លោក ស សុខា បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​ទាំង​អស់​រុះរើ​ការ​ផ្សព្វផ្សាយ​ស្លាក​ស្រាបៀ​ច្រើន​ហួសហេតុ

ដោយ ជី វិតា
2024.07.09
RFA

លោក ស សុខា បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​ទាំង​អស់​រុះរើ​ការ​ផ្សព្វផ្សាយ​ស្លាក​ស្រាបៀ​ច្រើន​ហួសហេតុ

លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ រូប៖ ហ្វេសប៊ុក Sar Sokha 2024-07-08


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បញ្ជា​ឱ្យ​អភិបាល​ខេត្ត​ទូទាំង​ប្រទេស​សើរើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​គ្រឿងស្រវឹង និង​រុះរើ​ការ​ស្លាក​ផ្សព្វផ្សាយ​ស្រាបៀ​តាម​ដង​ផ្លូវ និង​តាម​ទី​សាធារណៈ។ ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​សាទរ​វិធានការ​នេះ ប៉ុន្តែ ពួក​គេ​ទាមទារ​ឱ្យ​មាន​ច្បាប់​គ្រប់គ្រង​បញ្ហា​គ្រឿងស្រវឹង និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​សុខុមាលភាព​ពលរដ្ឋ។

លោក ស សុខា បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​ទាំង​អស់ ពិនិត្យ​សើរើ​ឡើង​វិញ នូវ​រាល់​ឯកសារ​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​លក់​ចែកចាយ និង​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​រាល់​ការ​តាំង​ស្លាក​ផ្សព្វផ្សាយ​ស្រាបៀ​តាម​ដង​ផ្លូវ និង​ទី​សាធារណៈ។ លោក​ថ្លែង​បែប​នេះ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក នួន ផារ័ត្ន ជា​អភិបាល​ខេត្តកំពង់ធំ កាល​ពី​ថ្ងៃ​ទី៨ ខែកក្កដា។

លោក ស សុខា ថ្លែង​ទៀត​ថា ការ​បោះ​ជំហាន​បញ្ចប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ទី​សាធារណៈ គឺ​ដើម្បី​រួម​ចំណែក​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​កាត់​បន្ថយ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជ្រុល​ហួសហេតុ ដែល​ពលរដ្ឋ​កំពុង​ប្រឈម​ទាំង​បញ្ហា​សុខភាព និង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។ លោក​ឱ្យ​ដឹង​ទៀត​ថា ថ្វីដ្បិត​រដ្ឋាភិបាល​ទទួល​បាន​ចំណូល​ពី​ក្រុមហ៊ុន​ឯកជន​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ពិត​មែន​ក្ដី ក៏​ចំណូល​ទាំង​នោះ​មិន​អាច​ទូទាត់​នឹង​វិបត្តិ​សង្គម ដែល​កើត​ចេញ​ពី​ការ​ផ្សាយ​ស្លាក​ស្រាបៀ​ច្រើនហួស​ហេតុ​នោះ​បាន​ទេ។ ។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ប្រមុខ​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ដាក់​ចេញ​វិធានការ​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​ទាំង​អស់​ឱ្យ​បញ្ឈប់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​ផ្សព្វផ្សាយ​ស្រាបៀ​តាម​ដង​ផ្លូវ បន្ទាប់​ពី​អភិបាល​ខេត្តតាកែវ​ថ្មី លោក វ៉ី សំណាង ក្នុង​ពេល​ថ្មីៗ នេះ បាន​បញ្ជា​អាជ្ញាធរ​ឱ្យ​រុះរើ​ការ​ផ្សព្វផ្សាយ​ស្លាក​សញ្ញា​ស្រាបៀ​នៅ​ទូទាំង​ខេត្ត​នេះ។

អ្នក​សិក្សា​សង្គម និង​នយោបាយ លោក ប៉ោ មករា សាទរ​ចំពោះ​ចំណាត់​ការ​នេះ។ លោក​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ដើម្បី​រាំង​ខ្ទប់​ការ​លើក​ស្លាក ឬ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ជ្រុល​ហួសហេតុ​ប្រកប​ដោយ​ប្រសិទ្ធភាព រដ្ឋាភិបាល​ក៏​គួរ​តែ​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​បញ្ហា​គ្រឿង​ស្រវឹង ហើយ​ក្រុម​មន្ត្រី​អាជ្ញាធរ ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​ថា ចំណាត់​ការ​របស់​ប្រមុខ​ក្រសួង​មហាផ្ទៃ ធ្វើ​ឡើង​មិនមែន​តែ​មួយ​ខ្យល់។

លោក ប៉ោ មករា៖ «កន្លង​មក យើង​ឃើញ​ហើយ​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង វា​ហួសហេតុ វា​ជ្រុល​និយម​ខ្លាំង​ពេក ការ​ផ្សព្វផ្សាយ​ខ្លះ​ទៀត មាន​ការ​លើក​ទឹកចិត្ត​ក្នុង​ការ​ទទួល​ទាន​គ្រឿងស្រវឹង​ហ្នឹង​រហូត​មាន​រង្វាន់​ជា​ឡាន រង្វាន់​នេះ រង្វាន់​នោះ លើក​ទឹកចិត្ត​ពាណិជ្ជកម្ម នីមួយៗ ចាក់​ចំ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គាត់​ឃើញ​ទាំង​ក្មេង​តូចៗ មិន​ទាន់​គ្រប់​អាយុ ក៏​ឃើញ​ការ​ផ្សាយ​គ្រឿង​ស្រវឹង​ហ្នឹង នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ធំៗ មួយ​ចំនួន​ដែរ»

បញ្ហា​គ្រឿង​ស្រវឹង​នេះ កាល​ពី​ពេល​កន្លង​ទៅ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រួម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ថ្នាក់​ជាតិ​មួយ​ចំនួន​ទៀត ធ្លាប់​បាន​ចូលរួម​ពិធី​របស់​ក្រុមហ៊ុន​ស្រាបៀ និង​លើក​កែវ​ពិសា​ជា​និមិត្ត​រូប ដែល​ទង្វើ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ចូល​រួម​ប្រើប្រាស់​គ្រឿងស្រវឹង។ លើស​ពី​នេះ ក្រុមហ៊ុន​ស្រាបៀ​មួយ​ចំនួន​ថែម​ទាំង​ឱ្យ​យុវជន​ឡើង​លើ​ឆាក​ប្រជែង​គ្នា​ផឹក​ស្រាបៀ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី ដើម្បី​បង្ហាញ​ទៅ​កាន់​អ្នក​ទស្សនា​ថា ស្រាបៀ​របស់​ពួក​គេ​មាន​រស​ជាតិ​ឆ្ងាញ់​ជាប់​ចិត្ត​ជា​ដើម។ ប៉ុន្តែ សកម្មភាព​ទាំង​អស់​នេះ បាន​ទទួល​រង​នូវ​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​មហាជន។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ដាក់​តាំង​បង្ហាញ​ស្លាក​សញ្ញា​ស្រាបៀ​ទូទាំង​ប្រទេស​ព្រោងព្រាត​នេះ គឺ​ជា​ការ​ជំរុញ​ឱ្យ​មនុស្ស​ទទួល​ទាន​គ្រឿងស្រវឹង​កាន់​តែ​ច្រើន ដែល​បង្ក​ឱ្យ​កើត​មាន​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដូច​គ្រោះថ្នាក់​ចរាចរណ៍ អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ចំណាយ​ថវិកា​លើ​ការ​ព្យាបាល និង​ការ​ដោះ​ស្រាយ​បញ្ហា​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment