អភិបាល​ខេត្ត​តាកែវ​ថ្មី​ថា ការ​ទម្លាក់​ផ្លាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ទី​សាធារណៈ​​នឹង​ជួយ​ពង្រឹង​ផ្នែក​ធនធាន​មនុស្ស

ដោយ ជី វិតា
2024.07.09
RFA

អភិបាល​ខេត្ត​តាកែវ​ថ្មី​ថា ការ​ទម្លាក់​ផ្លាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ទី​សាធារណៈ​​នឹង​ជួយ​ពង្រឹង​ផ្នែក​ធនធាន​មនុស្ស

អាជ្ញាធរ​ស្រុកបាទី ខេត្តតាកែវ រុះ​ស្លាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង កាល​ពី​ថ្ងៃ​ទី៦ ខែកក្កដា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក​រដ្ឋបាលស្រុកបាទី ខេត្តតាកែវ


អភិបាល​ខេត្ត​តាកែវ​ថ្មី លោក វ៉ី សំណាង ថ្លែង​ថា យន្តការ​ទម្លាក់​ស្លាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​របស់​លោក​តាម​ទី​សាធារណៈ​នឹង​ជួយ​ពង្រឹង​ផ្នែក​ធនធាន​មនុស្ស ជា​ពិសេស នឹង​ជួយ​ឱ្យ​សិស្សានុសិស្ស​ងាក​ចេញ​ពី​ឥទ្ធិពល​អាក្រក់ នៃ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង។ អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​អភិបាល​ខេត្ត​ផ្សេង​ទៀត យក​គំរូ​តាម​អភិបាល​ខេត្តតាកែវ​នេះ។

អតីត​អភិបាល​ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដែល​ទើប​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឱ្យ​ទៅ​ធ្វើ​ជា​អភិបាល​ខេត្ត​តាកែវ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៨ កក្កដា​ថា ចាប់​តាំង​ពី​លោក​បាន​ឡើង​កាន់​ដំណែង​ជា​អភិបាល​ខេត្ត​កាល​ពី​សប្ដាហ៍​មុន លោក​បាន​ចេញ​បទ​បញ្ជា​ឱ្យ​អាជ្ញាធរ​ទូទាំង​ខេត្តតាកែវ ប្រាប់​ទៅ​កាន់​ម្ចាស់​អាជីវកម្ម​ និង​អ្នក​លក់​ដូរ​ផ្សេងៗ ឱ្យ​ទម្លាក់​ចុះ​ស្លាក​ស្រាបៀ ឬ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​តាម​ផ្លូវ​ និង​ទី​សាធារណៈ​នានា។

លោក វ៉ី សំណាង ថា ការ​ទម្លាក់​ស្លាក​ផ្សព្វផ្សាយ​ស្រាបៀ ឬ​គ្រឿង​ស្រវឹង​ទាំង​នេះ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​ធនធាន​មនុស្ស ជា​ពិសេស សិស្សានុសិស្ស ដែល​ស្ថិត​នៅ​ក្នុង​វ័យ​សិក្សា ព្រោះ​ថា ស្លាក​គ្រឿង​ស្រវឹង​ទាំង​អស់​នេះ នឹង​ធ្វើ​ឱ្យ​ពួកគាត់​ឃើញ និង​ចង់​ភ្លក់​រស​ជាតិ​សារ​ធាតុ​ញៀន​ទាំង​នេះ។

លោក វ៉ី សំណាង៖ «ពួក​យើង​មើល​ទៅ​តាម​ដង​ផ្លូវ​នៅ​តាម​ទឹក​ដី​នៅ​ខេត្ត​តាកែវ​នេះ​ភាគ​ច្រើន សុទ្ធ​តែ​ផ្សាយ​ស្លាក​ប៉ាណូ​ស្រាបៀ វា​អត់​មាន​ផ្សាយ​រឿង​សាលា​រៀន​សាលា​អី​ច្រើន​ទេ គឺ​ស្រា​បៀ​ច្រើន​ អ៊ីចឹង ខ្ញុំ​គិត​ថា​ក្មេងៗ គាត់​អាច​ចាប់​អារម្មណ៍​លើ​ស្លាក​ពាណិជ្ជកម្ម​ស្រាបៀ​ អ៊ីចឹង​នៅ​ពេល​ដែល​គាត់​ចាប់​អារម្មណ៍​គាត់​នឹង​ទៅ​សាក​ល្បង គាត់​ឃើញ​ស្រាបៀ​នេះ​ថ្មី ស្រា​បៀ​នេះ​ល្អ​ ស្រាបៀ​មាន​រង្វាន់»។

អភិបាល​ខេត្ត​រូប​នេះ​បន្ត​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នេះ គឺ​ជា​ផ្នែក​មួយ​នាំ​ឱ្យ​ពលរដ្ឋ​បរិភោគ​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន ដែល​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​មាន​កើន​មាន​នូវ​អំពើ​ហិង្សា និង​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្សេងៗ។

លោក វ៉ី សំណាង ដែល​ជា​អតីត​អភិបាល​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្ទេរ​តំណែង​ឱ្យ​ទៅ​ធ្វើ​ជា​អភិបាល​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៤ មិថុនា។ ​លោក វ៉ី សំណាង ក៏​ធ្លាប់​បញ្ជា​ឱ្យ​អាជ្ញាធរ​ទម្លាក់​ស្លាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ផ្លូវ និង​ទីតាំង​សាធារណៈ​នេះ​ដែរ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ មាន​ប្រសាសន៍​ថា យន្ត​ការ​របស់​អភិបាល​ខេត្ត​តា​កែវ​នេះ គឺ​ជា​រឿង​ល្អ ដែល​ជួយ​ឱ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ពិសា​គ្រឿង​ស្រវឹង ហើយ​លោក​យល់​ថា អភិបាល​ខេត្ត​ផ្សេង​ទៀត គួរ​យក​គំរូ​នេះ​មក​អនុវត្ត​ដូច​គ្នា។ លោក​ថា បញ្ហា​គ្រឿង​ស្រវឹង​នេះ គឺ​ជា​បញ្ហា​ចម្បង​មួយ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ធ្លាក់​ខ្លួន​ឈឺ ងាយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ងាយ​បង្ក​ឱ្យ​មាន​ប្រើប្រាស់​អំពើ​ហិង្សា​ជាង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត។

លោក​វេជ្ជបណ្ឌិត មុំ គង់៖ «ការ​សេព​គ្រឿង​ស្រវឹង​នេះ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់ ៤យ៉ាង​សំខាន់ៗ។ ទី​មួយ មាន​ជំងឺ​ជាង ២រយ​មុខ ដែល​បង្ក​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ហ្នឹង។ ទី​ពីរ គ្រោះថ្នាក់​ចរាចរណ៍។ អ្វី ដែល​យើង​មិន​បដិសេធ​បាន​គឺ នៅ​ពេល​ដែល​យើង​សេព​គ្រឿង​ស្រវឹង វា​នាំ​ឱ្យ​សុភវិនិច្ឆ័យ​នៃ​ការ​បើក​បរ​ថយ​ចុះ ជា​ហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អ្នក​បើក​បរ​ទេ ផ្លូវ​សាធារណៈ​ជា​មួយ​គ្នា​ផង»។

នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី១២ ខែមេសា បាន​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ហៅ​កាត់​ថា (ក.គ.ផ.ស) ដែល​មាន​សមាសភាព​ដូចជា​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាដើម។ ការ​បង្កើត​ក្រុម​ការងារ​នេះ គឺ​ដើម្បី​ដឹកនាំ​ជា​យុទ្ធសាស្ត្រ​លើ​ការ​គ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹង និង​តម្រង់​ទិស​ក្នុង​ការ​រៀប​ចំ​យន្តការ​អនុវត្ត និង​បទដ្ឋាន​បច្ចេកទេស​លើ​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ជា​ដើម។ មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​វិធានការ និង​លទ្ធផល​ជាក់លាក់​ណា​មួយ​ពី​ក្រុម​ការងារ​នេះ​ទេ។

អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​បាន​អះអាង​ថា ខ្លួន​បាន​ប្ដេជ្ញា​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹង​គួរ​តែ​ដាក់​វិធាន​ការ​បន្ត​បន្ទាប់ និង​បង្ហាញ​លទ្ធផល​ការងារ​របស់​ខ្លួន ជា​ពិសេស គួរ​ចាប់​ផ្ដើម​ឱ្យ​អភិបាល​ខេត្ត​ផ្សេង​ទៀត​យក​គំរូ​តាម​អភិបាល​ខេត្តតាកែវ ដើម្បី​លុប​បំបាត់​ការ​ផ្សព្វផ្សាយ​ផលិត​ផល​គ្រឿង​ស្រវឹង​នៅ​តាម​ទី​សាធារណៈ។

បណ្ឌិត មាស នី៖ «តែ​ខ្ញុំ​ចាំ​មើល​ថា តើ​គណៈកម្មាធិការ​ថ្មី​ដែល​បង្កើត​ក្រោម​រដ្ឋាភិបាល​ជំនាន់​ថ្មី​អាច​នឹង​ឃើញ​មាន​អ្វី​ប្លែក​ពី​មុនៗ ប៉ុណ្ណា ប៉ុន្តែ​វា​អាច​មាន​ន័យ​ថា​ចំណាត់​ការ​របស់​អភិបាល​ខេត្តតាកែវ វា​អាច​ការ​ផ្ដើម​ឆ្លុះ​បញ្ចាំង​ពី​ភាព​សកម្ម​គណៈកម្មាធិការ​ហ្នឹង​ដែរ»។

របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ជប៉ុន​ឈ្មោះ គីរិន (Kirin) ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ នេះ ក៏​បាន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ពីរ​ពាន់​បី​រយ​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ទៅ​លើ​ស្រាបៀ ដោយ​ពលរដ្ឋ​ម្នាក់ៗ ទទួល​ទាន​ស្រាបៀ​ប្រមាណ ៧២លីត្រ​ក្នុង​មួយ​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment