ដោយ ខាន់ លក្ខិណា
2024.07.31
RFA

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថ្លែងការពារគម្រោងអភិវឌ្ឍន៍ត្រីកោណ កាលពីថ្ងៃទី២៣ កក្កដា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមួយចំនួនបានបញ្ចេញមតិព្រោងព្រាតទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដកកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដោយបារម្ភខ្លាចមានគ្រោះបាត់បង់ខេត្តខ្មែរទាំង ៤ នៅភាគឦសាន។ យ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ទឹកដីខ្មែរខេត្តទាំង ៤ មិនទាន់បាត់បង់ទេ។
ពលរដ្ឋធ្វើប្រតិកម្មយ៉ាងផុសផុល លើបណ្ដាញសង្គមហ្វេសប៊ុកទាមទារឱ្យ រដ្ឋាភិបាល ដកកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ ទោះបីជាប្រធាន ព្រឹទ្ធសភាលោក ហ៊ុន សែន បានគំរាមចាប់ខ្លួនអ្នករិះគន់ដាក់ពន្ធនាគារ និង ព្រមានខ្លាំងៗឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្រាវជ្រាវរកសមាជិកគ្រួសារ របស់អ្នករិះគន់ លើគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះក៏ដោយ។ ប្រជាពលរដ្ឋ ព្រួយបារម្ភថា គម្រោងអភិវឌ្ឍន៍នេះ អាចជារូបមន្តចាប់ផ្ដើមកាត់ដីខ្មែរចំនួន៤ខេត្ត នៅភាគឦសានទៅឱ្យប្រទេសវៀតណាមគ្រប់គ្រង។
យុវជន និងពលរដ្ឋខ្មែរនៅក្រៅប្រទេសដូចជានៅអឺរ៉ុប (European Union) សហរដ្ឋអាមេរិក (USA) កាណាដា (Canada) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) និងនៅថៃ (Thailand) ជាដើម ខ្លះចេញជាវីដេអូបញ្ចេញមតិជាបុគ្គល ខ្លះធ្វើវីដេអូជាក្រុម ខ្លះសរសេរសារអក្សរ ខ្លះដាក់ប្រូហ្វាលហ្វេសប៊ុក និងអ្នកខ្លះទៀត ប្រកាសត្រៀមធ្វើបាតុកម្មប្រឆាំង ដែលសុទ្ធតែមានន័យទទូចឱ្យ រដ្ឋាភិបាល ត្រូវដើរចេញគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍។
អ្នកទាមទារលើបណ្ដាញសង្គម៖ «ប្រកាសដាច់ខាតមិនព្រមដាក់ខេត្តទាំង ៤ ចូលទៅក្នុងតំបន់ត្រីកោណដាច់ខាត។ យើងមិនសុខចិត្តទេទឹកដីកម្ពុជាទាំងអស់ជាទឹកដីរបស់ខ្មែរទាំងអស់គ្នា មិនមែនជាទឹកដីគ្រួសារ ហ៊ុន សែន ឡើយ។ សូមដកជាបន្ទាន់សូមដកជាបន្ទាន់យើងសុខចិត្តស្លាប់មិនព្រមដាច់ខាត»។
និស្សិតដែលសិក្សានៅសាលាបណ្ឌិត្យសភាយោធាអាមេរិក លោក ពេជ្រ មូន (Moon Pich) បានបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៩ ខែកក្កដា ថា ប្រវត្តិសាស្ត្រចាស់អាចកើតឡើងម្ដងទៀតក្នុងរូបភាពថ្មី ហើយ អ្វីដែលពួកយើងអាចធ្វើបានពេលនេះ គឺបញ្ចេញសំឡេងដែលជាក្ដីបារម្ភរបស់ពួក យើងជូនរាជរដ្ឋាភិបាល។
ចំពោះតំបន់ត្រីកោណអភិវឌ្ឍន៍នេះ លោក មាស ពិសាល គ្រោងដឹកនាំបាតុកម្ម នៅទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យទី១១ ខែសីហា ប្រឆាំងគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍។ លោកប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែកក្កដា ថា គម្រោងអភិវឌ្ឍន៍ នេះ ធ្វើឱ្យកម្ពុជារងហានិភ័យបាត់បង់ធនធានធម្មជាតិកាន់តែច្រើនទៀត ហើយ នឹងប្រឈមបាត់បង់ទឹកដីខ្មែរចំនួន៤ខេត្ត ទៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាមនៅថ្ងៃខាងមុខតាមរយៈលំហូរជនជាតិវៀតណាមចូលកម្ពុជា តាមផែនការតំបន់ត្រីកោណអភិវឌ្ឍន៍។
លោក មាស ពិសាស ៖ «ពួកយើងព្រួយបារម្ភខ្លាចបាត់បង់ទឹកដីនៅថ្ងៃខាងមុខ ដោយសារតែ នៅពេលដែលគេបើកឱ្យក្រុមហ៊ុនយួនចូលមកអភិវឌ្ឍន៍នៅក្នុងតំបន់ខេត្តទាំង ៤ នោះ ដោយសេរី ហើយប្រជាជនយួនមករស់នៅដោយសេរី ហើយបន្ទាប់មកទៀតប្រជាជនខ្មែរមិនអាចរស់នៅជាមួយប្រជាជនយួនបាន។ អ៊ីចឹងសួរថា តើអ្នកនរណានឹងនៅជាម្ចាស់ទឹកដីនៅទីនោះទៀត អ្នកណាអ្នកនៅមើលថែនៅទីនោះទៀត? យើងខ្លាចព្រួយបារម្ភដូចប្រទេសអ៊ុយក្រែន ដែលប្រជាជនរុស្ស៊ីនៅតំបន់គ្រីមេ ហើយចុងក្រោយត្រូវបានជនជាតិរុស្ស៊ី ប្រទេសរុស្ស៊ីប្រើលេសការពារប្រជាជន ហើយបានវាទីយកទឹកដីគ្រីមេ»។
ស្រដៀងគ្នានេះ ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនអ្នកនាង ណិប បូរ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែកក្កដា ថា មិនអាចទុកចិត្តផ្ញើវាសនាទឹកដីជាតិលើលោក ហ៊ុន សែន បានទេ ពីព្រោះប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បកស្រាយដោះសាររហូត និងមិនចេះការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំឡើយ។
អ្នកនាងថា ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនកាន់តែច្រើន ត្រៀមជួបជុំធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ពីព្រោះ មិនអាចបណ្ដែតបណ្ដោយតាមលោក ហ៊ុន សែន ។
អ្នកនាង ណិប បូរ៉ា៖ «អំណាចនៅលើគេ កូនសោនៅលើគេ! គេចង់ធ្វើម៉េចក៏បាន ក៏ប៉ុន្តែខ្ញុំចង់ដាស់តឿន ក៏ដូចជាឱ្យបងប្អូនមានទំនុកចិត្ត ជឿជាក់ទៅលើខ្លួនឯង ក្នុងនាមយើងជាម្ចាស់ទឹកដី គឺយើងមិនបណ្ដោយ ហើយយើងក៏កុំអស់សង្ឃឹម។ នៅពេលសំឡេងមហាជនក្រោកឈរ នៅពេលសំឡេងមហាជនទាមទារអំណាចរបស់អ្នកដឹកនាំ គឺមិនអាចទៅបានរលូនដែរ វាទាល់តែយើងគាំទ្រគាត់ ប៉ុនយើងមិនគាំទ្រ ហើយមានសំឡេងច្រើនទូទាំងប្រទេសគ្រប់ទីកន្លែង។ យើងគិតថា យើងនៅមានសង្ឃឹម ដោយសារតែ យើងជាម្ចាស់ប្រទេស យើងគឺជាម្ចាស់ទឹកដី»។
ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែកក្កដាថា ទឹកដីខ្មែរខេត្តទាំង៤ នៅភាគឦសាន មិនទាន់បាត់បង់ទេ ហើយកំពុងតែមានដំណើរការអភិវឌ្ឍន៍ រីកចម្រើនយ៉ាងធំធេង សម្រាប់ជីវភាពប្រជាជនក្នុងតំបន់ ដែលមិនដែលមានក្នុងប្រវត្តិសាស្ត្រប្រទេស កម្ពុជា។
លោក សុខ ឥសាន៖«ឥឡូវមិនទាន់បាត់បង់ទេ តែអារម្មណ៍វានៅអ៊ីចឹង អាហ្នឹងគេហៅថា អារម្មណ៍។ អារម្មណ៍ហ្នឹង ក៏ស្នេហាជាតិជាងរាជរដ្ឋាភិបាល ដែលទទួលការជឿទុកចិត្តពីប្រជាពលរដ្ឋជាង ៨០ភាគរយម្ល៉េះ»។
លោកបានរៀបរាប់ថា មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ហាយវេ (High Way) ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន២ ការផលិតថាមពលអគ្គិសនី ការ ផ្គត់ផ្គង់អគ្គិសនីពីឡាវ និងវៀតណាម កំណើននៃការវិនិយោគពីក្រុមហ៊ុនបរទេស លើដំណាំចម្ការកៅស៊ូ និងការកសាងសកលវិទ្យាល័យនៅខេត្តក្រចេះជាដើម។
ទាក់ទងនឹងការចេញ-ចូលរបស់ប្រជាជននៃប្រទេសទាំង៣ ក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍វិញលោក សុខ ឥសាន អះអាងថា មានកិច្ចព្រមព្រៀងត្រឹមត្រូវ ដោយ អនុវត្តតាមច្បាប់អន្តោប្រវេសន្ត ហើយប្រជាជនវៀតណាមមិនចេះតែហូរចូលទឹកដីកម្ពុជាដូចទឹកទន្លេនោះទេ។
លោក សុខ ឥសាន៖ «គេមានកិច្ចព្រមព្រៀងតើ ជាមួយថៃក៏មានកិច្ចព្រមព្រៀងដែរ ចេញ–ចូលបាន ១ ខែ ឬមួយកន្លះខែ ដើម្បីត្រឡប់ទៅវិញ ឬមួយ ៧ ថ្ងៃអាហ្នឹងទៅតាមលក្ខខណ្ឌស្ថានភាពរបស់បុគ្គលម្នាក់ៗ មិនមែនចេះតែបណ្ដែតបណ្ដោយឱ្យចូលហូរដូចបងប្អូនអ្នកប្រឆាំងចេះតែនិយាយថា ជនជាតិយួនហូរចូលមកនៅពេញពេញដី។ ឥឡូវទៅមើលទៅមានជនជាតិប៉ុន្មានលានមកនៅក្នុងខេត្តទាំង ៤ ហ្នឹង។ យើងក៏ទៅគេ! គេក៏មកយើង»។
រដ្ឋាភិបាលប្រទេសកម្ពុជា-ឡាវនិងវៀតណាម បានព្រមព្រៀងគ្នាបង្កើតតំបន់ ត្រីកោណអភិវឌ្ឍន៍ (CLV) កាលពីឆ្នាំ១៩៩៩។ គម្រោងនេះ មានខេត្តចំនួន ១៣ ជាចំណុះ ដោយប្រទេសកម្ពុជាមាន ៤ខេត្ត នៅភាគឦសានដែលមានពលរដ្ឋ សរុបតែជាង ៥០ម៉ឺននាក់។ ប្រទេសឡាវមាន ៤ខេត្ត ដែលមានប្រជាជនសរុបជាង ៧០ម៉ឺននាក់។ រីឯប្រទេសវៀតណាមមាន៥ខេត្ត ដែលមានប្រជាជនរហូតដល់ជាង ៧លាននាក់។
ព័ត៌មានចុងក្រោយនេះ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សាយថា លោក ហ៊ុន សែន បានស្នើទៅរដ្ឋាភិបាលកូនរបស់លោក ឱ្យពិចារណាបន្ថែមខេត្តព្រះវិហារមួយទៀត ទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
ករណីនេះ កាន់តែធ្វើឱ្យក្រុមអ្នកឃ្លាំមើលសម្ដែងការបារម្ភ។ ពួកគេលើកឡើងថា គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ អាចនឹងត្រូវពង្រីកឱ្យគ្រប់ដណ្ដប់លើទឹកដីកម្ពុជា ទាំងមូល តាមរូបមន្តនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការបន្តអនុវត្តមហិច្ឆតាប៉ងគ្រប់គ្រងប្រទេសកម្ពុជា និងឡាវនៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។