កម្ពុជា
09/07/2024 – 12:23
ដោយ៖ ញឹម សុផល
RFI
ក្រុមអង្គការសង្គមស៊ីវិលនានាបាននាំគ្នារៀបចំកម្មវិធីផ្សេងៗដើម្បីរំលឹកខួប០៨ឆ្នាំនៃឃាតកម្មសម្លាប់បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្រារព្ធពិធីនេះចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ មកម៉្លេះ។
សង្គមស៊ីវិលបន្តរំលឹកខួប៨ឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី តាមរូបភាពផ្សេងៗគ្នា
ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ មក ក្រុមអង្គការសង្គមស៊ីវិលដែលដឹកនាំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្កើតកម្មវិធីមួយ ដែលមានចំនួន ៧ចំណុចទាក់ទងទៅនឹងសកម្មភាពនៃការប្រារព្ធខួប០៨ឆ្នាំ នៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីល្បាញមួយរូប។ កម្មវិធីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទាំងនោះរួមមាន ការប្តូរគម្របទំព័រហ្វេសប៊ុករបស់ខ្លួនដោយដាក់តាំងជំនួសវិញនូវរូបថតរបស់លោក កែម ឡី ជាទំរង់ស-ខ្មៅ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
មួយវិញទៀត និងដូចជាឆ្នាំកន្លងទៅដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបើកឲ្យសារធារណជនសរសេរសារបង្ហាញនូវក្តីនឹករលឹក បង្ហោះសម្រង់សម្តីសំខាន់ៗរបស់លោកបណ្ឌិត កែម ឡី ទាំងសំណេរ និងសម្លេងនៅលើហ្វេសប៊ុក រួមទាំងបង្ហោះវីដេអូនៃការចងចាំរយៈពេល ០៨ឆ្នាំផងដែរ។ ទន្ទឹមគ្នានេះ អង្គការសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក និងសង្គមស៊ីវិលផ្សេងទៀតក៏មានវិធីរំលឹកខួបលោកបណ្ឌិត កែម ឡី រៀងៗខ្លួនផងដែរ ក្នុងនោះអង្គការលីកាដូបានបង្ហាញជារូបថត និងសារសំខាន់ៗរបស់លោកបណ្ឌិត កែម ឡី នៅមុខទីស្នាក់ការរបស់ខ្លួន។
ចំណែកអង្គការសិទ្ធិមនុស្សអាដហុកបានប្រកាសរំសាយចោលការប្រកួតបាល់ទាត់ស្តីពី «បាល់ទាត់បង្ហាញពីការរួបរួម និងស្មារតី កែម ឡី» ដោយសារតែម្ចាស់តារាងបាល់ទាត់មិនហ៊ានជួលតារាងឲ្យ។ល។ សូមរំលឹកថា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ឲ្យដេកស្លាប់ក្នុងថ្លុកឈាមភ្លាមៗកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងលក់ទំនិញនៃស្ថានីយ៍ប្រេងឥន្ធនៈបូកគោ។

ក្រោយហេតុការណ៍នោះ អាជ្ញាធរបានប្រកាសពីការចាប់បានឃាតករម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។ ឃាតកររូបនេះត្រូវបានតុលាការផន្ទាទោសឲ្យជាប់គុកអស់ ១ជីវិតកាលពីឆ្នាំ២០១៩។ ក៏ប៉ុន្តែ ក្រុមអង្គការសង្គមស៊ីវិលហាក់ពិបាកនឹងទទួលយក និងនៅតែមានសំណួរជាច្រើនជុំវិញបញ្ហាយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី៕