា ឆ្នាំ​ ២០២៤ ក្រុមកូដករ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ (NagaWorldបាន​បន្ត​កូដកម្ម​របស់​ខ្លួននៅ​ខាង​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍។ ​


ក្នុង​អំឡុង​ការ​ធ្វើ​កូដកម្ម​នោះ ក្រុម​កូដករ​បាន​បង្ហាញ​សៀវភៅ​ធំមួយ​ក្បាល​ធ្វើ​ពី​ក្រដាស​កាតុងតំណាង​ឱ្យ​សៀវភៅ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដែល​ពួកគេ​អះអាង​ថា កត់ត្រា​ពី​ចេតនា​ថៅកែ​ណា​ហ្គាវើលដ៍​ចង់​រំលាយ​សហជីព​របស់​ពួកគេពីឆ្នាំ​ ២០០៩​ រហូត​ដល់​ឆ្នាំ ​២០២៤ ​នេះ​។ ពួកគេ​មាន​លើក​បដា និង​ស្រែក​តាមមេក្រូទាម​ទារឱ្យ​ដោះ​លែង​ថ្នាក់​ដឹក​នាំ​សហជីព​របស់​ពួកគេ​ ទទួល​យកតំណាង​ទាំង​អស់​ចូល​ធ្វើការ​វិញ​ ពេល​ឈប់​ធ្វើ​ការ​ត្រូវ​គុណ​លុយ​តាម​ច្បាប់​ក្រុម​ហ៊ុន និងស្ថិរភាព​នៅ​កន្លែង​ធ្វើការ​ជាដើម។​

កូដកម្ម​របស់​កូដករ​ណាហ្គាវើលដ៍កាលពីថ្ងៃទី​ ៧ ខែកក្កដា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ១០ នាក់​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗពី ​៦ ​ទៅ ​៨ ​ឆ្នាំ ពីបទ​ប្រមាថព្រះ​មហាក្សត្រ និង​រួមគំនិត​ក្បត់ កាល​ពី​ថ្ងៃទី ​២ ខែ​កក្កដា ឆ្នាំ ២០២៤​។ ក្នុងនោះ​យុវជន ៥ ​នាក់ ​រួម​មាន​លោក​ ថុន រដ្ឋា​ លោក​ លី​ ចាន់​ដារ៉ាវុត​ កញ្ញា ឡុង គន្ធា​ កញ្ញា ភួន កែវរស្មី​ និង​លោក យឹម លាងហ៊ី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនទាំង​បង្ខំ​ ខណៈ​ដែល​ពួក​គេ​ប្រ​មូល​ផ្តុំ​គ្នា​ដើម្បី​ត្រៀម​ស្តាប់​ការ​ប្រកាស​សាល​ក្រម​។​

ចំណែកលោក​ ឃុន ថា​រ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ក៏​កំពុង​រង​ការ​ចោទ​ប្រ​កាន់​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង» ​ពី​មន្រ្តីសហជីព​មួយ​ដែល​គាំទ្រ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សម្ភាសន៍​របស់​លោក​ទៅ​វិទ្យុ​អាស៊ី​សេរី ​អំពី​របាយ​ការណ៍​ដែល​អង្គការ​សង់ត្រាល់​រក​ឃើញ​ថា សហជីព​នៅ​កម្ពុជា​បន្ត​រង​ការរឹតត្បិត។

កញ្ញា​ ចាន់​ ដាវី ​ប្រធានគ្រប់គ្រងហ្គេម​លើ​តុ​នៅ​កាស៊ីណូ​ណា​ហ្គាវើលដ៍​ ដែល​តែង​ចូលរួម​ធ្វើ​កូដកម្ម​ប្រាប់​វីអូអេ​ថា ការចាប់​ខ្លួន និង​ចោទប្រកាន់​សកម្មជនសិទ្ធិការងារ និង​បរិស្ថាន​ទាំង​នោះ ធ្វើ​ឱ្យ​កញ្ញា​មាន​ការ​ភ័យ​ខ្លាចខ្លះ​ដែរ ប៉ុន្តែ​កញ្ញាថានឹង​នៅ​តែបន្តតវ៉ា​រហូតមាន​ដំណោះ​ស្រាយ​។

កញ្ញា​និយាយ​ថា៖ «សម្រាប់​ខ្ញុំ​ បើ​និយាយ​រឿង​ភ័យ​ខ្លាច​ ខ្ញុំ​ភ័យ​ខ្លាច​ដូច​តែ​គ្នា​ទេបង​។ ប៉ុន្តែ​បើ​យើង​មិន​ធ្វើ​អ្វី​សោះ​ គង់​តែ​ដល់​វេន​យើង​ទេ​ អា​រឿង​ហ្នឹង​នុះ​»


ព័ត៌មាន​ទាក់ទង៖ ក្រុម​មេដឹក​នាំ​សហ​ជីព​ណាហ្គា​វើល​ដ៍​ ​​បន្ត​​​​ស្វែង​រក​យុត្តិ​ធម៌​ក្រោយ​​បរាជ័យ​នៅ​សាលា​ឧទ្ធរណ៍

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងស្ថិតក្នុងឡាន ដែលមន្ត្រីពន្ធនាគារដឹកយកទៅឃុំឃាំងបន្ត បន្ទាប់ពីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងស្ថិតក្នុងឡាន ដែលមន្ត្រីពន្ធនាគារដឹកយកទៅឃុំឃាំងបន្ត បន្ទាប់ពីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

កញ្ញាទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយសម្រាប់​ក្រុម​កូដករ ដោយទម្លាក់​បទ​ចោទ និង​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ ព្រមទាំង​ឱ្យ​សហជីព​ចូល​ធ្វើការ​វិញ​ទាំង​អស់គ្នា​។

​កញ្ញា​ថ្លែង​ថា​៖ «និយាយ​រួម​ទៅ​ ដំណោះ​ស្រាយ​ខាង​កូដ​ករ​យើង​ហ្នឹង​ទទួល​បាន​សមរម្យ​គឺ​ពួក​យើង​ឈប់​តវ៉ា​ទៀត​ហើយ​។ រាល់​ថ្ងៃ​ហ្នឹង​ វា​អត់​មាន​ដំណោះ​ស្រាយ​ណា​មួយ​ដែល​យើង​អាច​ទទួល​យក​បាន​ទេ​»​

អ្នក​ស្រី​ សយ ស៊ីថា បុគ្គលិក​ផ្នែក​ចែកបៀរ​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍ដែល​ចូលរួម​ធ្វើ​កូដកម្ម​ដែរ​នោះប្រាប់​វីអូអេថា​ ​អ្នកស្រី​មិន​ដក​ថយ​ និង​នៅ​តែ​តស៊ូ​មតិ​ក្នុងការ​ទាម​ទារ​សិទ្ធិ​សេរី​ភាព​ការងារ។ អ្នក​ស្រី​បន្ត​ថា​ ប្រសិនបើអ្នក​ស្រី​នៅបន្ត​ការ​តស៊ូ​ នោះ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​។

អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​អត់​មាន​អារម្មណ៍ភ័យ​ខ្លាច​ទេ។ ខ្ញុំ​នៅ​តែ​មាន​ទឹក​ចិត្ត​ និង​ចូល​រួម​តស៊ូ​ទៀត​កាន់​តែ​ពង្រឹង​ទឹក​ចិត្ត​។ ខ្ញុំ​នៅ​តែ​ចង់​តស៊ូ​ទៀត​ ពេលឃើញ​ភាព​អយុត្តិធម៌​អ៊ីចឹង​»​។

ក្រុម​កូដករតែង​ធ្វើកូដ​កម្មនៅ​ខាងមុខក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ជាទៀង​ទាត់ ខណៈ​ដែល​វិវាទការងារ​រវាង​សហជីព​កម្មករ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​អូស​បន្លាយ​ពេល​ជិត ​៣ ​ឆ្នាំ​មក​ហើយ​។ ​មេដឹកនាំ​សហជីពគឺ​កញ្ញា ឈឹម ស៊ីថរ កំពុង​ជាប់​ពន្ធនាគារ​ ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​ធ្វើ​កូដកម្ម​នេះ។​

លោក ​អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លើក​ឡើង​ថា បើទោះបី​ជាមេដឹកនាំ​សហជីព​មួយ​ចំនួន​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់ ​ប៉ុន្តែ​កូដកម្ម​របស់​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍នៅ​តែ​បន្ត​ដោយសារ​វិវាទ​នេះ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ។​

លោក​ថ្លែង​ថា៖ ​«​កូដកម្ម​នៅ​តែ​បន្ត យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​។​ អ៊ីចឹង​ទាក់​ទង​នឹង​ការ​ចាប់ខ្លួន​ ការ​ឃុំខ្លួន​ ការចោទ​ប្រកាន់​អីជាដើម​ ដែល​ជាបទ​ពិសោធន៍​កន្លងមក​ វា​មាន​ជា​បន្តបន្ទាប់ ទោះបីជា​យើង​ឃើញ​ថា​កូដករ​មាន​ចំនួន​ថយចុះក៏​ដោយ យើង​ឃើញ​ថា​កូដករ​មាន​ចំនួន​ថយចុះ​ក៏ដោយ ប៉ុន្តែ​បើសិនជា​កូដកម្ម​ហ្នឹង​វានៅតែ​បន្ត អ៊ីចឹង​អា​បញ្ហា​ប្រឈម​សម្រាប់​ពួកគាត់​អាច​មាន​តទៅ​ទៀត​សម្រាប់​ថ្ងៃក្រោយ»

លោក​បន្ថែម​ថា លោក​ចង់​ឃើញ​ដំណោះស្រាយដើម្បី​បញ្ចប់វិវាទ​ការងារ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ឱ្យ​បាន​ឆាប់ៗ ដើម្បីឱ្យ​គ្រប់ភាគី​ទទួល​បាន​ផល​ចំណេញ​ទាំងអស់​គ្នា រួមទាំងមុខមាត់​កម្ពុជាផង​។ ​

អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក អ៊ន​ កត្តា​ បាន​ប្រាប់​វីអូអេ​ថា​ ច្បាប់​ការងារ​បាន​ធានា​ការពារ​សិទ្ធិ​នៃ​អត្ថ​ប្រយោជន៍​ជូន​កម្មករ​និយោជិត​ ​និយោជក​មិនអាច​បង្ខំ​ឱ្យ​បន្ត​ការងារ​ ​ហើយ​កម្មករ​និយោជិត​មិន​អាច​បង្ខំ​និយោជក​ឱ្យបន្ត​ការងារ​ដែល​ខុស​ឆន្ទៈ​នៃ​ការ​ព្រមព្រៀង​បាន​ទេ។

លោក​ថ្លែង​ថា៖ «​ពួកគាត់​បាន​ប្រឹងប្រែង​ធ្វើការ​តវ៉ា​ដោយគ្មាន​គិតអំពី​ការងារ​ដែលខ្លួន​ត្រូវធ្វើ​ ត្រូវរក​ចំណូល​ចិញ្ចឹម​គ្រួសារ នេះ​គឺជារឿង​ចម្លែក​មួយ​ដែរ។ ​អ្វី​ដែល​ជា​សំណូមពរ​របស់​ខ្ញុំ ​គឺថា​សូម​ឱ្យ​បង​ប្អូន​បញ្ចប់​ការធ្វើ​ការតវ៉ា​នេះ ហើយ​ប្រើ​យន្តការ​តុលាការ​ដើម្បី​ដោះស្រាយ​ករណី​បងប្អូន​ដើម្បី​បញ្ចប់​ករណីនេះ​ត្រឹមត្រូវ​តាម​ច្បាប់»

វិវាទ​ការងារ​រវាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ី​ណូ​ណាហ្គាវើលដ៍​រហូត​ដល់​មាន​កូដកម្ម​រាប់​ឆ្នាំ​ កើត​ឡើង​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ ​១.៣០០ ​នាក់ ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ត្រូវ​បាន​បញ្ឈប់​ពី​ការងារ អំឡុង​ខែ​មេសា ឆ្នាំ​ ២០២១។ ការ​បញ្ឈប់​នេះ​ត្រូវ​បាន​អ្នកឃ្លាំមើល​សិទ្ធិការងារមើល​ឃើញ​ថា​ ជា​ចេតនា​ក្នុង​ការ​បំបាត់​សហជីព​ឯក​រាជ្យក្នុងក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕

What Next?

Recent Articles

Leave a Reply

Submit Comment