ដោយ ខាន់ លក្ខិណា
2024.07.09
RFA

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូប៖ ហ្វេសប៊ុកក្រសួងបរិស្ថាន
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ហៅសកម្មភាពការពារធនធានធម្មជាតិ និងបរិស្ថានរបស់សកម្មជនចលនាមាតាធម្មជាតិថា ជាការសម្ដែង និងគ្មានជំនាញច្បាស់លាស់។ ប៉ុន្តែពលរដ្ឋរងគ្រោះពីការបំផ្លាញបរិស្ថាន ហៅការ លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ជាការព្យាយាមការពារឈ្មួញបំផ្លាញ បរិស្ថាន និងបន្ទច់បង្អាក់សកម្មភាពរបស់ពលរដ្ឋ ដែលមានឆន្ទៈការពារ ធនធានធម្មជាតិ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតក្នុងស្រុក រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាកូនប្រសារបស់អតីតឧបនាយករដ្ឋមន្ត្រីលោក ជា សុផារ៉ា គឺលោក អ៊ាង សុផល្លែត ទាមទារឱ្យសកម្មជនបរិស្ថាន ត្រូវមានជំនាញច្បាស់លាស់ជាមុនសិន ក្នុងការ បំពេញការងារការពារបរិស្ថាន។
លោក អ៊ាង សុផល្លែត៖ «ដើម្បីក្លាយខ្លួនជាសកម្មជនបរិស្ថាន គប្បីណាធ្វើការសិក្សាឱ្យក្លាយខ្លួនជាអាជីពច្បាស់លាស់ទាំងការគិតការនិយាយស្ដីទាំងការធ្វើ ដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាយើងកុំចេះតែថា ហើយមិន ទទួលខុសត្រូវ។ កុំចេះតែសម្ដែង ហើយមិនទទួលខុសត្រូវ»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អ៊ាង សុផល្លែត ស្ថាបនិកអង្គការ ចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ ខែកក្កដាថា លោក អ៊ាង សុផល្លែត ក៏គ្មានជំនាញនិងចំណេះដឹងខាងបរិស្ថានដែរ ប៉ុន្តែបែរជាធ្វើដល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោកថា គួរឱ្យខ្មាសអៀនណាស់ ដែលលោក អ៊ាង សុផល្លែត ក្លាយជាតួល្ខោនដឹកនាំកិច្ចការបរិស្ថានរបស់ប្រទេស ដែលឡើងកាន់តំណែងជារដ្ឋមន្ត្រីតាមបក្ខពួក។
លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន៖ «យើងអាចសួរដល់រដ្ឋមន្ត្រីថា តើឯកឧត្ដមខ្លួនឯងមានជំនាញស្អី ទាក់ទងនឹងបរិស្ថានហ្នឹង។ ដើរតួជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែអត់ដឹងខ្យល់អីពីរឿងបរិស្ថានផង ហើយមិនមែនតែមិនត្រឹមមិនដឹងខ្យល់អីទេ គឺរឿងដែលកំពុងប៉ះពាល់លើបរិស្ថាននៃប្រទេសខ្លួនឯង ដូចជា ការកាប់ព្រៃឈើ ទ្រង់ទ្រាយធំ ក្នុងព្រៃឡង់ឬក៏បូមខ្សាច់តាមទន្លេមេគង្គនាំចេញទៅវៀតណាម អ្នកឯងស្ងាត់ ឯកឧត្ដមស្ងាត់ជ្រាបអត់ហ៊ាននិយាយមួយម៉ាត់ទេ»។
ចំណែកសកម្មជនការពារព្រៃឡង់ខេត្តព្រះវិហារលោក ខេម សុឃី ប្រាប់វិទ្យុអាស៊ី សេរីថា ការចូលរួមការពារធនធានធម្មជាតិ គឺជាតួនាទីរបស់ប្រជាពលរដ្ឋស្របតាមច្បាប់ ពីព្រោះធនធានធម្មជាតិ គឺជាសម្បត្តិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោក ខេម សុឃី៖ «ច្បាប់ក៏បានគាំទ្រដល់ប្រជាពលរដ្ឋឱ្យចូលរួម ជាពិសេស គឺព្រះមហាក្សត្រក៏លោកមានព្រះបន្ទូលថា ឱ្យប្រជាពលរដ្ឋដែលជាពលរដ្ឋ ប្រជារាស្ត្រទូទាំងប្រទេស ចូលសកម្មក្នុងការពារនូវសម្បត្តិជាតិរបស់ខ្លួនពិសេសព្រៃឈើ នៅក្នុងទិវាព្រៃឈើគឺព្រះអង្គតែមានព្រះបន្ទូលអ៊ីចឹង។ អ៊ីចឹងសរបញ្ជាក់ថា ប្រជាពលរដ្ឋមិនចាំបាច់តែមានជំនាញទេ គឺការចូលរួមហ្នឹងហើយ គឺជាកត្តាមួយ ដែលរុញឱ្យមន្ត្រីដែលមានកាតព្វកិច្ច ដែលអ្នកមានជំនាញគាត់ចុះអនុវត្តនូវអ្វីដែលជាតួនាទីរបស់គាត់ឱ្យបានច្បាស់លាស់ ឱ្យបានសមស្របទៅនឹងកាតព្វកិច្ចរបស់គាត់»។
ពលរដ្ឋរងគ្រោះដោយសារការលុបបឹងតាមោកលោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៨ ខែកក្កដាថា ប្រជាពលរដ្ឋគ្រាន់តែចូលរួមរួតវាំងនន ឱ្យរដ្ឋាភិបាលមើលឃើញរឿងអយុត្តិធម៌និងផលប៉ះពាល់ពីការបំផ្លាញបរិស្ថាន ដូច្នេះ លោកស្រីថា មន្ត្រីរដ្ឋាភិបាលគួរតែបើកភ្នែកមើលជាក់ស្ដែង។
លោកស្រី ស៊ាដាវី៖ «ថាមិនចាំបាច់មានជំនាញឃើញផលអវិជ្ជមានស្ដែងៗ ដូចបឹងតាមោក។ លុបបឹងតាមោកលិចទីក្រុងភ្នំពេញ ហើយកុំបន្ទោសទឹកជំនន់ ទឹកទន្លេនៅឯបាតឯណោះទេ។ កុំបន្ទោសទឹកជំនន់ជនទឹកភ្លៀងដោយសារតែការលុបបឹង ការប៉ះពាល់ការលុបបឹង។ អ៊ីចឹងប្រជាពលរដ្ឋនិយាយពីការលុបបឹងនិយាយអត់បានទៀត។ អ៊ីចឹងទាល់មានជំនាញបានអាចនិយាយបាន ល្មមតែមានជំនាញអស់ ប្រទេសនឹងរលាយ »។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ស្នើឱ្យមានការចូលរួម ជាមួយក្រសួងបរិស្ថាន បើសកម្មជនមានជំនាញ និងចង់ការពារបរិស្ថាន។
លោក អ៊ាង សុផល្លែត៖ «បើគាត់មានអាជីពជាអ្នកបរិស្ថានបានខ្ញុំទទួលស្គាល់ អញ្ជើញមកធ្វើការជាមួយខ្ញុំ! ខ្ញុំកំពុងត្រូវការក្រសួងបរិស្ថានត្រូវការណាស់។ ខ្ញុំស្វាគមន៍គ្រប់គ្នា ដែលស្រឡាញ់បរិស្ថាន»៖
លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន បានពន្យល់ថា ក្នុងសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋនិងសង្គមស៊ីវិលមានសិទ្ធិចូលរួមដោយឯករាជ្យក្នុងការពារសម្បត្តិជាតិ។
លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន៖ «គាត់ថា សូមឱ្យចូលរួមធ្វើការជាមួយក្រសួង ហើយសួរថា កម្ពុជាមិនមែនប្រជាធិបតេយ្យ? មិនមែនជាប្រទេសមួយបែងចែកច្បាស់លាស់រវាងសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការទេ។ គាត់និយាយដូចជាសារភាពខ្លួនឯងថា បើសិនចង់ការពារបរិស្ថាន ទាល់តែធ្វើក្នុងនាមជាក្រសួង អ្ហា! ចុះអង្គការសង្គមស៊ីវិលឯករាជ្យអត់អាចទេ។ អាហ្នឹងដូចប្រទេសផ្ដាច់ការដូចកូរ៉េខាងជើង ទើបគេនិយាយអ៊ីចឹង»។
លោក អាឡិច មើលឃើញថា ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាការបំពេញតួនាទី ធ្វើជាឧបករណ៍ឱ្យពួកឈ្មួញបំផ្លាញបរិស្ថាន និងបំពេញចិត្តមេដឹកនាំប៉ុណ្ណោះ។
លោក អាឡិច៖«រដ្ឋមន្ត្រីក្រសួងបរិស្ថានហ្នឹង គាត់គ្រាន់តែជាត្រីតូចទេ ឬក៏អាចចាត់ទុកគាត់ជាតួសម្ដែងម្នាក់ទេ គាត់គ្មានឥទ្ធិពល គ្មានតួនាទីអីសំខាន់ទេ។ អ្នកដែលមានតួនាទីសំខាន់ឬក៏ឥទ្ធិពលសំខាន់នៅក្នុងការគេហៅថា ទាក់ទងនឹងបរិស្ថានគឺលោក លី យ៉ុងផាត់ លោក ទ្រី ភាព ឬក៏ឈ្មួញបំផ្លាញព្រៃឈើទេ»។
សកម្មជនការពារព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី លើកឡើងថា អ្នកដែលបំផ្លាញផលប្រយោជន៍បរិស្ថានជាតិ ឃើញមានតែក្រុមអ្នកមានអំណាចខ្លះ និងឧកញ៉ាមួយចំនួន ប៉ុន្តែប្រជាពលរដ្ឋនិងសកម្មជន គឺជាអ្នកធ្វើការស្ម័គ្រចិត្តធ្វើពលិកម្មការពារធនធានធម្មជាតិ។
លោក ខេម សុឃី៖ «ព្រៃឈើទាំងអស់ហ្នឹង គឺអស់មកមិនមែនអស់ដោយសារប្រជាពលរដ្ឋទេ អស់ដោយសារតែក្រុមហ៊ុន ឧកញ៉ាផ្សេងៗ ពិសេសព្រៃឡង់ក្រុមហ៊ុនសឹងតែព័ទ្ធជុំវិញ។ ព្រៃតំបន់ណាសួរថា ដែលមានឧក្រិដ្ឋកម្មព្រៃឈើធំៗ សួរថា រកឫសគល់ឃើញ សុទ្ធតែអ្នកមានអំណាចឬក៏ឧកញ៉ា ដែលជាអ្នកបំផ្លាញ ពិសេសគឺក្រុមហ៊ុន ស៊ីង បាយអូតិច នៅខេត្តក្រចេះ»។
ពលរដ្ឋរងគ្រោះដោយសារការលុបបឹងតាមោកលោកស្រី ស៊ា ដាវី ហៅការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀតថា ជារបៀបនិយាយហៃអើតាមតែមេដឹកនាំបង្គាប់បញ្ជា។
លោកស្រី ស៊ា ដាវី៖«មន្ត្រីរដ្ឋាភិបាលភាគច្រើនគាត់អស់ធ្វើ គាត់អត់និយាយទេ ប្រជាពលរដ្ឋណាប៉ះពាល់យ៉ាងម៉េច ក៏ប៉ះពាល់ទៅ វេទនាម៉េចក៏វេទនាទៅ ពួកគេគាត់មិនបើកភ្នែកទេ ហើយដល់ពេលមានសំឡេងរិះគន់ចេញមកថា កន្លែងនេះ កន្លែងនោះ មានផលអវិជ្ជមានស្អីខ្លះ រំលោភសិទ្ធិពលរដ្ឋអីខ្លះ លុបបឹង លុបបួរអស់ព្រៃឈើតាំងថា គេប្រឆាំងនឹងរដ្ឋាភិបាល។ រដ្ឋមន្ត្រីគាត់ធ្វើការគាត់ធ្វើឱ្យតែបាន ឬគាត់ចាំតែហៃអើៗ»។
ការចាប់ខ្លួនសកម្មជនមាតាធម្មជាតិចំនួន ៥នាក់ ដាក់ពន្ធនាគារជាលើកទី២ នេះ ត្រូវបានអង្គការជាតិនិងអន្តរជាតិជាច្រើនស្ថាប័នចាត់ទុកថា ជាការបង្ក្រាបលើសំឡេងរិះគន់និងបំបិទលំហសេរីភាពពលរដ្ឋ ដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ពួកគេចេញលិខិតថ្កោលទោសអាជ្ញាធររដ្ឋាភិបាល និងតុលាការថា ធ្វើនូវរឿងគួរឱ្យអាម៉ាស់សម្រាប់ប្រជាជាតិខ្មែរ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ពួកគេអំពាវនាវឱ្យតុលាការទម្លាក់ចោលបទប្រកាន់ និងដោះលែងសកម្មជនបរិស្ថានឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យសកម្មជនទាំងនោះ បន្តបេសកកម្មការពារធនធានធម្មជាតិ សម្រាប់ជាឧត្ដមប្រយោជន៍ជាតិ។
ការបំផ្លាញបរិស្ថាន តាមរយៈសកម្មភាពនានាបានកើតមានកន្លងមក និងកំពុងកើតមាន ដូចជា ការបង្ហូរទឹកស្អុយ និងកាកសំណល់ចូលស្ទឹងសង្កែខេត្តបាត់ដំបង ការបង្ហូរសារធាតុគីមីពីរោងចក្ររបស់ឧកញ៉ា ម៉ុង ឫទ្ធី ចូលព្រែកកំពង់សីលាក្នុងខេត្តព្រះសីហនុ ការបង្ហូរទឹកកខ្វក់ចូលទន្លេសាប ការបង្ហូរកាកសំណល់ផ្ទុកសារជាតិគីមីរបស់រោងចក្រក្រុមហ៊ុនចិនចូលអូរធម្មជាតិនៅខេត្តក្រចេះ ការបូមខ្សាច់យ៉ាងគគ្រឹកគគ្រេង តាមដងទន្លេមេគង្គ និងទន្លេបាសាក់ ការជីករ៉ែស្ទើររលាយភ្នំ ព្រមទាំងការបំផ្លាញព្រៃឈើដ៏រង្គាលនៅតំបន់ព្រៃឡង់ និងកន្លែងផ្សេងទៀតនៅទូទាំងប្រទេស។
អ្នកឃ្លាំមើលបរិស្ថាននិងពលរដ្ឋ លើកឡើងថា ផលអាក្រក់ទាំងនេះ គឺជាអំពើបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលប្រជាពលរដ្ឋសាមញ្ញទូទៅ ឬក៏កូនក្មេងក៏អាចដឹងបានច្បាស់ថា ទង្វើទាំងអស់នោះជាការធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់ជីវិតមនុស្សនិងសត្វយ៉ាងធ្ងន់ធ្ងរដោយមិនចាំបាច់ពួកគាត់មានជំនាញបរិស្ថាន និងសញ្ញាប័ត្រអ្វីដូចការអះអាងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។