លោក ជួង ជូងី ចាត់ទុកការទារជំងឺចិត្ត៥០ម៉ឺនដុល្លារពីកូនក្តីលោកដូចមូលកចង្រិតដកអាចម៍

កម្ពុជា
30/07/2024 – 12:21
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ជួង ជូងី មេ​ធាវី​ការ​ពារ​ក្តី​ឲ្យ លោក នី ណាក់ អ្នក​ជំនាញ​កសិកម្ម​បាន​ប្រដូច​ការ​ទាម​ទារ​ជំងឺ​ចិត្ត​ពី​កូន​ក្តី​របស់​លោក​ជា​ការ​មូល​កចង្រិត​ដក​អាចម៍​។​ ការ​លើក​ឡើង​របស់ ​លោក ជួង ជូងី ​ធ្វើ​ឡើង​ បន្ទាប់ពី​មេធា​វីការ​ពារ​ក្តី​ឲ្យ លោក ហេង សួរ បាន​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២០០០ លាន​រៀល ឬ​ជិត ៥០ ម៉ឺន​ដុល្លារ​អាមេរិក​ពី លោក នី ណាក់ នៅក្នុង​សវនា​ការ​ កាល​ពី​ថ្ងៃទី​២៩​ កក្កដា។​

លោក ជួង ជូងី ចាត់ទុកការទារជំងឺចិត្ត៥០ម៉ឺនដុល្លារពីកូនក្តីលោកដូចមូលកចង្រិតដកអាចម៍


លោក មេធាវី ជួង ជូងី បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣០​ កក្កដានេះ ថា​ លោក នី ណាក់ មិនមានលុយច្រើនដល់ថ្នាក់នេះឡើយ​ និងថា សូម្បីតែថ្លៃជួលមេធាវីការពារក្តីក៏អ្នកជំនាញកសិកម្មរូបនេះមិនមានលទ្ធភាពដែរ។ បើតាម លោក ជួង ជូងី លោកបានជួយការពារក្តីឲ្យ លោក នី ណាក់ គឺដោយសារតែមានការព្រមព្រៀងគ្នាជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាមរយៈការ​ពឹងពាក់ពីភរិយារបស់ លោក នី ណាក់។

សូមបញ្ជាក់ថា លោក នី ណាក់ ដែលជាអ្នក​ជំនាញកសិកម្មម្នាក់ត្រូវបានចាប់ខ្លួនកាល​ពី​ដើម ខែមករា​ ឆ្នាំ២០២៤ បន្ទាប់ពីលោកបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកឈ្មោះ IMan-KH។ នៅក្នុងសារកាលណោះ​ លោក នី  ណាក់ បានលើកឡើង ពីការសម្រេចរបស់រដ្ឋាភិបាលក្នុងការផ្តល់ដីព្រៃប្រមាណ ១០០ ហិកតានៅភ្នំបូកគោ ខេត្តកំពត ឱ្យបុគ្គលម្នាក់ឈ្មោះ ហេង សួរ ​ដែលដូចនឹងឈ្មោះរបស់រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ។

គឺតាមរយ:សារមួយនេះ ពេលនោះដែល លោក នី ណាក់ បានរងបណ្តឹងពីរដ្ឋមន្ត្រីក្រសួង​ការងារពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យមានការរើសអើង។ នៅក្នុងវនាការក្នុងថ្ងៃទី២៩​ ខែកក្កដា សហមេធាវីការពារក្តីឲ្យ លោក ហេង សួរ បានចាត់ទុកការបង្ហោះសាររបស់ លោក នី ណាក់ ថាមានចេតនាវាយប្រហារ និងរើសអើងនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់រដ្ឋមន្ត្រីក្រសួងការងារ។

ក្នុង​ន័យនេះ​ មេធាវីការពារក្តីឲ្យ លោក ហេង សួរ បានទាមទារសំណងជំងឺចិត្តចំនួន ២០០០ លានរៀល ឬជិត ៥០ ម៉ឺនដុល្លារអាមេរិកពី លោក នី​ ណាក់។ ផ្អែកតាមបទចោទនៃមាត្រា ៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌដែលចែងពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង លោក នី ណាក់ អាចប្រឈមជាប់ទោសពន្ធនាគារ​០២ឆ្នាំ។ តែតំណាងអយ្យការបានចោទប្រកាន់បន្ថែមមួយបទល្មើសទៀត គឺ «ការមិនរាងចាលក្នុងបទមជ្ឈិម» ដែលធ្វើឲ្យ លោក នី ណាក់ អាចត្រូវប្រឈមជាប់ពន្ធនាគារទ្វេរដង។ តែសាលក្រម​លើសំណុំរឿងនេះនឹងត្រូវប្រកាស​នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤។ នេះ​បើតាមការបញ្ជាក់ពី លោក ជួង ជូងី។

លោក នី ណាក់ត្រូវបានរងការវាយដំឲ្យរងរបួសក្បាល និងមុខយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១២ កញ្ញា២០២៣
លោក នី ណាក់ត្រូវបានរងការវាយដំឲ្យរងរបួសក្បាល និងមុខយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១២ កញ្ញា២០២៣ © FB

 គួរ​រំឭកដែរថា លោក នី ណាក់ ធ្លាប់ត្រូវបានកាត់​ទោសដាក់ពន្ធនាគារមួយឆ្នាំកន្លះម្តង​ បន្ទាប់ពីលោកបានប្រកាសពីផែនការទិញម៉ាស់មកពាក់​ឲ្យសត្វមាន់ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ ក្រោយចេញពីពន្ធនាគារបានមួយរយៈ លោក នី ណាក់ ត្រូវបានរងការវាយដំឲ្យរងរបួសក្បាល និងមុខយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១២​ កញ្ញា២០២៣៕

What Next?

Recent Articles