មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​មន្ត្រី​មាន​អំណាច​ជួញដូរ​គ្រឿងញៀន​ដូច​ការ​ប្ដេជ្ញា​របស់​លោក ស សុខា

ដោយ ហ៊ុំ ចំរើន
2024.07.09
RFA

មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​មន្ត្រី​មាន​អំណាច​ជួញដូរ​គ្រឿងញៀន​ដូច​ការ​ប្ដេជ្ញា​របស់​លោក ស សុខា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចូលរួមកម្មវិធី​នៅថ្ងៃទី៩ កក្កដា ២០២៤។ រូប៖ គេហទំព័រ​ក្រសួងមហាផ្ទៃ


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​សមត្ថកិច្ច​ស្រាវជ្រាវ​ដោយ​ឯករាជ្យ​តាម​ចាប់​មន្ត្រី​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​ការ​ជួញដូរ​គ្រឿងញៀន​ស្រប​តាម​ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា។ ការ​លើកឡើង​នេះ បន្ទាប់​ពី​លោក ស សុខា ប្រកាស​ឱ្យ​ស្រាវជ្រាវ​រក​មន្ត្រី​អ្នក​មាន​អំណាច​ដែល​អនុញ្ញាត​ឱ្យ​ជនបរទេស​នាំ​គ្រឿងញៀន​ចូល​កម្ពុជា​ប្រមាណ ២០គីឡូ​ក្រាម ដើម្បី​យក​មក​ផ្ដន្ទាទោស។

មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការ​ប្រកាស​របស់​លោក ស សុខា ឱ្យ​តាម​ចាប់​ក្រុម​មន្ត្រី​អ្នក​មាន​អំណាច​ដែល​នៅ​ក្រោយ​ខ្នង​ការ​ជួញដូរ​ថ្នាំ​ញៀន គឺជា​រឿង​ប្រសើរ ប៉ុន្តែ​ពួកគេ​ថា អ្វី​ដែល​សំខាន់​ជាង​នេះ ក្រុម​សមត្ថកិច្ច​ត្រូវ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​បំពេញ​ការងារ​ដោយ​ឯករាជ្យ ដើម្បី​ស្រាវជ្រាវ​ចាប់​មន្ត្រី​ដែល​ពាក់ព័ន្ធ​យក​មក​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត លើកឡើង​ថា ក្ដី​កង្វល់​ជុំវិញ​បញ្ហា​មន្ត្រី​មួយ​ចំនួន​ដែល​នៅ​ពី​ក្រោយ​ការ​ជួញដូរ​គ្រឿងញៀន កើត​ឡើង​តាំង​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាណត្តិ​លោក ស ខេង តែងតែ​លើកឡើង​ជា​រឿយៗ ប៉ុន្តែ​មក​ទល់​ពេល​នេះ នៅ​តែ​មិន​អាច​បោសសម្អាត​មន្ត្រី​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ លោក​បន្ត​ថា ការណ៍​ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​មិន​អាច​វះកាត់​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​តែងតែ​អន់​ឱន​ឱ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​រស់​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់ គឺ​ជា​ដើមចម​ដែល​ធ្វើ​ឱ្យ​បញ្ហា​គ្រឿងញៀន​បន្ត​ហូរ​ចូល​សង្គម​កម្ពុជា​បំផ្លាញ​សេដ្ឋកិច្ច និង​ធនធាន​មនុស្ស។

លោក អំ សំអាត៖ «ព្រោះ​បញ្ហា​គ្រឿងញៀន​នេះ វា​មិនមែន​ជា​រឿង​ធម្មតា វា​ជា​លក្ខណៈ​ប្រព័ន្ធ​មាន​បណ្ដាញ​ទូទាំង​ពិភព​លោក វា​ជា​បញ្ហា​មួយ​ដែល​ទាមទារ​ឱ្យ​មាន​ការ​តាំង​ចិត្ត ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​ហ៊ាន​វះកាត់ ការ​ហ៊ាន​ចាត់​វិធានការ​បុគ្គល​ណា​ក៏​ដោយ មាន​អំណាច​ប៉ុណ្ណា​ក៏​ដោយ ឱ្យ​តែ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​គ្រឿងញៀន​ត្រូវ​លះបង់​អំពី​ផល​ប្រយោជន៍ អំពី​ការ​អត់ឱន បាន​ការ​អនុវត្ត​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​លើ​ការ​ចរាចរ និង​ការ​ជួញដូរ​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​ទៅ​បាន»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា កាល​ពី​ថ្ងៃ​ទី៤ ខែកក្កដា បាន​ប្រកាស​ឱ្យ​ក្រុម​កង​កម្លាំង​សមត្ថកិច្ច​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ស្រាវជ្រាវ​ស្វែង​រក​មុខ​មន្ត្រី​អ្នក​មាន​អំណាច​ដែល​នៅ​ពី​ក្រោយ​ខ្នង​ជនជាតិ​នីហ្សេរីយ៉ា (Nigerian) ម្នាក់​ដែល​បាន​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង ២០គីឡូ​ក្រាម​ឆ្លង​ដែន​ពី​វៀតណាម​ចូល​កម្ពុជា​នៅ​ចំណុច ឃុំ​មនោរម្យ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃទី១ ខែ​កក្កដា។

លោក ស សុខា បញ្ជាក់​ថា ជនជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ដឹក​ជញ្ជូន​គ្រឿងញៀន​ចូល​មក​កម្ពុជា ដោយសារ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​អំណាច​នៅ​ទីក្រុង​ភ្នំពេញ​កុម្ម៉ង់​ទិញ ដើម្បី​ចែក​ចាយ​នៅ​តាម​ក្លឹប​កម្សាន្ត និង​មាន​មន្ត្រី​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង។

លោក ស សុខា៖ «យើង​បាន​ស្រាវជ្រាវ​ទៅ​ទី​មួយ​មាន​ការ​ទំនាក់ទំនង​នៅ​ភ្នំពេញ ទីពីរ មាន​ការ​កុម្ម៉ង់​ទិញ​តាម​បណ្ដា​ក្លឹប​កម្សាន្ត​សប្បាយៗ​មួយ​ចំនួន និង​ទី​បី មាន​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៅ​ពី​ក្រោយ អ៊ីចឹង​ហើយ​ឥឡូវ​យើង​កំពុង​តែ​ធ្វើ​ការងារ​នេះ បញ្ចៀស​ទិញ​វិញ។ អ្នកណា​លូកលាន់ត្រូវ​តែ​រក​ឱ្យ​ឃើញ ហើយ​ជាពិសេស​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់ ហើយ​ខារ៉ាអូខេ កន្លែង​សប្បាយ​ណា​ខ្លះ​ដែល​ប្រើប្រាស់ អ៊ីចឹង​ហើយ​កិច្ច​ការងារ​នេះ សុទ្ធ​សឹង​កិច្ច​ការ​ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើង​ថា ចំនួន​គ្រឿងញៀន​ដែល​ជនបរទេស​ដឹក​ជញ្ជូន​ជាង ២០គីឡូ​ក្រាម​មាន​មន្ត្រី​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង ដូច្នេះ​លោក​ថា គ្រឿងញៀន​ដែល​ក្រុម​ឧក្រិដ្ឋជន​ធ្លាប់​បាន​ដឹក​ចូល​កម្ពុជា​ទាំង​តោនៗ​នា​ពេល​កន្លង​មក​ក៏​អាច​មាន​មន្ត្រី​មាន​អំណាច​ជួយ​សម្របសម្រួល ឱ្យ​ពួកគេ​ដឹក​ចូល​កម្ពុជា​ដែរ។

លោក សន ជ័យ៖ «ការ​ប្រកាស​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​ជា​វិធានការ​មួយ​ស៊ីជម្រៅ​ដែរ បាន​ន័យ​ថា គេ​បាន​ដឹង​តម្រុយ​នៃ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន និង​ការ​នាំ​ចូល និង​ចែកចាយ​គ្រឿងញៀន។ វា​អាច​ជា​រឿង​មួយ​ពាក់ព័ន្ធ​រឿង​មាន​ភ្លើង​មាន​ផ្សែង វា​អាច​ពាក់ព័ន្ធ​ខ្មោច​ស្រុក​ឱ្យ​ដៃ ខ្មោច​ព្រៃ​វា​ហ៊ាន។ អ៊ីចឹង ចំណុច​ហ្នឹង​ច្បាស់​ណាស់​ការ​សម្របសម្រួល​មួយ​ចំនួន ជាពិសេស​ឥទ្ធិពល​ដែល​នាំ​ឱ្យ​មាន​ការ​ចែកចាយ​គ្រឿងញៀន​យ៉ាង​សម្បើម​នៅ​រាជធានី​ភ្នំពេញ​វា​អាច​ជា​មាន​ការ​ជាប់​ទាក់ទង​ជាមួយ​ការ​សម្របសម្រួល ឬ​ការ​រៀបចំ​ជា​ប្រព័ន្ធ»

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាល​ពី​ពាក់​កណ្ដាល​ខែមិថុនា បាន​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង ៤តោន ដែល​មាន​តម្លៃ ជាង ២២លាន​ដុល្លារ នៅ​ឡ​ឥដ្ឋ​មួយ​កន្លែង​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ និង​គ្រឿងញៀន​ជាង ៣តោន​ផ្សេង​ទៀត​នឹង​ត្រូវ​បំផ្លាញ​ដោយ​វិធីសាស្ត្រ​បន្សាប​នូវ​សារធាតុ​គីមី​ផ្សំ។

ពលរដ្ឋ និង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​តែងតែ​លើកឡើង​ពី​កង្វល់​បញ្ហា​គ្រឿងញៀន​រីក​រាលដាល​ស្ទើរ​តែ​គ្រប់​ទី​កន្លែង ដោយសារ​តែ​រដ្ឋាភិបាល អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ចូល​កម្ពុជា និង​គ្មាន​ឆន្ទៈ​បោស​សម្អាត​មន្ត្រី​ពុករលួយ ខណៈ​មន្ត្រី​តុលាការ​មួយ​ចំនួន​តែងតែ​រង​ការ​រិះគន់​ថា ទទួល​ប្រាក់​សំណូក​ពី​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment