ដោយ មាន ឫទ្ធិ
2024.07.09
RFA
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី។ រូប៖ ហ្វេសប៊ុកលោក គីម រិទ្ធី
ប្រជាពលរដ្ឋក្រីក្រ រស់នៅស្រុកគូលែន ខេត្តព្រះវិហារ ជាង២០០គ្រួសារ ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ និងជួយកាត់ឆ្វៀលដីឲ្យពួកគាត់បានអាស្រ័យផល សម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃមុខ។ សង្គមស៊ីវិល ចង់ឃើញអាជ្ញាធរដោះស្រាយកង្វល់របស់ពលរដ្ឋដោយសន្តិវិធី។
ប្រជាពលរដ្ឋក្រីក្រ ជាង២០០គ្រួសារ ដែលកំពុងប្រឈមនឹងអាជ្ញាធរខេត្តចុះបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល រស់នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ទទូចឲ្យអាជ្ញាធរបញ្ឈប់គម្រោងរុះរើផ្ទះសម្បែង ហើយងាកមករកដំណោះស្រាយដោយកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋទុកគ្រាន់ចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ។
ប្រជាពលរដ្ឋរស់នៅឃុំគូលែនជើង លោកស្រី បុន សុផាន្នី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែកក្កដាថា ប្រជាពលរដ្ឋជាង២០០គ្រួសារនៅព្រួយបារម្ភខ្លាច អាជ្ញាធរចុះរុះរើផ្ទះសម្បែង និងបណ្ដេញចេញទាំងបង្ខំ។ ពួកគាត់នៅតែទទូចទៅអាជ្ញាធរពាក់ព័ន្ធជួយសម្រួលដោះស្រាយឲ្យប្រជាពលរដ្ឋ និងកាត់ឆ្វៀលដីដែលពលរដ្ឋកំពុងអាស្រ័យផលទាំងនោះឲ្យទៅពួកគាត់ ហើយពួកគាត់នឹងមិនទន្ទ្រានដីព្រៃរបស់រដ្ឋនោះទេ។ លោកស្រីបន្ថែមថា ពលរដ្ឋទាំងនោះ សុំត្រឹមដីដែលពួកគាត់អាស្រ័យផលបច្ចុប្បន្នតែប៉ុណ្ណោះ លើសពីនោះពួកគេមិនទាមទារអ្វីឡើយ។
លោកស្រី បុន សុផាន្នី៖ «គ្រាន់តែគេមកធ្វើបច្ចុប្បន្នភាពឲ្យយើងគេមិនបានដេញដូចលើកមុននោះទេ មិនដឹងថាគេចុះយកឯកសារវិភាគឬធ្វើយ៉ាងម៉េចខ្ញុំមិនដឹងដែរ។ សុំតែដីលំនៅឋាន និងដីអាស្រ័យផលសព្វថ្ងៃប៉ុណ្ណឹងបានហើយ មិនចង់បានអ្វីទៀតទេ គាត់មិនមានទៅសុំរុករានដីព្រៃរុករានថ្មីគឺអត់ទេ សុំដីដែលគាត់បានធ្វើ ផ្ទះសាងសង់ហើយកុំឲ្យគេរើតែប៉ុណ្ណឹងឯង»។
ពលរដ្ឋលើកឡើងទៀតថា រយៈពេលបីថ្ងៃមកហើយ ឃើញមានអាជ្ញាធរចុះស្រង់ឈ្មោះរបស់ប្រជាពលរដ្ឋ ប៉ុន្តែពួកគេមិនទាន់ដឹងថាអាជ្ញាធរទាំងនោះចុះស្រង់ឈ្មោះដើម្បីអ្វីនោះទេ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តព្រះវិហារ ណុប វុធ្ធី ដើម្បីសុំការបំភ្លឺបានទេ ។ ប៉ុន្តែកាលពីថ្ងៃទី២ ខែមិថុនា សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានដាក់ឱសានវាទឲ្យប្រជាពលរដ្ឋរស់នៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវរុះរើផ្ទះសម្បែង និងចាកចេញពីភូមិ ត្រឹមថ្ងៃទី១៨ ខែមិថុនា ជាកំហិត ប្រសិនបើប្រជាពលរដ្ឋមិនព្រមចាកចេញ និងហ៊ានចេញតវ៉ា អាជ្ញាធរខេត្តនេះនឹងចាត់វិធានការក្ដៅជាក់ជាមិនខាន។ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តព្រះវិហារមិនទាន់ចាត់វិធានការក្ដៅទៅលើប្រជាពលរដ្ឋជាង២០០គ្រួសារនោះទេ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋរស់នៅតំបន់នោះច្រើនឆ្នាំហើយ រដ្ឋាភិបាលគួរផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។
លោក យិន ម៉េងលី៖ «សុំឲ្យរដ្ឋាភិបាលកាត់បន្ថយដីសម្បទានសេដ្ឋកិច្ចដែលអាចធ្វើទៅបាន ដើម្បីទុកដីទាំងអស់នោះឲ្យប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ប្រជាពលរដ្ឋដែលគាត់រកគ្រោះមិនប្រាកដឲ្យគាត់មាន លទ្ធភាពដើម្បីបង្កបង្កើនផលចិញ្ចឹមជីវភាពគ្រួសាររបស់ពួកគាត់ទៅ ដើម្បីកាត់បន្ថយការចំណាក់ស្រុក»។
ពលរដ្ឋបានតាំងទីលំនៅ និងអាស្រ័យផលនៅតំបន់នោះចាប់តាំងពីឆ្នាំ១៩៩៩ មក ។ ពលរដ្ឋអះអាងថា ប្រសិនបើអាជ្ញាធរខេត្តមួយនេះមិនព្រមដោះស្រាយឲ្យពួកគេនោះទេ ពួកគេនឹងនាំគ្នាឡើងទៅរាជធានីភ្នំពេញ ដើម្បីស្នើឲ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ និងស្វែងរកដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។