ជនជាតិ​ដើម​ព្នង ៣៥គ្រួសារ ផ្តិត​មេដៃ​ស្នើ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ឱ្យ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​មេហ្គា ហ្វើស ដែល​ឈូសឆាយ​ផល​ដំណាំ​ពួក​គាត់

ដោយ សុ ជីវី
2024.07.09
RFA

ជនជាតិ​ដើម​ព្នង ៣៥គ្រួសារ ផ្តិត​មេដៃ​ស្នើ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ឱ្យ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​មេហ្គា ហ្វើស ដែល​ឈូសឆាយ​ផល​ដំណាំ​ពួក​គាត់

ទិដ្ឋភាព​ដី​ស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច ក្នុងភូមិពូឡេះ ឃុំដាក់ដាំ ខេត្តមណ្ឌលគិរី ដែល​ពលរដ្ឋ​ចោទ​ថា ក្រុមហ៊ុន​មេហ្គាហ្វើស (Mega First Corporation Berhad) ឈូសឆាយ​ផល​ដំណាំ​ពួក​គាត់ កាល​ពី​កំឡុង​ខែមេសា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ


ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជា​ច្រើន​គ្រួសារ​បាន​ផ្ដិត​មេដៃ​រួមគ្នា ស្នើ​ឱ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន ដោះ​ស្រាយ​ជា​បន្ទាន់ ករណី​​ក្រុមហ៊ុន​មេហ្គា ហ្វើស (MEGA FIRST CORPERATION) បន្ត​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួកគាត់​អស់​ជា​ច្រើន​ហិកតារ ដើម្បី​ហ៊ុម​ព័ទ្ធ​យក​ដី​ស្រែ​ចម្ការ​របស់​អ្នកភូមិ​ទាំង​មូល។


ជនជាតិ​ដើម​ភាគ​តិច​ព្នង ៣៥គ្រួសារ​ រស់​នៅ​ក្នុង​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង កំពុង​អន្ទះសា​ក្នុង​ចិត្ត ខ្លាច​ក្រែង​បាត់បង់​ដី​ស្រែ​ចម្ការ​ទាំង​ស្រុង ដោយ​គ្មាន​កន្លែង​ដាំដុះ​​ចិញ្ចឹម​ជីវិត។

ពលរដ្ឋ​ទាំង​នោះ​ចោទ​ក្រុមហ៊ុន​មេហ្គា ហ្វើស ថា បំពាន​ពាក្យ​សន្យា និង​បំពាន​គោលការណ៍​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល។


តំណាង​ប្រជា​ពលរដ្ឋ​លោក ចយ ឆ្វង់ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ កក្កដា​ថា ក្រុមហ៊ុន​មេហ្គា ហ្វើស បាន​ឈូស​ឆាយ​ដំណាំ​ដំឡូង កាហ្វេ និង​ដំណាំ​ម្រេច របស់​អ្នកភូមិ អស់​ជា​ច្រើន​ហិកតារ នៅ​រយៈ​ពេល​ជាង ៣ខែ​កន្លង​ទៅ​នេះ ​ដើម្បី​ហ៊ុម​ព័ទ្ធ​យក​ដី​ស្រែ​ចម្ការ ​របស់​ពួក​លោក​ទាំង​ស្រុង។  រីឯ​អ្នកភូមិ​ជាង ៦០ នាក់ បាន​លើក​គ្នា​តវ៉ា ចុះ​ឃាត់​គ្រឿង​ចក្រ របស់​ក្រុមហ៊ុន​ជា​ច្រើន​ដង ៖

លោក ចយ ឆ្វង់៖ « ក្រុមហ៊ុន​យក​អស់​មិនមែន​កន្លែង​នៅ​ទេ​ចម្ការ​ ទទួល​ផល​មក​វិញ គឺ​អស់ បើ​ក្រុមហ៊ុន គឺ​យក​អស់ ខ្ញុំ​អត់​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ស្មើ​ហ្នឹង​សម្លាប់​មនុស្ស​ទាំង​រស់»


កាល​ពី​ថ្ងៃ​ទី៨ ខែកក្កដា ពលរដ្ឋ​ចំនួន ៣៥គ្រួសារ ដែល​មាន​ដី​អាស្រ័យ​ផល​ ជិត ៤០ហិកតារ នៅ​ចំណុច​អូរពុល ក្នុង​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង បាន​ផ្ដិត​មេដៃ​ស្នើ​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី លោក ថន សាវុន ដោះស្រាយ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ជាក់​ស្ដែង​ជូន​ពួកគាត់។

ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី កាត់​ឆ្វៀល​ដី ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​សង​ ប៉ះប៉ូវ​ការ​ខូចខាត​ផល​ដំណាំ​ឱ្យ​បាន​សមរម្យ។


វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក ស៊ុន សារុន បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៩ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ រីឯ​តំណាង​ក្រុមហ៊ុន មេហ្គា ហ្វើស ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកភូមិ​ថា កន្លង​ទៅ តំណាង​ក្រុមហ៊ុន​មេហ្គា ហ្វើស បាន​សន្យា​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ថា ក្រុមហ៊ុន នឹង​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ កាត់​ឆ្វៀល រាល់​ចំណុច​ប៉ះពាល់​ជាក់ស្ដែង​ ស្រប​តាម​គោលការណ៍​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច របស់​រាជ​រដ្ឋាភិបាល ក៏​ប៉ុន្តែ​ក្រុមហ៊ុន​មិន​អនុវត្ត​ពាក្យ​សន្យា​នេះ​ទេ។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ប៊ី វ៉ាន់ នី យល់​ថា រាល់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ណា​មួយ មុន​នឹង​ឈូស​ឆាយ​អាជ្ញាធរ​ខេត្ត​និង​ក្រុមហ៊ុន​ គួរតែ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ជា​មុន​សិន ចៀសវាង​មាន​បញ្ហា​កើត​ឡើង។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ចុះ​ស្រាវជ្រាវ​ និង​ដោះស្រាយ​ករណី​នេះ ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ជូន​ពលរដ្ឋ។

លោក ប៊ី វ៉ាន់នី៖ «ស្នើ​សុំ​អស់​អាជ្ញាធរ​ខេត្ត​មេត្តា​ចុះ​ត្រួត​ពិនិត្យ​គោលការណ៍​ច្បាប់​និង​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ ក្រុមហ៊ុន​រំលោភ​ដី​ប្រជា​ពលរដ្ឋ​ អ៊ីចឹង​ត្រូវ​ដោះស្រាយ​ចំណង​ជា​មុន មិន​យក​ដី​ឱ្យ​ក្រុមហ៊ុន។

ខ្លឹមសារ​ក្នុង​ញត្តិ​ដាក់​ជូន​អភិបាល​ខេត្ត​មណ្ឌលគិរី ពលរដ្ឋ​ឱ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​ព្នង​បាន​អាស្រ័យផល ធ្វើ​ស្រែ​ចម្ការ បែប​ប្រពៃណី នៅ​ចំណុច​អូរ​ពុល ក្នុង​ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ចាប់​តាំង​ពី​ឆ្នាំ១៩៩៧ ដោយ​មាន​ដំណាំ​ស្រូវ ដំឡូង កាហ្វេ និង​ដំណាំ​ផ្សេងៗ ទៀត ។

រីឯ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេហ្គា ហ្វើស របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ជាង ៩ពាន់​ហិកតារ នៅ​ស្រុក​អូរ​រាំង កាលពី​ឆ្នាំ២០១២។

ពលរដ្ឋ​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ករណី​នេះ​ទេ អ្នកភូមិ​នឹង​លើក​គ្នា​តវ៉ា​ នៅ​សាលាខេត្ត​មណ្ឌលគិរី​ទ្រង់ទ្រាយ​ធំ៕

What Next?

Recent Articles