មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ប្រារព្ធ​ពិធី​រម្លឹក​ខួប​គម្រប់៨ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី

ដោយ ទីន ហ្សាការីយ៉ា
2024.07.09
RFA

មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា  ប្រារព្ធ​ពិធី​រម្លឹក​ខួប​គម្រប់៨ឆ្នាំ នៃ​មរណភាព​បណ្ឌិត កែម ឡី

ទិដ្ឋភាពមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារៀបចំកម្មវិធីរម្លឹកខួប ៨ ឆ្នាំ នៃមរណភាពរបស់បណ្ឌិត កែម ឡី នាការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ កក្កដា ២០២៤។ រូប៖ ហ្វេសប៊ុក CCHR


មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ប្រារព្ធ​ពិធី​រម្លឹក​ខួប​គម្រប់​៨ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី តាម​រយៈ​សកម្មភាព​ផ្សេងៗ​ ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ ការ​នឹក​រលឹក និង​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​វិភាគ បញ្ហា​សង្គម ​រូប​នេះ។ ចំណែក​អង្គការ​​សង្គម​ស៊ីវិល​ និង​យុវជន​ផ្សេង​ទៀត​គ្រោង​​​នឹង​រម្លឹក​ខួប​គម្រប់​៨ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី​ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា​ នៅ​តាម​ទីតាំង និង​ខេត្ត​ផ្សេងៗគ្នា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា (CCHR) នៅ​ថ្ងៃ​ទី​ ០៩ កក្កដា រៀបចំ​ពិធី​រម្លឹក​ខួប៨ឆ្នាំ នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី តាម​រយៈ​សកម្មភាព​​ផ្សេងៗ​គ្នា​រួម​មាន​ ពិធី​បង្សុកូល និង​រាប់​បាត្រ​ ការ​ស្មិងស្មាធិ៍​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ទ្បី ការ​ចាក់​បញ្ចាំង​វីដេអូ​ខ្លី មាន​ចំណង​ជើង​ថា «៨ឆ្នាំនៃការចងចាំ» ជាដើម។

ក្រៅ​ពី​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​​​អាន​សារ​ពី​សាធារណជន ស្ដី​ពី​សេចក្ដី​នឹក​រលឹក​ចំពោះ​បណ្ឌិត កែម ទ្បី​ និង​ការ​តំណាល​ពី​អនុស្សាវរីយ វីរភាព និង​សេចក្ដី​នឹក​រលឹក​ចំពោះ​បណ្ឌិត កែម ទ្បី ផង​ដែរ។

ជុំវិញ​រឿង​នេះ នាយិកា​​​ស្ដី​ទី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អ្នកស្រី ជរ ចន្ទ័ធីតា​ លើក​ឡើង​ថា​ការ​​ប្រារព្ធ​កម្មវិធី​​ជា​រៀង​រាល់​ឆ្នាំ​នេះ​​ឡើង​គឺ​ដើម្បី​ជា​ការ​ដឹង​គុណ​ ការ​នឹករលឹក​ និង​ការ​​ចងចាំ​​ ​​​លោក​បណ្ឌិត​ កែម ឡី ដែល​មិន​ត្រឹម​តែ​ជា​អ្នក​វិភាគ​ និង​អ្នក​ធ្វើ​ការ​ងារ​សង្គម​ដ៏​ល្បី​ល្បាញ​ប៉ុណ្ណោះ​ទេ​ តែ​លោក​ក៏​​​ធ្លាប់​ជា​សមាជិក​ម្នាក់​របស់​​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ផង​ដែរ។ ​​​

អ្នកស្រី ជរ ចន្ទ័ធីតា៖ «ផ្នែក​មួយ​ដែល​សំខាន់​គឺ​យើង​ផ្សព្វផ្សាយ​​តាម​រយៈ​ប្រព័ន្ធ​ហ្វេសប៊ុក​របស់​យើង​​ឱ្យ​មាន​ការ​ចូល​រួម​ពី​សាធារណ​ជន​​​ជា​ពិសេស​យុវជន​ ឬ​សាធារណ​ជន​ផ្សេងៗ ដែល​ជា​អ្នក​គាំទ្រ​នូវ​ស្មារតី​វីរភាព​លោក​បណ្ឌិត​ កែម​ ឡី ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ​​ពាក់​ព័ន្ធ​នឹង​ស្នាដៃ​ឯក​របស់​លោក​ក្នុង​ការ​ចូល​រួម​សេរីភាព​បញ្ចេញ​មតិ»

ចំណែក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​លីកាដូ (LICADHO) ក៏​បាន​ធ្វើ​យុទ្ធនាការ​នៅ​​​​​​​តាម​បណ្ដាញ​សង្គម ដោយ​បង្ហោះ​រូបថត និង​ស្លាក​រំលឹក​ពី​សម្ដី​មាស​បណ្ឌិត កែម ឡី និង​សារ​ទាមទារ​រក​យុត្តិធម៌ ដូច​ជា​សរសេរ​ថា ស្លាក​ដែល​បាន​លើក​ទាំង​នោះ​រួម​មាន​« សូម​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯក​រាជ្យ» «កែម ឡី ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញមតិ» «បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ក៏​គង់​​តែ​ទទួល​រងគ្រោះ​ដែរ​ គ្រាន់​តែ​​មិន​ទាន់​ដល់​វេន​នាក់​ប៉ុណ្ណោះ​» និង​«យុត្តិធម៌​សម្រាប់​ កែម​ ឡី យុត្តិធម៌​សម្រាប់​យើង​ទាំង​អស់​គ្នា» ជាដើម។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ធ្វើ​យុទ្ធនាការ​នេះ​ឡើង​គឺ​ជា​​រំលឹក​​នូវ​វីរភាព លោក​បណ្ឌិត​ កែម ឡី ដែល​ជា​​​ធ្វើ​ការ​ងារ​សង្គម​​ និង​​ជា​គំរូ​ភាព​នៃ​អ្នកតស៊ូ​មតិ​​ដោយ​អហិង្សា​​ ហើយ​​មាន​ពលរដ្ឋ​ យុវជន​ និង​សកម្មជន​ផ្សេង​ទៀត​យក​គំរូ​តាម​លោក​មក​ទល់​បច្ចុប្បន្ន​។ លោក​​ថា​យុទ្ធនាការ​នេះ​ក៏​ដើម្បី​ទាមទារ​​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​នូវ​ភាព​យុត្តិធម៌​ដល់​ លោក​បណ្ឌិត​ កែម ឡី ផង​ដែរ។

លោក អំ សំអាត៖ «តុលាការ​កាល​ហ្នឹង​ក៏​មាន​ការ​បំបែក​សំណុំ​រឿង​ជា​ពីរ​បាន​ន័យ​ថា​ទី​មួយ​គឺ​បាន​ចោទ​ប្រកាន់​ទៅ​លើ​លោក អឿត អាង ហៅ​ ជួប សម្លាប់ ពី​បទ​មនុស្ស​ឃាត​គ្រោង​ទុក​ជា​មុន​ហ្នឹង​ ហើយ​សំណុំ​រឿង​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​អ្នក​ផ្ដល់​អាវុធ​ អ្នក​ពាក់ព័ន្ធ​​ផ្សេងៗ​ ទៀត​នៅ​ក្នុង​ឃាតកម្ម​លោក​បណ្ឌិត​ កែម ឡី ហ្នឹង ក៏ប៉ុន្តែ​សំណុំ​រឿង​នេះ​​មក​ដល់​ឥឡូវ​យើង​អត់​ទាន់​ឃើញ​មាន​ការ​​​​​វិវត្ត​យ៉ាង​មិច​នៅ​​ឡើយ​ទេ​ អ៊ីចឹង​ហើយ​បាន​យើង​មើល​ថា​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​ កែម ឡី មិន​ទាន់​បាន​ពេញ​លេញ​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​ ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​នៅ​ឡើយ​នោះ​ទេ នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា​ ដោយ​ទូរស័ព្ទ​ចូល ក៏​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ក៏​គ្រោង​​នឹង​ដឹក​នាំ​យុវជន​រៀបចំ​ពិធី​រំឭក​ខួប​នៃ​មរណភាព​បណ្ឌិត​កែម ឡី ដោយ​ដើរ​តាម​ដង​ផ្លូវ​សាធារណៈ​​​ទៅ​កាន់​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ជាប់​ស្តុប​បូកគោ ជា​ទី​ដែល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ដើម្បី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ។។ ក្រៅ​ពី​នោះ​​អង្គការ​​សង្គម​ស៊ីវិល​ផ្សេង​ទៀត​រួម​មាន​ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​អង្គការ​​សង្គម​​ស៊ីវិល​​ ៧ស្ថាប័ន​ផ្សេង​ទៀត​​គ្រោង​ក៏​គ្រោង​នឹង​ជួបជុំ​នៅ​ទីនោះ​ដើម្បី​ប្រារព្ធ​ពិធី​ខួប​៨ឆ្នាំ​នេះ​ដែរ។ ​​

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​បាញ់​ប្រហារ​នេះ កើត​ឡើង​ក្រោយ​ពី​អ្នក​វិភាគ​រូប​នេះ​បាន​ផ្ដល់​ការ​អធិប្បាយ​ដល់​បណ្ដាញ​ព័ត៌មាន​អំពី​ការ​កាន់​កាប់​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​លាត​ត្រដាង​នៅ​ក្នុង​របាយការណ៍​​អង្គការ​ឃ្លាំមើល​ពិភព​លោក គ្លូបល វីតណេស (Global Witness)។ សំណុំ​រឿង​ឃាតកម្ម​ដ៏​កក្រើក​នេះ តុលាការ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ផ្អែក​តាម​ចម្លើយ​សារភាព​របស់​បុរស​រូប​នោះ​ដែល​ថា គាត់​ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ដោយសារ​លោក កែម ឡី មិន​ព្រម​សង​ប្រាក់​ជំពាក់​ចំនួន ៣.០០០ដុល្លារ។ ប៉ុន្តែ​ក្រុម​គ្រួសារ​លោក កែម ឡី និង​សូម្បី​តែ​ក្រុម​គ្រួសារ​របស់​លោក អឿត អាង មិន​ជឿ​ថា ជា​ការពិត​នោះ​ទេ ព្រោះ​លោក អឿត អាង គឺជា​មនុស្ស​ក្រីក្រ​រស់នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​​​​សៀមរាប មិន​ដែល​ស្គាល់​គ្នា និង​គ្មាន​លុយ​ឯណា​ឱ្យ​លោក កែម ឡី ខ្ចី​នោះ​ទេ។ ក្រោយ​មាន​ការ​រិះគន់​ខ្លាំង​ៗ ពី​សាធារណ​ជន តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់​ទោស ក៏​ប៉ុន្តែ​តុលាការ​មិន​បាន​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles