ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះបរមរាជ​វាំង​រំឭក​បន្ទូល​របស់​ព្រះករុណា​ព្រះ​បរមរតន​កោដ្ឋ​ ថា ​កម្ពុជា​ក្រោម គឺ​ជា​ខ្មែរ​តែ​មួយ

ដោយ ខាន់ លក្ខិណា
2024.07.15
RFA

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះបរមរាជ​វាំង​រំឭក​បន្ទូល​របស់​ព្រះករុណា​ព្រះ​បរមរតន​កោដ្ឋ​ ថា ​កម្ពុជា​ក្រោម គឺ​ជា​ខ្មែរ​តែ​មួយ

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ រូប៖ AFP


ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះ​បរមរាជ​វាំង (Royal Palace of Cambodia) បាន​រំឭក​ បន្ទូល​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ​ កាល​ពី​ឆ្នាំ២០០៦ ថា ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​ជា​ជន​ជាតិ​ខ្មែរ ដូច​ពលរដ្ឋ​ខ្មែរ​កណ្ដាល​ នៃ​ព្រះរាជាណាចក្រកម្ពុជា ទោះបី​ជា​បារាំង​បាន​កាត់​ទឹក​ដី​កូសាំង​ស៊ីន ឬ​កម្ពុជា​ ក្រោម​ទៅ​ឱ្យ​អាណ្ណាម ឬ​បច្ចុប្បន្ន​វៀតណាម​គ្រប់គ្រង​ក៏​ដោយ។

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះ​បរមរាជវាំង (Royal Palace of Cambodia) ដែល​តែង​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ព្រះ​រាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ​ខ្មែរ​និង​ព្រះរាជ​វង្សា​នុវង្ស​នៅ​ថ្ងៃ​ទី១៤ ខែកក្កដា បាន​បង្ហាញ​សេចក្ដី​ថ្លែង​ការណ៍​ ស្ដីពី​កម្ពុជា​ក្រោម គឺ​ជា​ខ្មែរ​តែមួយ​ ដែល​ឡាយ​ព្រះហស្ថលេខា​ដោយ​ព្រះករុណា នរោត្តម សីហនុ កាល​ពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦។

សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម និង​រាជរដ្ឋាភិបាល​ នា​សម័យ​នោះ បាន​ផ្តល់​ជូន​ជន​រួម​ជាតិ​ខ្មែរ ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជាក្រោម ​ឱ្យ​ទទួល​បាន​យ៉ាង​ពេញ​ចិត្ត​ពេញ​ថ្លើម​នូវ​រាល់​សិទ្ធិ ដែល​ជន​រួម​ជាតិ​នៅ​ព្រះរាជាណាចក្រកម្ពុជា (កម្ពុជាលើ) ទទួល​បាន​ពី​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម។

អាស្រ័យ​ហេតុ​នេះ ព្រះអង្គ​គាំទ្រ​សំណើ​សុំ​ទាមទារ​សិទ្ធិ​មួយ​ចំនួន​របស់​ជន​រួម​ជាតិ​ខ្មែរ ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម ដែល​ពុំ​ទាន់​បាន​ទទួល​បាន មាន​ជា​អាទិសិទ្ធិ​ទទួល​អត្ត​សញ្ញាណ​បណ្ណ បណ្ណគ្រួសារ ការ​ចុះ​បញ្ជី​សៀវភៅ​អាត្រានុកូលដ្ឋាន និង​លិខិត​ឆ្លង​ដែន។ល។

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះបរមរាជវាំង (Royal Palace of Cambodia) បង្ហាញ​សេចក្ដី​ថ្លែង​ការណ៍​នេះ ក្រោយ​ពី​ប្រជាពលរដ្ឋខ្មែរ​ក្រោម និង​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​ប្រតិកម្ម​ទៅ​នឹង​សម្ដី​របស់​អ្នក​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ដែល​ចាត់​ទុក​ខ្មែរ​ក្រោម​ទាំងអស់​ថា​ ជា​ជន​ជាតិ​វៀតណាម។

ប៉ុន្តែ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដាប្រទេស​ផ្សេងៗ​ បង្ហោះសារ​ លើ​បណ្ដាញ​សង្គម​ថា អ្វី​ដែល​លោក សុខ ឥសាន លើក​ឡើង​នោះ គឺ​ជា​ការ​បំបាត់​ពូជ​សាសន៍​ខ្មែរ ហើយ​ពួកគាត់​មិន​អាច​ទទួល​យក​បាន​ឡើយ។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម អះអាង​ថា ពួកគាត់​មាន​សញ្ជាតិ​វៀតណាម​ ដោយសារតែ​ខ្មែរ​ក្រោម​ស្ថិត​នៅ​ក្រោម​គ្រប់គ្រង​របស់​វៀតណាម ប៉ុន្តែ​ ចំពោះ​ជន​ជាតិវិញ គឺ​នៅ​តែ​ជា​ជន​ជាតិ​ខ្មែរ​ដដែល។ ពួកគេ​ចាត់​ទុក​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា គឺ​ជា​ការ​ប្រមាថ និង​មើល​ងាយ ​ហើយ​ហាក់​បង្ហាញ​ពី​ចេតនា​ចង់​រំលាយ​ពូជ​សាសន៍​ខ្មែរ ឱ្យ​ក្លាយ​ជា​ជន​ជាតិ​យួន។

ទាំង​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​កណ្ដាល ទាមទារ​ឱ្យ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ចេញ​មុខ​សុំទោស​ខ្មែរ​ក្រោម​ជា​សាធារណៈ និង​បកស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភព​លោក​បាន​ដឹង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles