អង្គការ​អន្តរជាតិ​បង្កើត​ញត្តិ​ប្រមូល​ការ​គាំទ្រ​ឱ្យ​ដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ

០៩ កក្កដា ២០២៤
ស៊ឹម ចាន់សំណាង
វីអូអេខ្មែរ

ក្រុមសកម្មជន​ចលនា​មាតា​ធម្មជាតិ​អង្គុយ​រងចាំ​ការប្រកាស​សាលក្រម​​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
ក្រុមសកម្មជន​ចលនា​មាតា​ធម្មជាតិ​អង្គុយ​រងចាំ​ការប្រកាស​សាលក្រម​​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

ភ្នំពេញ — អង្គការ​អន្តរជាតិ​ចំនួន​ ៣ បង្កើត​ញត្តិ​តាម​អនឡាញ​ដើម្បី​ប្រមូល​ការ​គាំទ្រ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជនចលនា​មាតា​ធម្មជាតិ​ចំនួន ​៥ ​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែកក្កដា​។

អង្គការ​អន្តរជាតិ​ចំនួន ​៣ ​នោះ​រួមមាន Rainforest Rescue, Stiftung Asienhaus និង FIAN ​ក្នុង​គោល​បំណង​ប្រមូល​អ្នក​គាំទ្រ​ចំនួន​ ១៥ ម៉ឺន​នាក់ ដើម្បី​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​នោះ​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​បញ្ឈប់​រាល់​ទម្រង់​នៃការ​យាយី និង​បៀតបៀន​គ្រប់​ប្រភេទ​មក​លើ​សកម្មជន​បរិស្ថាន។


ក្នុង​ញត្តិអនឡាញ​នោះ​បាន​សរសេរ ​ថា សកម្មជន​វ័យ​ក្មេង​ទាំង​នោះ​បាន​ធ្វើការ​ដោយ​មិនចេះ​នឿយហត់ និង​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួ​ន ហើយ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ពួកគេ​មិន​ត្រូវ​ទទួល​ទណ្ឌកម្ម​ចំពោះ​រឿង​នេះ​ទេ។ ការ​អភិរក្ស​ធម្មជាតិ​មិនមែន​ជា​ឧក្រិដ្ឋកម្ម​ឡើយ។

ញត្តិ​ដដែល​នោះ​បញ្ជាក់​ជា​ភាសា​អង់គ្លេស និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «យើង​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកបរិស្ថាន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាបន្ទាន់ និង​ដោយឥត​លក្ខខណ្ឌ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ការផាក​ពិន័យ​ទាំង​អស់ ហើយ​បញ្ចប់​ការ​គាប​សង្កត់ និង​ការ​បៀតបៀន​ដោយ​ឥត​ឈប់​ឈរ​នៃ​ចលនា​ការពារ​បរិស្ថាន»

អ្នកស្រី Marianne Klute ប្រធានអង្គការ Rainforest Rescue ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ទី ​៨ ខែកក្កដា​នេះថា ការ​បង្កើត​ញត្តិ​ប្រមូល​ការ​គាំទ្រ​នេះ​ គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន ​ដែល​ធ្វើការ​លើ​ការងារ​ការពារ​បរិស្ថាន។ អ្នកស្រី​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​ធ្វើយុទ្ធនាការ​ដោយ​សន្តិវិធី​ដើម្បី​ការពារ​បរិស្ថាន និង​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ថា ​ញត្តិ​នេះត្រូវ​បាន​ធ្វើ​ឡើង​បន្ត​ពី​ញត្តិ​ដែល​បាន​បង្កើតតាំង​ពី​ឆ្នាំ​ ២០២១ ​នៅ​ពេល​ដែល​សកម្មជន​មាតា​ធម្មជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​លើកទី​ ១​។​ អ្នកស្រី​ថា ​ហត្ថលេខា​អនឡាញដែល​នឹង​ប្រមូល​បាន​គ្រប់​ចំនួន នឹង​ដាក់ទៅ​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​ក្រសួង​បរិស្ថាន និង​បណ្តា​ស្ថានទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា​ ដោយ​រំពឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​គោរព​សិទ្ធិ​អ្នក​ការពារ​បរិស្ថាន និង​យក​ចិត្ត​ទុក​ដាក់​ពី​កង្វល់​បរិស្ថាន​ធម្មជាតិ។

អ្នកស្រី​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង ​Signal​ ថា​៖ «ញត្តិ​នេះ​នឹង​ត្រូវ​បិទ​បន្ទាប់​ពី​អ្នក​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​ដោះលែង ហើយ​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​ដប់​នាក់​ត្រូវ​បាន​ទម្លាក់»។​

និស្សិតសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​ចូលរួមចុះ​ហត្ថលេខា​លើ​ញត្តិ​អនឡាញ កញ្ញា ចាន់ សំបូរ ប្រាប់វីអូអេ​នៅ​ថ្ងៃអង្គារនេះថា ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​ជា​អំពើ​អយុត្តិធម៌ ដោយ​សកម្មភាព​របស់​ពួកគេ​ទាំង​នោះកើត​ចេញ​ពី​ការ​លះ​បង់ និង​ឆន្ទៈ​ស្រឡាញ់​ធនធាន​ធម្មជាតិ​ពិត​ប្រាកដ។

កញ្ញា​ឆ្លើយ​ប្រាប់​វីអូអេ​ជា​អក្សរតាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ថា៖ «ខ្ញុំគាំទ្រ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ទាំង ​៥ នាក់ ព្រោះ​សកម្មភាព​ដែល​ពួក​គាត់​បាន​ធ្វើ​វា​មិនមែន​ជា​សកម្មភាព​ខុស​ច្បាប់​នោះ​ទេ តែជា​សកម្មភាព​ដែល​ស្រលាញ់ ​និង​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ខ្លួន​តែ​ប៉ុណ្ណោះ ម្យ៉ាង​ក៏​មិន​ចង់​ឃើញ​មាន​ការ​ជាន់​ពន្លិច​ពី​ថ្នាក់ដឹកនាំ​ដែល​មាន​អំណាច​មក​គាប​សង្កត់​ធនធាន​មនុស្ស​ដែល​ល្អ​ស្មោះត្រង់ ជួយ​ដល់​ប្រទេស​ជាតិ​ឱ្យ​មាន​ភាព​រីកចម្រើន​នោះ​ដែរ»

កញ្ញា​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​ ៥ ​នាក់​ឱ្យ​មាន​សេរីភាព​វិញ ក៏​ដូចជា​រួម​ចំណែក​បន្ត​លើក​កម្ពស់​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លោក សល់ រ៉ា និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មួយ​រូប​ទៀត​ដែល​ចូល​គាំទ្រ​ការ​ដាក់​ញត្តិ​នោះ​ដែរ​ លើក​ឡើង​ថា លោក​ចង់​ឃើញ​សកម្មជន​បរិស្ថាន​ទាំង​នោះ​បន្ត​សកម្មភាព​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត។ លោក​សង្ឃឹម​ថា​ក្រោយ​ពី​មាន​ការ​ដាក់​ញត្តិ​នេះ​ហើយ សកម្មជន​ចលនា​មាតា​ធម្មជាតិ​អាច​នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​ពួកគេ​ទាំង​នោះ​ទទួល​បាន​សិទ្ធិ​សេរីភាព​ត្រឡប់​មក​វិញ។

លោក​ថ្លែង​ថា៖ «វា​ពិត​ជា​អយុត្តិធម៌​មែន​ទែន​តែ​ម្តង​ចំពោះ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ដែល​ពួកគាត់​ត្រូវ​ជាប់​ទោស​ដោយសារ​ការពារ​ធនធាន​ធម្មជាតិ​ដែល​ជា​សម្បត្តិ​រួម​ទាំង​អស់​គ្នា ប៉ុន្តែ​ដែល​ពុក​រលួយ​មែន​ទែន​បែរ​ជា​រួច​ទោស​»

កាល​ពី​ថ្ងៃ​ទី​ ២ ខែកក្កដា ឆ្នាំ​ ២០២៤ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្តន្ទា​ទោស​លោក​អាឡិច​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន (Alex Gonzalez Davidson) សហស្ថាបនិក​អង្គការមាតា​ធម្មជាតិ​ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ​ចំនួន​ ៨ ​ឆ្នាំ​ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ និង​រួម​គំនិត​ក្បត់​។ ចំណែក​លោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា និង​មនុស្ស​ប្រាំ​នាក់​ផ្សេងទៀត​ ត្រូវ​បាន​ផ្តន្ទាទោស​ម្នាក់ៗ​ចំនួន ​៦ ឆ្នាំ ពីបទរួម​គំនិតក្បត់​។

ក្រោយ​ការ​ប្រកាស​សាលក្រម​កាត់ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី ៦ ទៅ​ ៨ ឆ្នាំ ​ពី​បទ​ «​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ​» សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក យឹម លាងហ៊ី យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗគ្នា។​

ឆ្លើយ​តប​នឹង​ការ​ការបង្កើត​ញត្តិអនឡាញរទាមទារ​ឱ្យ​មានការ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​ ៥ ​នាក់ និង​ទម្លាក់​ចោទ​បទចោទ​លើ​សកម្មជន​ទាំង ​១០ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា ថ្លែង​ថា ការ​ធ្វើ​ញត្តិ​របស់​អង្គការ​អន្តរជាតិ​នេះ ​គឺជា​សិទ្ធិ​សេរីភាព​របស់​អង្គការ​នោះ ប៉ុន្តែ​លោក​ថា កម្ពុជា​គឺ​ជា​រដ្ឋ​អធិបតេយ្យ​ដោយ​មាន​ស្ថាប័ន​បី​ធំៗ ហើយ​រាល់​ការ​សម្រេច​ចិត្ត​ការ​កាត់​ទោស​ណា​មួយ​ជា​របស់​អំណាច​តុលាការ។

លោក​បញ្ជាក់​ថា៖ «​មាន​តែ​ស្ថាប័ន​តុលាការ​តែ​មួយ​គត់​ដែល​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​រឿង​ក្តី គ្មាន​ស្ថាប័ន​ណាមួយ ឬ​អង្គការ​ណា​មួយ​មាន​សិទ្ធិ​ទៅ​បង្គាប់​បញ្ជា​តុលាការ​បាន​ទេ»

​ក្រោយ​ការ​កាត់​ទោស​សកម្មជន​មាតា​ធម្មជាតិ​ទាំង ១០ ​នាក់ និងចាប់​ខ្លួន​សកម្មជន​ទាំង​ ៥ នាក់​ដាក់​ពន្ធនាគារ​ គេឃើញ​មានការ​រិះគន់​ពី​អង្គការ​អន្តរជាតិ​នានា​ និង​បណ្តាស្ថានទូត​ប្រទេស​ប្រជាធិតេយ្យ​ធំៗ​នៅ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ជាង​ ៥០ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ចាត់​ទុក​ការ​ផ្តន្ទាទោស​លើ​សកម្មជន​មាតា​ធម្មជាតិ​ថា​ជា ​«រឿង​គួរ​ឱ្យ​អាម៉ាស់»។ ពួកគេស្នើ​ឱ្យទម្លាក់​ចោល​ការ​ផ្តន្ទាទោស​ និង​បញ្ឈប់​ការ​ចំណាយ​ធនធាន​សម្រាប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​គំរាម​កំហែង​ និង​ដាក់​ទោស​ទៅ​លើ​ពួក​គេ​បន្ត​ទៀត​៕

What Next?

Recent Articles

Leave a Reply

Submit Comment