សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ពីរ​ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ

ដោយ ច័ន្ទ ដារ៉ូ
2024.07.31
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ពីរ​ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ

(ឆ្វេង) លោក វឿង សំណាង ជា​អតីត​ចៅសង្កាត់​រង​ទី២ នៅ​រាជធានី​ភ្នំពេញ និង​លោក ខាន់ ប៊ុនផេង ជា​អតីត​ចៅ​សង្កាត់​ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខាង​គណបក្សសង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ។ រូប៖ ហ្វេសប៊ុក


សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ផ្ដន្ទាទោស​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក វឿង សំណាង និង​លោក ខាន់ ប៊ុនផេង ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ​ទុក​ជា​បាន​ការ នៅ​ថ្ងៃ​ទី៣០ ខែកក្កដា។ ជុំវិញ​រឿង​នេះ​គ្រួសារ និង​មន្រ្តី​សិទ្ធិមនុស្ស​យល់​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌ ហើយ​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​ទាំង​នេះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី៣០ ខែកក្កដា បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សារទុក្ខ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ គឺ​លោក វឿង សំណាង និង​លោក ខាន់ ប៊ុនផេង ពី​បទ «រួមគំនិតក្បត់» ពាក់ព័ន្ធ​ជាមួយ​ផែនការ​វិល​ចូល​ស្រុក​របស់​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ កាល​ពី​ដើម​ខែមករា ឆ្នាំ២០២១ កន្លង​ទៅ។ សំណុំ​រឿង​សកម្មជន​បក្ស​ជំទាស់​នេះ​បាន​អូសបន្លាយ​ជិត ២ឆ្នាំ (១ឆ្នាំ ៧ខែ) ទើប​សាលាឧទ្ធរណ៍​លើក​យក​មក​បើក​សវនា​ជំនុំ​ជម្រះ និង​ប្រកាស​សាលដីកា​ជា​សាធារណៈ។

សវនាការ​រយៈពេល​មួយ​ព្រឹក ដោយ​ប្រព្រឹត្ត​ទៅ​ចំពោះ​មុខ​ជន​ជាប់​ឃុំ គឺ​ភាគច្រើន​តុលាការ​សួរ​ដេញដោល​ទៅ​លើ​អង្គហេតុ​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក វឿង សំណាង អះអាង​នៅ​មុខ​អង្គ​ជំនុំជម្រះ​ថា គណនី​ហ្វេសប៊ុក​ឈ្មោះ​ថា វឿង សំណាង សង្គ្រោះ​ជាតិ ដែល​តុលាការ​យក​មក​ចោទប្រកាន់​នោះ មិនមែន​ជា​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​នោះ​ទេ។ ចំណែក​លោក ខាន់ ប៊ុនផេង ក្នុង​ឯកសណ្ឋាន​អ្នក​ជាប់​ឃុំ រាងកាយ​ស្គមស្គាំង​វិញ បាន​ប្រាប់​តុលាការ​ថា លោក​មិន​ជាប់​ព័ន្ធ​ការ​និយាយ​ឆ្លើយឆ្លង​អ្វី​ជាមួយ​បុរស​ឈ្មោះ សុខ ឡេង នោះ​ទេ ខណៈ​បុរស ដែល​និយាយ​តែ​ម្នាក់​ឯង ប្រៀប​ដូចជា​មនុស្ស​វិកលចរិត​នោះ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​រួច​ហើយ។

ទោះបី​ជា​មេធាវី និង​ជនជាប់ចោទ​ព្យាយាម​លើក​អំពី​ផ្លូវ​ច្បាប់ និង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​យ៉ាងណា​ក្តី ក៏​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក ងួន រតនា ប្រកាស​តម្កល់​សាលក្រម​ផ្ដន្ទាទោស​ឱ្យ​លោក វឿង សំណាង និង​លោក ខាន់ ប៊ុនផេង ជាប់​ពន្ធនាគារ​ម្នាក់ៗ​៥ឆ្នាំ​ដដែល។

មេធាវី​ការពារក្តី​ឱ្យ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក អែម ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា​លោក​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​តម្កល់​សាលក្រម​ផ្ដន្ទាទោស ដោយ​តុលាការ​មិន​បាន​ពិចារណា​លើ​ហេតុផល របស់​មេធាវី និង​ផ្លូវ​ច្បាប់។

លោក អែម ចន្ថា៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ និង​ខកចិត្ត ដែល​តុលាការ​ពុំ​បាន​ពិចារណា​ជុំវិញ​ទឡ្ហីករណ៍​ពី​ការ​លើក​ឡើង​របស់​មេធាវី ហើយ​ការ​អះអាង ​ប្រកាន់​ភ្ជាប់​របស់​កូន​ក្តី យើង​លើក​ពី​អង្គច្បាប់​មួយ​ចំនួន​ទៅ​បង្ហាញ​តាម​មាត្រា​ច្បាប់​ទាំង​នេះ​ គឺ​ផលប្រយោជន៍​បាន​ទៅ​ជនជាប់ចោទ​បាទ សុទ្ធ​តែ​មាន​វិមតិសង្ស័យ មិន​បទល្មើស​កើត​ឡើង មិន​មាន​ព្យសនកម្ម​កើតឡើង​ទេ»។

កូនប្រុស​លោក ខាន់ ប៊ុនផេង គឺ​លោក ខាន់ សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ឪពុក​របស់​លោក​ជាប់ពន្ធនាគារ​ជាង​៣ឆ្នាំ​ដោយ​មិន​បាន​ប្រព្រឹត្ត​កំហុស តែ​តុលាការ​កាត់​ក្តី​ឱ្យ​ឪពុក​របស់​លោក​បន្ត​ជាប់​គុក​ទាំង​អយុត្តិធម៌ ក្រោម​ឥទ្ធិពល​នយោបាយ និង​ធ្វើ​ឱ្យ​ឈឺចាប់​សម្រាប់​ឪពុក​លោក​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ស្មោះត្រង់​នឹង​ជាតិ។ លោក​នៅតែ​ទទូច​ដល់​តុលាការ​ដោះលែង​ឪពុក​ឱ្យ​មក​ទាន់ដង្ហើម​ម្ដាយ​បង្កើត​ជា​លើក​ចុងក្រោយ។

លោក ខាន់ សុវណ្ណារ៉ា៖ «ខ្ញុំ​ស្នើសុំ​តុលាការ និង​រដ្ឋាភិបាល​គួរតែ​គិត​ឡើង​វិញ ចំពោះ​ការ​កាត់​ទោស​គាត់​អ៊ីចឹង។ ខ្ញុំ​ស្នើសុំ​ឱ្យ​មាន​ការ​កាត់​ទោស​ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌​ឱ្យ​ស្រប​តាម​ច្បាប់​ទៅ កុំ​ឱ្យ​ចេះ​តែ​កាត់​ទោស ចាប់​ដាក់​ដាក់ ចាប់​ដាក់គុក អាង​អី​ចាប់​ចង អាង​អី​ចាប់​ចង គេ​មិន​មាន​កំហុស។អ៊ីចឹង​ទេ ខ្ញុំ​ស្នើ​សុំ​ដោះលែង​ឪពុក​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ជួប​ម្ដាយ​របស់​គាត់​ជា​លើក​ចុងក្រោយ បើ​តាម​សភាព​ម្ដាយ​គាត់​នៅ​មិន​បាន​យូរ​ទេ »។

លោក ខាន់ ប៊ុនផេង ជា​អតីត​ចៅ​សង្កាត់​ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២០។ រីឯ​លោក វឿង សំណាង ជា​អតីត​ចៅសង្កាត់​រង​ទី២ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី៩ តុលា ឆ្នាំ២០២១។ តុលាការ​ក្រុងភ្នំពេញ​បាន​ផ្ដន្ទាទោស​ពួកគាត់​ពី​បទ​«រួមគំនិតក្បត់» កាល​ពី​ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ស្រុក​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​អ្នកស្រី មូរ សុខហួរ។ ប៉ុន្តែ អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្តស្វាយរៀង គឺ​លោក គង់ ម៉ាស់ ដែល​ស្ថិត​នៅ​ក្នុង​សំណុំ​រឿង និង​បទ​ចោទ​ដូចគ្នា​នេះ ត្រូវ​បាន​តុលាការ​ដោះលែង​កាល​ពី​ខែឧសភា ឆ្នាំ២០២៣ ក្រោយ​ធ្វើ​វីដេអូ​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែកក្កដា។

មកទល់​ពេល​នេះ ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​មន្ត្រី​គណបក្សប្រឆាំង​បាន​កើន​ឡើង​ដល់​ចំនួន​ជាង ៥០នាក់ ដោយ​ចំនួន​នេះ​មិន​ទាន់​រាប់​អ្នក​ដែល​តុលាការ​ដោះ​លែង​រាប់​សិប​នាក់​ទៀត ក្រោយ​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles