ដោយ ជីវិតា
2024.07.25
RFA

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងការពារគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កាលពីថ្ងៃទី២៣ កក្កដា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ពលរដ្ឋរស់នៅភូមិភាគឦសាន ចំនួន៤ខេត្ត គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង មិនគាំទ្រការដាក់បញ្ចូលខេត្តទាំង៤នេះ ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នោះទេ។ ដោយពួកគេអះអាងថា ការដាក់បញ្ចូលខេត្តទាំង៤នេះ នឹងនាំឲ្យពលរដ្ឋជួបការលំបាកបន្ថែមទៀត រួមមានការរំលោភសិទ្ធិមនុស្ស ការបាត់បង់ធនធានធម្មជាតិ និងទ្រព្យសម្បត្តិជាតិផ្សេងៗ។
ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងសារជាសាធារណៈអស់ជាច្រើនម៉ោងរួចមក ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមតំបន់ព្រំដែនឡាវ និងវៀតណាម មិនគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដែលមានកម្ពុជា ឡាវ និងវៀតណាមនោះទេ។
ពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែកក្កដាថា បច្ចុប្បន្នជនជាតិដើមភាគតិច នៅមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នៅឡើយទេ។ លោកស្រីបន្ថែមថា គ្រាន់តែក្នុងពេលបច្ចុប្បន្នជនជាតិដើមភាគតិចបានរងគ្រោះពីការបំពានរបស់ក្រុមហ៊ុនឯកជននានា ក្នុងនោះមានទាំងក្រុមហ៊ុនវៀតណាមផង បង្កការរំលោភសិទ្ធិ សេរីភាព និងធ្វើឲ្យបាត់បង់ធនធានធម្មជាតិ វប្បធម៌ ប្រពៃណីស្ទើរទាំងស្រុងទៅហើយ។ ដូច្នេះលោកស្រីស្នើឲ្យរដ្ឋាភិបាលគិតពិចារណាឡើងវិញចំពោះការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដែលមាន កម្ពុជា ឡាវ និងវៀតណាម នេះ។
លោកស្រី ភ្លឹក ភីរុំ៖ «ខ្ញុំគិតថារដ្ឋាភិបាលពិចារណាឡើងវិញនៃការគម្រោង តាមពិតទៅយើងមិនសូវជាពេញចិត្តអ្វីនោះទេ យើងនឹងពិបាកហើយគ្រាន់តែឥឡូវយើងពិបាកប៉ុណ្ណឹងហើយទម្រាំអភិវឌ្ឍន៍ត្រីកោណនោះទៀត យើងនឹងរងផលប៉ះពាល់ និងការវាយប្រហារខ្លាំងទៅលើការអភិវឌ្ឍន៍ទាំងអស់នេះ អ៊ីចឹងយើងមិនសង្ឃឹមថាយើងរស់ស្រួលទេ»។
ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តក្រចេះសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ឲ្យដឹងដែរថា លោកមិនគាំទ្រចំពោះការបង្កើតតំបន់ត្រីកោណ CLV ដោយលោកអះអាងថា រាល់ការសម្បទានឬការរកស៊ីជាមួយជនជាតិវៀតណាម ពលរដ្ឋខ្មែរមិនទទួលបានផលចំណេញនោះទេ។ ចំណែកក្រុមហ៊ុនវៀតណាមវិញ លោកថា តែងតែលួចយកធនធានធម្មជាតិកម្រជាច្រើនប្រភេទទៅប្រទេសវៀតណាម។
ពលរដ្ឋនៅខេត្តក្រចេះ សុំមិនបញ្ចេញឈ្មោះ៖ «រឿងព្រួយបារម្ភ ព្រួយបារម្ភមែនទែនហើយឃើញព័ត៌មានចេញមកប៉ុន្មានថ្ងៃនេះនាំគ្នាអង្គុយគិត ព្រួយបារម្ភដល់កហើយ ចូលមកមានអ្វីការពិតយើងវាខាតបង់ដូចព្រៃឈើ រ៉ែ សូមឲ្យរដ្ឋាភិបាលពិចារណាសារដើមឡើងវិញទៅ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានមុខរបរស្រែចម្ការមានធនធានធម្មជាតិ ដូចជាព្រៃឈើបាននៅគង់វង្សរ៉ែបានគង់វង្ស»។
ចំណែកប្រជាពលរដ្ឋ រស់នៅខេត្តរតនគិរី លោក អៀ វុធ ប្រាប់វិទ្យុអាស៊ីសេរីដែរថា លោកព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែកន្លងទៅអាជ្ញាធរវៀតណាមធ្លាប់ បិទទំនប់ទឹក ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋកម្ពុជា និងបាត់បង់មច្ឆាជាតិជាច្រើនប្រភេទ។ លើសពីនោះ ក្រុមឈ្មួញវៀតណាម តែងតែលួចយកធនធានធម្មជាតិ ដូចជា ព្រៃឈើ រ៉ែមាស និងធនធានធម្មជាតិផ្សេងៗទៀត។
លោក អៀ វុធ៖ «សំណូមពរធ្វើយ៉ាងណាឲ្យប្រជាជនបានសុខបានសប្បាយទៅ កុំឲ្យប្រជាពលរដ្ឋលំបាក រាល់ថ្ងៃបានប៉ុណ្ណឹងទៅបានហើយកុំឲ្យលំបាកជាងទៅវាបានហើយ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៤ ខែកក្កដា។
ទោះជាយ៉ាងណា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលបានបង្កើតតាំងពីឆ្នាំ១៩៩៩មក គឺដើម្បីប្រែក្លាយតំបន់ព្រំដែនឲ្យមានការអភិវឌ្ឍន៍ និងសុខដុមនីយកម្មរត់ភ្ជាប់ជាមួយប្រជាជនប្រទេសទាំងបី នៅលើដងវិថីសន្តិភាព និងវិបុលភាពរួមគ្នា ហើយកម្ពុជានឹងមានផលចំណេញពីគម្រោងនេះច្រើនជាងគេ។
ទាក់ទិននឹងបញ្ហានេះ អ្នកអត្ថាធិប្បាយនយោបាយ និងសង្គម លោក គឹម សុខ អះអាងថា គម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ CVL គឺជាគម្រោងឥណ្ឌូចិនរបស់វៀតណាម ដើម្បីងាយស្រួលក្នុងការត្រួតត្រា កម្ពុជា និងឡាវទៅថ្ងៃខាងមុខ ហើយគម្រោងនេះនឹងបំផ្លិចបំផ្លាញនូវធនធានធម្មជាតិថែមទៀត។ លោកថា ដើម្បីទប់ស្កាត់គម្រោងនេះបាន ប្រជាពលរដ្ឋទាំងក្នុង នៅក្រៅប្រទេសត្រូវតែប្រមូលផ្ដុំគ្នាតវ៉ាឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដកខ្លួនចេញពីគម្រោងមួយនេះ ដូចពលរដ្ឋវៀតណាមបាតុកម្មមិនឲ្យក្រុមហ៊ុនចិនវិនិយោគលើទឹកដីវៀតណាមដែរ។
លោក គឹម សុខ៖ «ប្រជាពលរដ្ឋគួរតែយកគំរូនេះ ធ្វើការតវ៉ាទាំងនៅកម្ពុជា ទាំងនៅពិភពលោក ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ហ៊ុន ម៉ាណែត ដែលគ្រោងអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយឡាវ និងវៀតណាម ដែលរងហានិភ័យដែលធ្វើឲ្យបាត់បង់ទឹកដីខ្មែរទាំង៤ខេត្តនៅភូមិភាគឦសាននោះ»។
នៅលើបណ្ដាញសង្គមហ្វេសប៊ុកវិញ ពលរដ្ឋជាច្រើនបានប្រតិកម្ម មិនគាំទ្រគម្រោងដាក់បញ្ចូលខេត្តចំនួន៤ គឺខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ទៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ឡើយ ដោយពួកគេបារម្ភខ្លាចបាត់បង់ទឹកដីទាំងនោះ ឲ្យទៅវៀតណាមគ្រប់គ្រងដូចកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពលរដ្ធទាំងអស់ត្រូវតែក្រោកឡើងប្រឆាំងដាច់ខាតនូវគម្រោងនេះ!