តុលាការ​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​ប្រធាន​គណបក្ស​ភ្លើង​ទៀន​នៅ​ចុង​ខែ​កក្កដា

ដោយ ច័ន្ទ ដារ៉ូ
2024.07.09
RFA

តុលាការ​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​ប្រធាន​គណបក្ស​ភ្លើង​ទៀន​នៅ​ចុង​ខែ​កក្កដា

​ប្រធាន​បក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែ​កក្កដា ២០២៤។ រូប៖ តេឡេក្រាមគណបក្សភ្លើងទៀន


តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្រធាន​គណបក្ស​ភ្លើងទៀន​ពាក់ព័ន្ធ​លោក​បញ្ចេញមតិ​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​គណបក្សកាន់អំណាច​នៅ​ថ្ងៃ​ទី២៥ ខែ​កក្កដា​ខាងមុខ​នេះ។ គណបក្ស​ភ្លើងទៀន និង​មន្ត្រី​សិទ្ធិមនុស្ស​រំពឹង​ថា តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​មេ​បក្ស​ជំទាស់​រូប​នេះ ដើម្បី​បើក​លំហ​ប្រជាធិបតេយ្យ និង​ការផ្សះផ្សា​ជាតិ ពីព្រោះ​ការ​លើកឡើង​របស់​លោក​កន្លងមក​ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​របស់​ប្រធាន​បក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល ពី​បទ​«បរិហារ​កេរ្តិ៍​ជា​សាធារណៈ» តប​តាម​ពាក្យ​បណ្ដឹង មេធាវី​តំណាង​របស់​រដ្ឋាភិបាល​ដែល​បាន​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ផ្តល់​សម្ភាសន៍​ឱ្យ​សារព័ត៌មាន​អន្តរជាតិ​កន្លងទៅ​ថា ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល។

សវនាការ​ជំនុំជម្រះ​លើ​អង្គ​សេចក្តី​នៅ​រសៀល​នេះ ភាគី​មេធាវី​របស់​រដ្ឋាភិបាល ​និង​មេធាវី​ការពារ​ឱ្យ​ជនជាប់ចោទ​បាន​សួរ​ដេញដោល​គ្នា​ស្វិតស្វាញ​​ដោយ​ភាគី​នីមួយៗ​សម្អាង​ហេតុផល​ផ្លូវ​ច្បាប់​រៀងៗ​ខ្លួន។ បើ​ទោះ​បី​ការ​សួរ​ដេញដោល​មាន​ភាព​តាន​ដឹង​បន្តិច លោក ទាវ វណ្ណុល និង​មេធាវី​ការពារ​ក្តី​ព្យាយាម​ឆ្លើយ​សំណួរ ​របស់​មេធាវី​រដ្ឋាភិបាល និង​តំណាង​អយ្យការ​ដែល​ចោទ​សួរ។ លោក ទាវ វណ្ណុល បាន​លើកឡើង​ថា​ខ្លឹមសារ​ដែល​អត្ថបទ​កាសែត​ជប៉ុន នីកេ អេស៊ា (Nikkei Asia) បាន​ចុះផ្សាយ​នោះ គឺ​ជា​ការយល់​ឃើញ​របស់​លោក​៨០ភាគរយ ហើយ​អាជ្ញាធរ​បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក​គឺ​ជា​ការពិត។ លោក​បន្ថែម​ថា ការ​ចាប់ខ្លួន​មន្ត្រី និង​សកម្មជន​គណបក្ស​ភ្លើងទៀន​មួយចំនួន​ដាក់គុក​នៅ​ដើម​ឆ្នាំ២០២៤ ជា​ហេតុផល​ដែល​នាំ​ឱ្យ​លោក​និយាយ​ថា លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​បន្ត​ធ្លាក់ចុះ​នៅ​អាណត្តិ​រដ្ឋាភិបាល​ថ្មី ក្រោម​ការដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត។ ក្រោយ​ស្តាប់​ការ​បកស្រាយ​រួច​ហើយ ចៅក្រម​ជំនុំ​ជម្រះ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង​នេះ​ទៅ​​​ថ្ងៃ​ទី២៥ ខែ​កក្កដា។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន​លោក លី សុធារ៉ាយុត្តិ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្តីក្តាំ​ដែល​រដ្ឋាភិបាល​ប្តឹង​ផ្តល់​នេះ​នៅ​ពេល​ចប់​សវនាការ​គឺ​លោក ទាវ វណ្ណុល ប្រាប់​​អ្នកសារព័ត៌មាន​ថា លោក​ហាក់​មិន​សង្ឃឹម​​នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ដោយសារតែ​គាត់​ជា​ប្រធាន​គណបក្ស​ជំទាស់។ លោក លី សុធារ៉ាយុត្តិ ស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​អ្នក​នយោបាយ និង​សកម្មជន​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

លោក លី សុធារ៉ាយុត្តិ៖ «អ្នក​នយោបាយ​គឺ​គាត់​បញ្ចេញមតិ​ទៅតាម​ការសង្កេត​របស់​គាត់ ទៅ​តាម​អ្វី​ដែល​គាត់​បាន​មើល​ឃើញ អ្វី​ដែល​បាន​រៀន​សូត្រ អ្វី​ដែល​គាត់​បាន​ដឹង អ៊ីចឹង​យើង​មិន​ចង់​ឃើញ​មាន​ការ​ប្តឹង​ផ្តល់​គ្នា មាន​ការ​ចោទ​ប្រកាន់​គ្នា អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ការបង្កើត​ទំព័រ​ថ្មី​មួយ​រវាង​អ្នកនយោបាយ​និង​អ្នកនយោបាយ​និយាយ​ត្រង់​ទៅ​ត្រង់​មក ត្រូវ​រ៉ូវ​គ្នា​ក្នុង​ចំណោម​អ្នកនយោបាយ​ពួត​ដៃ​គ្នា​កសាង​ប្រទេស»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី០៨ ខែកក្កដា។

ទាក់ទង​រឿង​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក គឹម ពិសិដ្ឋ ដែល​តាម​ឃ្លាំមើល​សវនាការ​នេះ​មើលឃើញ​ថា លោក ទាវ វណ្ណុល ព្យាយាម​បង្ហាញ​ពី​ការ​ផ្តល់​បទសម្ភាសន៍​ឱ្យ​កាសែត​អន្តរជាតិ​កន្លង​មក ជា​ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​យល់​ថា ការ​លើកឡើង​ពី​ចំណុច​ខ្វះខាត​ណាមួយ​គួរ​ទទួល​បាន​ការ​លើក​ទឹកចិត្ត ប៉ុន្តែ​បើសិន​សកម្មភាព​បញ្ចេញមតិ​ត្រូវ​រង​ការចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​មិន​គួរ​កើតឡើង​នោះ​ទេ ខណៈ​កម្ពុជា​ជា​សង្គម​ប្រជាធិបតេយ្យ​ដែល​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ឬ​ទស្សនៈ​ដោយ​គ្មាន​ការរារាំង​នោះ។

លោក គឹម ពិសិដ្ឋ៖ «អ៊ីចឹង​បើ​ការ​ជជែក​ណាមួយ ការ​លើកឡើង​ពី​ចំណុច​ខ្វះខាត​ណាមួយ​ត្រូវ​បាន​ដាក់​ទណ្ឌ​អូស​ដំណើរ វា​ធ្វើ​ឱ្យ​សកម្មភាព​នៃ​ការចូលរួម​ ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ហាក់​មិន​បាន​ពេញលេញ។ បើសិន​ករណី​ហ្នឹង​កើតឡើង​អំពី​ស្ថានភាព​នយោបាយ អំពី​រឿង​នយោបាយ​គួរតែ​មាន​ឱកាស​ជជែក​គ្នា​អំពី​ដំណោះស្រាយ​រួម​ណាមួយ​ដើម្បី​តម្កល់​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ​ដើម្បី​យើង​រួម​ដំណើរ​ទៅ​មុខ​ជាមួយ​គ្នា​ទៀត​បាន​បាទ»។

លោក ទាវ វណ្ណុល បាន​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ជប៉ុន នីកេ អេស៊ា (Nikkei Asia) កាល​ថ្ងៃ​ទី៥ កុម្ភៈ ថា គ្មាន​ប្រជាធិបតេយ្យ​ទេ​នៅ​កម្ពុជា។ មេ​បក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ថា ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​មក លោក ហ៊ុន ម៉ាណែត បាន​រឹត​បន្តឹង ការគ្រប់គ្រង​លើ​គូ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ដូច​នឹង​ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន ដែរ។ លោក ទាវ វណ្ណុល អះអាង​ថា​រដ្ឋាភិបាល​ថ្មី ​បាន​គំរាមកំហែង និង​ចាប់ខ្លួន​​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ហើយ​សូម្បី​តែ​រូប​លោក និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ផ្សេងទៀត ក៏​ត្រូវ​បាន​គេ​តាមដាន​ដោយ​កាមេរ៉ា​២៤ម៉ោង​ដែរ។ ការ​លើក​ឡើង​របស់​លោក ទាវ វណ្ណុល នេះ ក្នុង​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ដើម​ខែកុម្ភៈ។

សំណុំ​រឿង​របស់​លោក ទាវ វណ្ណុល នេះ​ដែរ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា តុលាការ ​និង​អាជ្ញាធរ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​សេរីភាព​បញ្ចេញមតិ និង​បទ​ល្មើស ពី​ព្រោះ​កន្លង​មក​បញ្ហា​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​កម្ពុជា​ជា​បន្តបន្ទាប់​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ជាពិសេស​សិទ្ធិពលរដ្ឋ នយោបាយ ហើយ​ស្នើ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ទាំងនោះ​ឱ្យ​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles