ក្រោយបណ្តេញចេញ ព្រះសង្ឃ សាំង រិទ្ធី ស្វែងរកអន្តរាគមន៍ដើម្បីត្រឡប់ទៅគង់នៅវត្តដំរីសវិញ

កម្ពុជា
កម្ពុជា-សង្គម
17/07/2024 – 10:25
ដោយ៖ អោ ស្រីពេជ្រ
RFI

ព្រះតេជគុណ សាំង រិទ្ធី ដែលត្រូវបានបណ្តេញចេញពីវត្តដំរីស ខេត្តបាត់ដំបងបាននិមន្តយកលិខិតទៅប្រគេនព្រះអនុគណក្រុងបាត់ដំបងនៅល្ងាចថ្ងៃទី១៦ កក្កដាដើម្បីស្នើសុំអន្តរាគមន៍ឱ្យព្រះអង្គអាចត្រឡប់ទៅគង់នៅវត្តដំរីសឡើងវិញ។ សូមរម្លឹកថា ព្រះសង្ឃ សាំង រិទ្ធី ត្រូវបានបណ្តេញចេញពីវត្ត បន្ទាប់ពីព្រះអង្គបានចូលរួមដង្ហែក្បួនធម្មយាត្រាអប់រំសីល៥ ឧទ្ទិសកុសលជូនសពលោកបណ្ឌិត កែម ឡី និងវីរជនផ្សេងទៀត។

ក្រោយបណ្តេញចេញ ព្រះសង្ឃ សាំង រិទ្ធី ស្វែងរកអន្តរាគមន៍ដើម្បីត្រឡប់ទៅគង់នៅវត្តដំរីសវិញ


តាមរយៈលិខិតមួយប្រគេនព្រះអនុគណក្រុងបាត់ដំបងក្នុងថ្ងៃទី១៦ កក្កដា ព្រះតេជគុណ សាំង រិទ្ធី បានសុំឲ្យព្រះអនុគណក្រុងបាត់ដំបងជួយអន្តរាគមន៍ដើម្បីឲ្យព្រះអង្គអាចត្រឡប់ចូលគង់នៅវត្តដំរីសវិញដើម្បីបន្តការសិក្សារៀនសូត្រតទៅទៀត។ ការសម្រេចអំពាវនាវរកអន្តរាគមន៍ពីព្រះអនុគណក្រុងបាត់ដំបងពេលនេះត្រូវបានព្រះតេជគុណ សាំង រិទ្ធី ពន្យល់ថា ព្រះអង្គត្រូវបានចៅអធិការវត្តដំរីសបណ្តេញចេញដោយបង្ខំ និងមានការគំរាមកំហែងក្រោមមូលហេតុនៃការចូលរួមរបស់ព្រះអង្គនៅក្នុងកម្មវិធីធម្មយាត្រាអប់រំសីល៥ដើម្បីឧទ្ទិសកុសលជូនសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដាកន្លងទៅ។

ព្រះតេជគុណ សាំង រិទ្ធី បានអះអាងនៅក្នុងលិខិតដដែលថា ការចូលរួមធ្វើធម្មយាត្រាដោយអហិង្សានោះ គឺគ្មានចេតនាអ្វីផ្សេងក្រៅពីផ្សព្វផ្សាយសីល៥ និងលើកកម្ពស់សីលធម៌សង្គម បណ្តុះស្មារតីពលរដ្ឋ យុវជន និងព្រះសង្ឃឱ្យចូលរួមកិច្ចការងារសង្គម និងឧទ្ទិសកុសលជូនសពលោកបណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់អង្គ/រូបនោះទេ។ ចំពោះតេជគុណ សាំង រិទ្ធី ការធ្វើធម្មយាត្រាបែបនេះគឺស្របទៅតាមពុទ្ធានុញ្ញាត ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិដែលស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

តែលោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំនៅខេត្តបន្ទាយមានជ័យដែលកំពុងតាមដានរឿងរ៉ាវមួយនេះបានឲ្យដឹងថា ពុំមានលេខាអង្គណាចេញមកទទួលលិខិតសុំអន្តរាគមន៍ពីព្រះអនុគណក្រុងបាត់ដំបងរបស់ព្រះតេជគុណ សាំង រិទ្ធី នោះទេគិតត្រឹមថ្ងៃទី១៧ កក្កដាក្រោមហេតុផលថា ក្រុមគណៈសង្ឃទាំងអស់ជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។ នៅថ្ងៃទី១៦ កក្កដា អង្គការលីកាដូបានចេញសេចក្តីប្រកាសមួយដោយចាត់ទុកការបណ្តេញព្រះតេជគុណ សាំង រិទ្ធី ចេញពីវត្តថាជាសកម្មភាពរំលោភបំពាន និងគាបសង្កត់មួយផ្សេងទៀតលើការចូលរួមរបស់ព្រះសង្ឃ។

ក្រោយបណ្តេញចេញ ព្រះសង្ឃសាំង រិទ្ធីស្វែងរកអន្តរាគមន៍ដើម្បីត្រឡប់ទៅគង់នៅវត្តដំរីសវិញ
ក្រោយបណ្តេញចេញ ព្រះសង្ឃសាំង រិទ្ធីស្វែងរកអន្តរាគមន៍ដើម្បីត្រឡប់ទៅគង់នៅវត្តដំរីសវិញ © FB

អង្គការលីកាដូបានឆ្លៀតរម្លឹកពីការឃាត់ព្រះកាយ និងចាប់ផ្សឹកព្រះតេជគុណ សយ សាតកាលពីខែមីនា ឆ្នាំ២០២៣ ដោយសារព្រះអង្គបានធ្វើធម្មយាត្រាពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែតដើម្បីអំពាវនាវឱ្យមានការផ្លាស់ប្តូរក្នុងសង្គម៕

What Next?

Recent Articles