ដោយ ទីន ហ្សាការីយ៉ា
2024.07.08
RFA

លោក ចាន់ រស្មី (រូបទី៣ ខាងឆ្វេង) ស្នងការរង ខេត្តកំពង់ចាម បានមកស្នាក់ការអាដហុកខេត្តនេះ ស្នើសុំអាដហុកឱ្យដោះស្លាកកើតសារ៉ាយចេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ Provided photo
អាជ្ញាធរខេត្តកំពង់ចាម បញ្ជាមន្ត្រី នៃសមាគមការពារសិទ្ធិមនុស្សអាហុក (ADHOC) ឱ្យរុះរើស្លាកទាមទារឲ្យដោះលែងលោក កើត សារ៉ាយ នៅខាងមុខទីស្នាក់ការសមាគមប្រចាំខេត្តកំពង់ចាម។
ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ចាន់ រស្មី នៅថ្ងៃទី៨ ខែកក្កដា បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ បញ្ជាមន្ត្រី នៃសមាគមការពារសិទ្ធិមនុស្សអាហុក ប្រចាំនៅទីស្នាក់ការខេត្តកំពង់ចាម ឱ្យដោះបដា ដែលទាមទារឲ្យដោះលែងប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គឺលោក កើត សារ៉ាយ ចេញពីមុខទីស្នាក់ការប្រចាំខេត្តនេះ។ អាជ្ញាធរថែមទាំងបង្គាប់បុគ្គលិក នៃសមាគមការពារសិទ្ធិមនុស្សទាំងអស់ ឱ្យសរសេរប្រវត្តិរូបផ្ទាល់ខ្លួន ភ្ជាប់ជាមួយរូបថត និងផ្ញើទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃដដែលនេះ។
អាជ្ញាធរខេត្តកំពង់ចាម ប្រាប់មន្ត្រី នៃសមាគមអាដហុកថា ការបង្គាប់ឲ្យរុះរើបដានេះ គឺធ្វើតាមបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់ថា ការដាក់បដានេះ ខុសច្បាប់ត្រង់មាត្រាណាឡើយ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក លោក យិន ម៉េងលី នៅថ្ងៃទី៨ ខែកក្កដាដដែល ចាត់ទុកទង្វើរបស់អាជ្ញាធរខេត្តកំពង់ចាមថា ជារឿងមួយដ៏អាម៉ាស់ និងកំពុងតែរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ។
លោក យិន ម៉េងលី៖ «កាលណាយើងមកប្រាប់គេមិនឲ្យធ្វើអ្វីមួយ អ៊ីចឹង យើងត្រូវសំអាងទៅលើច្បាប់ថា តើទង្វើនៃការធ្វើហ្នឹង វាខុសច្បាប់អី? តើការបិតបដា ការដាក់រូបភាពហ្នឹង វាជាបទល្មើសអ្វីដែរ? ហើយកាលណាសមត្ថកិច្ចគាត់យកបទបញ្ជាយកមកនិយាយជាគោល គាត់លែងយកច្បាប់មកនិយាយ។ ពេលហ្នឹង អ្វីៗ ចប់ហើយ ព្រោះសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ តែដល់ខ្លួនឯងមកធ្វើ មកហាមឃាត់ មកថា គេខុសច្បាប់ ដោយខ្លួនឯងមិនបង្ហាញពីច្បាប់ ដល់ពេលគេសួរថា ខុសច្បាប់អី យើងបែរជាមកបង្ហាញអំពីបញ្ជារបស់លោកស្នងការទៅវិញ។ នេះជាភាពអាម៉ាស់មួយរបស់មន្ត្រីអនុវត្តច្បាប់»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៨ ខែកក្កដា។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៥ ខែមេសា នៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ ក្រោយពីលោកបានចុះទៅស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅឃុំស្រយង់ ដែលកំពុងលាក់ខ្លួន គេចពីការតាមចាប់របស់សមត្ថកិច្ចខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមីនា និងផ្ដល់បទសម្ភាសន៍ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយ។
កន្លងទៅអង្គការសង្គមស៊ីវិល សមាគម និងសហជីពជិត ១០ស្ថាប័ន បានធ្វើយុទ្ធនាការលើបណ្ដាញសង្គម ដោយអ្នកចូលរួមយុទ្ធនាការនេះ បានឈរដោះស្បែកជើង និងកាន់រូបថតរបស់លោក កើត សារ៉ាយ ដើម្បីទាមទារអាជ្ញាធរឱ្យដោះលែងប្រធានសមាគមរូបនេះ ឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាហុក លោក យិន ម៉េងលី អំពាវនាវដល់អាជ្ញាធរ ឲ្យអនុវត្តតួនាទីជាអ្នកអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ជៀសវាងការរិះគន់នានា ពីសាធារណៈជនថា ខកខានក្នុងការអនុវត្តតួនាទីរបស់ខ្លួនស្របទៅតាមច្បាប់ និងធ្វើឲ្យប្រទេសជាតិ គ្មាននីតិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។