ដោយ យ៉ង ចាន់តារា
2024.07.31
RFA
(ឆ្វេង) អ្នកស្រី ចក់ សុភាព, អ្នកស្រី អ៊ូ ទេពផល្លីន និងអ្នកស្រី យ៉ាង សុភ័ណ្ឌ និងមន្ត្រីអង្គការសង្គមស៊ីវិល សមាគម និងសហជីពផ្សេងៗទៀត បានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃ និងរដ្ឋសភា ឱ្យអន្តរាគមន៍ដោះលែងតំណាងសហជីពណាហ្គាវើលដ៍ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ លើកឡើងស្រដៀងៗគ្នាថា ពួកគាត់រងការធ្វើទុក្ខបុកម្នេញ ការឃ្លាំមើល និងប្រើប្រព័ន្ធតុលាការគំរាមកំហែងគ្រប់រូបភាពពីសំណាក់រដ្ឋាភិបាល។ ពួកគាត់ថា ការយាយីនេះ គឺបន្ទាប់ពីពួកគាត់ចេញរបាយការណ៍អំពីការរឹតត្បិតសិទ្ធិសេរីភាព និងបង្កើនសកម្មភាពជួយពលរដ្ឋដែលរងគ្រោះដោយសារការរំលោភយកដីធ្លី ឬការចាប់ខ្លួនសកម្មជនសហជីពដាក់ពន្ធនាគារជាដើម។
ស្របពេលដែលក្រុមអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនគណបក្សនយោបាយរងការចាប់ចងដាក់ពន្ធនាគារជាបន្តបន្ទាប់ ក្រុមអង្គការ សមាគមឯករាជ្យឯណោះវិញ ក៏រងការគាបសង្កត់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធីផងដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ឱ្យវិទ្យុអាស៊ីសេរីដឹងថា សិទ្ធិសេរីភាពជាមូលដ្ឋានរបស់អង្គការសង្គមស៊ីវិលនៅក្នុងឆ្នាំ២០២៤នេះ កាន់តែរងការរឹតត្បិតខ្លាំង ខណៈសកម្មជនសង្គមស៊ីវិល និងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមួយចំនួនកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ។ លោកបន្តថា បច្ចុប្បន្ននេះ សមាគមរបស់លោកពិបាកក្នុងការបំពេញការងារដើម្បី គាំពារសិទ្ធិមនុស្សដោយសារតែអាជ្ញាធរ តាមឃ្លាំមើល និងបង្ខំឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋានរបស់លោករុះរើស្លាកដែលទាមទារឱ្យដោះលែង លោក កើត សារ៉ាយ ចេញ។
លោក នី សុខា៖ «ប្រសិនបើសកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលធ្វើការងារហ្នឹងត្រូវបានរារាំង ត្រូវបានគំរាមកំហែងត្រូវបានជួបនៅឧបសគ្គអាហ្នឹងចង់មិនចង់វាអាចធ្វើឱ្យប្រជាពលរដ្ឋដែលរងគ្រោះនឹងកាន់តែជួបបញ្ហាការប្រឈមបន្តទៅទៀត។ ពីព្រោះថា ព័ត៌មានទាំងឡាយត្រូវបានលាក់កំបាំងដោយអាជ្ញាធរមូលដ្ឋានមួយចំនួនគាត់គប់គិតគ្នាធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋ ទៅរំលោភបំពានលើប្រជាពលរដ្ឋ»។
ស្រដៀងគ្នានេះដែរ ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លី ថ្លែងថា បញ្ហាការចងក្រងសហជីពនៅតាមមូលដ្ឋាននៅតែជាក្ដីកង្វល់របស់ក្រុមសហជីពឯករាជ្យក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងដោយគ្មានការបង្ខិតបង្ខំពីថៅកែក្រុមហ៊ុន ឬរដ្ឋាភិបាល។ អ្នកស្រីបន្តថា ការបំបិទមាត់ក្រុមសហជីពឯករាជ្យមិនឱ្យនិយាយពីបញ្ហាប្រឈម និងសម្ដែងពីទុក្ខកង្វល់របស់កម្មករ គឺមិនមែនជាដំណោះស្រាយល្អនោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលកាន់តែមានបន្ទុកប្រសិនបើកម្មកររស់នៅក្នុងជីវភាពមិនសមរម្យ។
អ្នកស្រី អ៊ូ ទេពផល្លី ៖ «កាលណាគាត់អត់មានសន្តិសុខប្រាក់ចំណូល ស្ថិរភាពការងារ និរន្តរភាពការងារ ហើយសុខុមាលភាពរបស់ពួកគាត់អត់មានទេអ៊ីចឹងហានិភ័យសង្គមកើតឡើង អ៊ីចឹងយើងជាអ្នកទប់ស្កាត់ស្ថានភាពទាំងអស់ហ្នឹង។ ប៉ុន្តែបើរដ្ឋមើលឃើញថា ថ្នាក់ដឹកនាំប្រទេសមើលឃើញថា យើងជាអ្នកប្រឆាំងយើងសោកស្ដាយ ហើយបើរឿងហ្នឹងថ្ងៃណាមួយវាកើតឡើងដោយសារភាពកំហឹងរបស់ពលរដ្ឋកើតមានឡើងដោយសារតែភាពអយុត្តិធម៌ អាហ្នឹងកើតចេញមកពីអ្នកដឹកនាំប្រទេសហ្នឹងឯងដែលបង្កើតនូវវិបត្តិសង្គម»។
កាលពីថ្ងៃទី២៣ ខែកក្កដា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចេញមុខថ្លែងសារជំនួសកូនប្រុសរបស់លោកគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយចោទប្រកាន់សកម្មជនសង្គមស៊ីវិល និងសកម្មជនបរិស្ថានថា ជាមនុស្សខូចធ្វើការងារក្បត់ផលប្រយោជន៍ជាតិ ដោយយកលេសជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយដើម្បីធ្វើសកម្មភាព។
លោក ហ៊ុន សែន៖«ប្រទេសខ្មែរយើងនេះមានមនុស្សអាក្រក់ធ្វើសកម្មភាពក្បត់ប្រទេសក្បត់ផលប្រយោជន៍ជាតិឯងដែលទៅជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល ដែលទៅជ្រកក្រោមស្លាកគណបក្សនយោបាយ ទៅជ្រកក្រោមស្លាកអ្នកសារព័ត៌មាន។ ដល់ពេលគេកាត់ទោសថា គេកាត់ទោសអ្នកសារព័ត៌មាន»។
ថ្វីត្បិត លោក ហ៊ុន សែន ចោទប្រកាន់មិនចំឈ្មោះថា ជាក្រុមអង្គការសង្គមស៊ីវិល ឬក្រុមសកម្មជនណាក្ដីក៏កន្លងទៅ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន សែន តែងធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល និងក្រុមសហជីពឯករាជ្យជាដើមនៅពេលដែលពួកគាត់សម្ដែងក្ដីព្រួយបារម្ភពាក់ព័ន្ធនឹងរឹតត្បិតសិទ្ធិសេរីភាពរបស់ពួកគាត់។
ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា«សង់ត្រាល់» ត្រូវបានក្រុមសហជីពគាំទ្ររដ្ឋាភិបាលប្ដឹងទៅក្រសួងមហាផ្ទៃដើម្បីឱ្យចាត់វិធានការផ្លូវច្បាប់ក្រោយពេលអង្គការនេះបានចេញរបាយការណ៍មួយស្ដីពីឧបសគ្គរារាំងសេរីភាពរបស់សហជីពនៅកម្ពុជា។ ជាងនេះទៅទៀតប្រធានសហជីពមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារនៅពេលពួកគាត់ប្រើប្រាស់សិទ្ធិរបស់ខ្លួនការពារអត្ថប្រយោជន៍ឱ្យកម្មករ។ ដោយឡែក សមាគមការពារសិទ្ធិមនុស្សអាហុក (ADHOC) ប្រចាំខេត្តកំពង់ចាមវិញ អាជ្ញាធរបង្ខំឱ្យរុះរើស្លាកទាមទារ ដោះលែងប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ចេញផងដែរ។ ករណីចុងក្រោយគឺការចាប់សកម្មជន សង្គម និង ពលរដ្ឋ ចំនួន៥នាក់ដែលរិះគន់រឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណពិសេស CLV ដាក់ពន្ធនាគារនៅតាមខេត្តផ្សេងៗគ្នា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ស្រ៊ាង ចិន្តា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣០ ខែកក្កដា។
ទាក់ទងបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ស្ថាប័នអង្គការក្រៅរដ្ឋាភិបាលដើរតួនាទីបំពេញបន្ថែមចំណុចខ្វះខាតរបស់រដ្ឋាភិបាលដើម្បីជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងមិនមែនជាក្រុមធ្វើបដិវត្តពណ៌ប្រឆាំងនឹងរដ្ឋាភិបាលឡើយ។
លោក អំ សំអាត៖ «បើទោះជាមានឧបសគ្គមួយចំនួនក៏ដោយយើងសប្បាយចិត្តនៅក្នុងការជួយដល់ប្រជាពលរដ្ឋដែលគាត់រងគ្រោះនៅបញ្ហាដីធ្លីឱ្យគាត់មានដំណោះស្រាយសមរម្យតាមផ្លូវច្បាប់ក៏ដូចជាសិទ្ធិរបស់ពួកគាត់ក៏ដូចជាឱ្យគាត់បានយល់អំពីសិទ្ធិ និងសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិហើយមួយទៀតក៏មានការជួយដល់ជនរងគ្រោះដោយការរំលោភលើសិទ្ធិមនុស្ស»។
ក្នុងដំណើរបេសកកម្មស្វែងរកការពិតរយៈពេល ៦ថ្ងៃ នៅកម្ពុជាកាលពីសប្ដាហ៍មុន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន(Vitit Muntarbhorn) បានកត់សម្គាល់ពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាប្រព្រឹត្តដោយរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលកំពុងកាន់អំណាចអស់ជិត ១ឆ្នាំមកនេះ។ លោកសង្កត់ធ្ងន់ថា បញ្ហាការរឹតត្បិតសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាលកាន់តែធ្ងន់ធ្ងរប្រសិនបើ ស្ថាប័នទាំងនោះត្រូវបានគេមើលឃើញថា មានទស្សនៈផ្ទុយពីក្រុមអ្នកដឹកនាំបក្សកាន់អំណាច។ លោកអំពាវនាវសាជាថ្មីដល់រដ្ឋាភិបាលកម្ពុជាឱ្យកែទម្រង់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលច្បាប់នេះមានលក្ខខណ្ឌរឹតបន្តឹងលើការបំពេញការងាររបស់អង្គការសង្គមស៊ីវិល។
ក្រុមអង្គការសង្គមស៊ីវិលឯករាជ្យ អំពាវនាវដល់រដ្ឋាភិបាលត្រូវតែរក្សាជំហរ និងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពនូវសេរីភាពក្នុងការបញ្ចេញមតិ និងអនុញ្ញាតឱ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់អាចធ្វើការងាររបស់ខ្លួន ដោយសេរី ជៀសផុតពីការរំលោភសិទ្ធិ និងធ្វើការឆ្លើយតបជាអវិជ្ជមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។