ដោយ វិទ្យុអាស៊ីសេរី
2024.07.30
RFA
រូបត្លុកនយោបាយ៖ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម (CLV-DTA)៖ ពី១៣ខេត្តរួមគ្នា ទៅប្រទេសទាំងមូល? រូប៖ RFA
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពី២៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៩៩ បាននាំគ្នាចុះហត្ថលេខាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសទាំង៣ ដែលមានសរុប១៣ខេត្តជាប់ព្រំដែនរួមគ្នា លើផ្ទៃដីទំហំ ១៤៤.៣៤១ គីឡូម៉ែត្រការ៉េ។ ក្នុងនោះ កម្ពុជា មាន៤ខេត្ត គឺខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវ មាន៤ខេត្ត គឺខេត្តសេកុង អត្តពើ សាឡាវ៉ាន់ និងខេត្តចំប៉ាសាក់។ ចំណែកឯ ប្រទេសវៀតណាម មាន៥ខេត្ត គឺខេត្តកន្ទុំ យ៉ាឡាយ ដាក់ណុង ដាក់ឡាក់ និងខេត្តប៊ិញភឿក។ ផែនការមេអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ត្រូវបានក្រុមមេដឹកនាំនៃប្រទេសទាំង៣ដាក់ចេញជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ផែនការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្មកៅស៊ូ ជាដើម។ ក្រោយមក កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមគ្នានេះ បានឈានដល់វិស័យកិច្ចការបរទេស នយោបាយ ការពារជាតិ និងសន្តិសុខសាធារណៈ។ សេចក្តីរាយការណ៍នានាឱ្យដឹងថា កន្លងទៅកាលពីឆ្នាំ២០១៨ មេដឹកនាំវៀតណាម ធ្លាប់បានស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការ CLV នេះ ឆ្ពោះទៅគ្របដណ្ដប់ទឹកដីទាំងមូលនៃប្រទេសទាំង៣តែម្តង។ ក៏ប៉ុន្តែ នៅពុំទាន់មានការឆ្លើយតបជាផ្លូវការណាមួយពីភាគីកម្ពុជា និងឡាវនៅឡើយទេជុំវិញសំណើនេះ។
បើទោះបីជាមានការបញ្ជាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជាថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ គ្មានប្រទេសណាមួយ «បាត់បង់អធិបតេយ្យ» ហើយ «គ្មានឡើយ» ការយកខេត្តទាំង៤របស់កម្ពុជា «ទៅដាក់ហ៊ុន» ជាមួយប្រទេសជិតខាងដើម្បី «រួមបញ្ចូលគ្នាជាដីតែមួយ» ដូចការរិះគន់ក៏ដោយ ក៏ពលរដ្ឋខ្មែរ និងក្រុមអ្នកឃ្លាំមើលមួយចំនួន បារម្ភខ្លាច «បាត់បង់» ទឹកដីកម្ពុជាទៅប្រទេសវៀតណាម ដូចករណីទឹកដីកម្ពុជាក្រោមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។