តុលាការ​បន្ត​សាកសួរ​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ម្នាក់​ទៀត ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ

ដោយ ហ៊ុំ ចំរើន
2024.07.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​បន្ត​សាកសួរ​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ម្នាក់​ទៀត ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ

(ពីឆ្វេងទៅស្ដាំ) លោកស្រី ទឹម អ៊ុក លោកស្រី ស៊ា ដាវី និង​លោកស្រី គង់ តឿ ជា​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០នាក់ ដែល​តុលាការ​​ចេញ​ដីកា​កោះហៅ​ឱ្យ​ទៅ​ឆ្លើយបំភ្លឺ​ជា​បន្ត​បន្ទាប់។ លោកស្រី គង់ តឿ (ស្ដាំ) បាន​ចូល​ឆ្លើយ​បំភ្លឺ កាល​ពី​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៤។ រូប៖ ពីពលរដ្ឋ


សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សាកសួរ​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក​ម្នាក់​ទៀត ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១០នាក់ ដែល​តុលាការ​បាន​ចេញ​ដីកា​កោះហៅ កាល​ពី​ថ្ងៃ​ទី៩ ខែកក្កដា តាម​ពាក្យ​បណ្ដឹង​របស់​ដើម​បណ្ដឹង​ឈ្មោះ រុន តាក់។

តំណាង​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែកក្កដា លោក អ៊ុត អាត បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។

ចំណែក​ឯ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​តំណាង​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ចំនួន ២នាក់ គឺ​លោកស្រី និង​លោកស្រី គង់ តឿ បាន​ទៅ​លើក​ទឹក​ចិត្ត​លោក អ៊ុត អាត។

នេះ​ជា​ការ​សាកសួរ​លើក​ទី៣ ហើយ ក្នុង​សំណុំរឿង​ដដែល​នេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វិវឌ្ឍនៈ បាន​សាកសួរ​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងតាមោក​ចំនួន ២នាក់ គឺលោកស្រី គង់ តឿ និងលោស្រី អំ ភឿន កាល​ពី​ថ្ងៃ​ទី២៤ និង២៥ ខែកក្កដា​កន្លង​ទៅ។ ចំណែក​ឯ​ពលរដ្ឋ​បឹង​តាមោក​ដទៃ​ទៀត ដែល​រង​បទ​ចោទ​ដូច​គ្នា​នេះ នឹង​បន្ត​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​សវនាការ​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក លោក អ៊ុត អាត ដើម្បី​សួរ​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ក៏​វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទង​នឹង​ការ​សាកសួរ​នេះ លោកស្រី ស៊ា ដាវី ឲ្យ​ដឹង​ថា លោក អ៊ុត អាត គ្មាន​មេធាវី​ចូល​អម​ឡើយ ហើយ​ពលរដ្ឋ​រូប​នេះ ក៏ បាន​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ​រួច​ហើយ​ដែរ។

កាល​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ អាជ្ញាធរ​ខណ្ឌព្រែកព្នៅ បាន​ប្រើ​គ្រឿងចក្រ ចំនួន ២គ្រឿង ចុះ​កាយ​ដី​ខាង​ក្រោយ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក ក្នុង​សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​អះអាង​ថា ដើម្បី​សាងសង់​ប្រឡាយ ដែល​មាន​ទទឹង ៤០ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ជំនន់។ ប៉ុន្តែ ការ​ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​នោះ អាជ្ញាធរ​ពុំ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ ដែល​កំពុង​អាស្រ័យ​ផល​លើ​ផ្ទៃ​បឹង​ឡើយ ថែមទាំង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ បណ្ដាល​ឲ្យ​មាន​ស្ត្រី​ម្នាក់​ដួល​សន្លប់ នៅ​ពេល​គាត់​ព្យាយាម​រារាំង​មិន​ឲ្យ​អាជ្ញាធរ​កាយ​ដី ដែល​ពលរដ្ឋ​កំពុង​ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​ផ្សេងៗ។ ប៉ុន្តែ អាជ្ញាធរ​បែរ​ជា​តាំង​ខ្លួន​ជា​ជន​រងគ្រោះ ហើយ​ប្ដឹង​ពលរដ្ឋ​ទៅ​វិញ។ មក​ទល់​ពេល​នេះ តំណាង​ពលរដ្ឋ​ចំនួន ១០នាក់ បាន​ជាប់​បណ្ដឹង​ក្នុង​តុលាការ​ជា​ច្រើន​ករណី ដោយសារ​ការ​តស៊ូ​ទាមទារ​ដំណោះស្រាយ​ដីធ្លី ហើយ​តំណាង​សហគមន៍​ម្នាក់ គឺ​អ្នកស្រី ប្រាក់ សុភា បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។ ក្រៅ​ពី​នេះ ពលរដ្ឋ​ទាំង​នោះ ក៏​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​មិន​ឲ្យ​តវ៉ា ការ​គំរាម​កំហែង ការ​បំផ្លិចបំផ្លាញ​មុខរបរ និង​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពួក​គាត់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles