កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
31/07/2024 – 10:54
ដោយ៖ សាំ ឧត្តម
RFI
អង្គការ Right Livelihood រិះគន់ និងថ្កោលទោសខ្លាំងៗលើប្រព័ន្ធតុលាការកម្ពុជានៅក្នុងសម័យប្រជុំលើកទី៥៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការអន្តរជាតិធ្វើការផ្នែកសិទ្ធិមនុស្សមួយនេះចោទប្រកាន់តុលាការកម្ពុជាថាមានភាពឃោរឃៅ បន្ទាប់ពីសម្រេចផ្តន្ទាទោសក្រុមសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ក្នុងពន្ធនាគារចន្លោះពី ៦ឆ្នាំដល់៨ឆ្នាំក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។
Right Livelihood រិះគន់ប្រព័ន្ធតុលាការខ្មែរនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
Right Livelihood ដែលជាអង្គការអន្តរជាតិមួយធ្លាប់ផ្តល់ពានរង្វាន់ដល់សកម្មជនចលនាមាតាធម្មជាតិនៅបន្តចេញមុខថ្កោលទោសប្រព័ន្ធតុលាការខ្មែរមិនសំចៃមាត់ដោយបានចេញសេក្តីថ្លែងការណ៍រិះគន់ដល់ចៅក្រម និងព្រះរាជអាជ្ញាខ្មែរនៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការ Right Livelihood បានសរសេរបរិហារខ្លាំងៗថា ចៅក្រម និងព្រះរាជអាជ្ញាខ្មែរត្រូវបានគេតែងតាំងដើម្បីបម្រើផលប្រយោជន៍ឱ្យគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាក្នុងការចូលរួមកាត់ទោសអ្នកប្រឆាំង ឬសកម្មជននយោបាយ។
ក្រៅពីសរសេររិះគន់ អង្គការ Right Livelihood អំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ចូលរួមទាមទារឱ្យតុលាការខ្មែរដោះលែងសកម្មជនចលនាមាតាធម្មជាតិ រួមនឹងសកម្មជននយោបាយផ្សេងទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ សូមរម្លឹកថា រឿងរ៉ាវដដែលមួយនេះធ្លាប់ត្រូវបាន Right Livelihood ចេញមុខថ្កោលទោសតុលាការខ្មែរកាលពីថ្ងៃទី២ កក្កដា។ តែការចេញមុខថ្កោលទោសជាថ្មីរបស់ Right Livelihood ពេលនេះដោយសារតែអង្គការអន្តរជាតិធ្វើការផ្នែកសិទ្ធិមនុស្សមួយនេះនៅតែចាត់ទុកថា ការចាប់ខ្លួន និងការផ្តន្ទាទោសក្រុមសកម្មជនចលនាមាតាធម្មជាតិធ្វើឡើងផ្ទុយពីស្តង់ដារច្បាប់ស្តីពីសិទិ្ធមនុស្សកម្ពុជា និងអន្តរជាតិ។
ក្រៅពីអង្គការ Right Livelihood អង្គការអន្តរជាតិមួយចំនួន ដូចយ៉ាងឧត្តមស្នងការសិទិ្ធមនុស្សអង្គការសហប្រជាជាតិ OHCHR អង្គការ Amnesty International អង្គការ Human Right Watch រួមទាំងស្ថានទូតអូស្រ្តាលី និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនមានប៊ែលហ្សិក ដាណឺម៉ាក បារាំង ហ្វាំងឡង់ អៀរឡង់ ហូឡង់ អាឡឺម៉ង់ និងស៊ុយអែតក៏បានចេញមុខថ្កោលទោសការចាប់ខ្លួន និងការផ្តន្ទាទោសក្រុមសកម្មជនមាតាធម្មជាតិដែរ។ តែតំណាងកម្ពុជានៅ UN បានចេញមុខច្រានចោលលើរាល់ការចោទប្រកាន់ទាំងអស់ដោយបញ្ជាក់ថា ការលើកឡើងរបស់អង្គការអន្តរជាតិទាំងនោះ ពិសេសអ្នកនាំពាក្យ OHCHR គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានលក្ខណៈរើសអើងចំពោះការអនុវត្តច្បាប់របស់តុលាការខ្មែរ។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ តុលាការកម្ពុជាបានសម្រេចផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ឲ្យជាប់ក្នុងពន្ធនាគារចន្លោះពី៦ឆ្នាំដល់៨ឆ្នាំក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា លោក លី ចាន់តារាវុទ្ធ និងសកម្មជន៥នាក់ទៀតដែលមិនបង្ហាញខ្លួនត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន៦ឆ្នាំពីបទរួមគំនិតក្បត់។ ចំណែកលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន សហស្ថានិកអង្គការចលនាមាតាធម្មជាតិ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗចំនួន៨ឆ្នាំពីបទប្រមាថអង្គព្រះមហាក្សត្រ៕