ដោយ ទីន ហ្សាការីយ៉ា
2024.07.16
RFA

ពលរដ្ឋ១៥០នាក់គ្រួសារមកពីភូមិព្រែកសំរោង និងអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលាខេត្តកណ្ដាល ដើម្បីស្នើឲ្យអភិបាលខេត្តនេះ បើកវេទិកាសាធារណៈ ស្វែងរកដំណោះស្រាយដល់ពួកគេ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងស្ដារប្រឡាយ៩៦ នៅក្រុងតាខ្មៅជាង១៥០គ្រួសារ បានប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលាខេត្តកណ្ដាល ដើម្បីស្នើឲ្យអភិបាលខេត្តនេះ បើកវេទិកាសាធារណៈ រកដំណោះស្រាយដល់ពួកគេ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរតែសិក្សាពីផលប៉ះពាល់និងរកដំណោះស្រាយឲ្យបានត្រឹមត្រូវ និងយុត្តិធម៌មុនធ្វើការអភិវឌ្ឍ។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងស្ដារប្រឡាយ៩៦ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាង១៥០គ្រួសារ នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ អះអាងថា អាជ្ញាធរចុះស្ដារប្រឡាយ៩៦ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដោយមិនបានជូនដំណឹង ឬធ្វើវេទិកាសាធារណៈដើម្បីស្វែងរកដំណោះស្រាយសមរម្យដល់ប្រជាពលរដ្ឋជាមុននោះទេ។
តំណាងប្រជាពលរដ្ឋនៅសង្កាត់កំពង់សំណាញ់ លោក ចឹក ចាន់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែកក្កដាថា ប្រជាពលរដ្ឋជាង១០០គ្រួសារ បានស្នើឲ្យអាជ្ញាធរខេត្តកណ្ដាលបើកវេទិកាសាធារណៈ ដើម្បីស្វែងរកដំណោះស្រាយ ដល់ប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ ដីធ្លី ផ្ទះសម្បែង នៅតាមប្រឡាយ៩៦ ដែលប្រជាពលរដ្ឋបានតាំងទីលំនៅជាយូរណាស់មកហើយ។ លោកថា ប្រជាពលរដ្ឋចង់ឲ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់សំណងជាដីលំនៅឋាន និងប្រាក់មួយចំនួនសម្រាប់ពួកគាត់សាងសង់ផ្ទះថ្មីរស់នៅបន្តទៀត ប្រសិនបើមិនមានសំណងទាំងអស់នេះនោះទេ ពលរដ្ឋទាំងនោះមិនមានដីធ្លី និងផ្ទះសម្បែងស្នាក់នៅបន្តទៀតឡើយ។
លោក ចឹក ចាន់៖ «ពួកយើងខ្ញុំក៏អត់ថាអ្វីទេ យើងចូលរួមក្នុងការអភិវឌ្ឍន៍ជាមួយរដ្ឋាភិបាល ប៉ុន្តែយើងខ្ញុំទៅនេះ ចង់ឲ្យរដ្ឋាភិបាលនឹងជួយអភិវឌ្ឍន៍យើងខ្ញុំផងទីមួយ ទីពីរព្រឹកមិញនឹង ទៅស្នើសុំឲ្យសាលាខេត្តអភិបាលខេត្តបើកវេទិកាសេរីមួយ ប្រាប់យើងខ្ញុំពីផលប៉ះពាល់ និងដំណោះស្រាយឲ្យយើងខ្ញុំ»។
ពលរដ្ឋអះអាងទៀតថា អាជ្ញាធរខេត្តកណ្ដាលសន្យាចុះបើកវេទិកាសាធារណៈ និងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។

ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានទេនៅថ្ងៃទី១៥ ខែកក្កដា។
បច្ចុប្បន្នរដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត កំពុងសាងសង់ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត ចំនួន១០ខ្សែ ដើម្បីបញ្ចៀសកុំឲ្យមានទឹកជំនន់ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងតំបន់នៅជិតស្ទឹងព្រែកត្នោត។ ក្នុងនោះប្រឡាយមេ ៩៦ ត្រូវស្ដារប្រវែង ៣៤គីឡូម៉ែត្រ និងទទឹងពី៨០ ទៅ១០០ម៉ែត្រ ដើម្បីរំដោះទឹក និងពង្វាងទឹកជំនន់កុំឲ្យជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងព្រលានយន្តហោះថ្មី។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែមានកញ្ចប់ថវិកាដើម្បីទុកសម្រាប់ដោះស្រាយ ដោយផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចទៅរស់នៅទីតាំងថ្មីបានសមរម្យ។
លោក យិន ម៉េងលី៖ «ប្រសិនបើយើងឲ្យកញ្ចប់ថវិកាតិចតួចគ្រាន់តែគាត់រុះរើដឹកជញ្ជូនអស់ ក៏គាត់មានការលំបាកដែរគាត់មានការប្រឈមណាស់ អ៊ីចឹង មុនការអភិវឌ្ឍន៍រដ្ឋត្រូវមានវិធានការសិក្សាពិភាក្សាជាមួយគាត់ ទៅជួបគាត់ជជែកជាមួយពួកគាត់ស្ដាប់សំណូមពររបស់ពួកគាត់ហើយអាជ្ញាធរត្រូវលើកឡើងនូវអ្វីដែលអភិវឌ្ឍន៍នេះ អ៊ីចឹងជួបក្ដាប់នូវសំណូមពររបស់គាត់ទៅដើម្បីជៀសវាងការប្រើប្រាស់នូវអំពើហិង្សា»។
ការស្ដារប្រព័ន្ធធារាសាស្ត្រស្ទឹងព្រែកត្នោតនេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រមាណ ៤រយ(៤០០)លានដុល្លារអាមេរិក។
ក្រោយជួបជុំគ្នាជិតមួយព្រឹក ប្រជាពលរដ្ឋបាននាំគ្នាវិលត្រឡប់ទៅផ្ទះវិញនៅម៉ោងជាង ១១ថ្ងៃត្រង់ ដើម្បីត្រៀមខ្លួនចូលរួមវេទិកាសាធារណៈរបស់អាជ្ញាធរដែលរៀបចំឡើងនៅរសៀលម៉ោង២ថ្ងៃដដែលនៅវត្តក្របៅ ភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ជាលទ្ធផល អាជ្ញាធរព្រមទទួលយកសំណូមពរ និងសន្យាដោះស្រាយឲ្យប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ពលរដ្ឋទុកពេលឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការដោះស្រាយរយៈពេល១ខែ ហើយប្រសិនបើមិនមានលទ្ធផលអ្វីនោះទេ ពលរដ្ឋនឹងលើកគ្នាទៅតវ៉ានៅមុខសាលាខេត្តកណ្ដាលម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។