កម្ពុជា
02/08/2024 – 11:05
ដោយ៖ ញឹម សុផល
RFI
គណបក្សភ្លើងទៀន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA)។ គណបក្សភ្លើងទៀន នៅបានទទូចស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍន៍ដោយខ្លួនឯង ដើម្បីធានាទាំងស្រុងនូវអធិបតេយ្យភាពជាតិ។ ក៏ប៉ុន្តែរដ្ឋាភិបាល បញ្ជាក់ថា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV មានអត្ថប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា និងគ្មានការខាតបង់អធិបតេយ្យកម្ពុជាអ្វីទេ។
បក្សប្រឆាំងមិនពេញចិត្តការចូលរួមអភិវឌ្ឍតំបន់ត្រីកោន CLV តែគាំទ្រព្រែកជីកហ្វូណន
គណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជាបានស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យ ពិចារណា និងសិក្សាឡើងវិញអំពីសក្តានុពលនៃផលប្រយោជន៍ និងផលប៉ះពាល់នៃគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA) ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សភ្លើងទៀន បានជំរុញ និងលើកទឹកចិត្តឲ្យរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដោយខ្លួនឯង ស្របតាមផែនការរបស់រដ្ឋាភិបាល ដែលបានរៀបចំគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីបើកច្រកសេដ្ឋកិច្ចដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកលើប្រទេសដទៃ។
ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន លោក ប៉ែន បូណា ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងថា អ្នកដែលសម្តែងកង្វល់អំពីកិច្ចសហប្រតិបត្តិការ CLV ធ្វើឲ្យបាត់បង់ទឹកដីទៅវៀតណាម គឺដោយសារតែពួកគេមិនយល់ ឬអ្នកខ្លះធ្វើជាមិនយល់ ដើម្បីលើកប្រធានបទនេះមកធ្វើជារបៀបវារៈនយោបាយតែប៉ុណ្ណោះ។
ប្រធានក្រុមអ្នកនាំពាក្យរូបនេះបញ្ជាក់ថាកិច្ចសហប្រតិបត្តិការ CLV មិនពាក់ព័ន្ធនឹងបូរណភាពទឹកដីទេ ពោលប្រទេសនីមួយៗរៀបចំផែនការអភិវឌ្ឍក្នុងដែនអធិបតេយ្យជាតិរបស់ខ្លួនទាំងស្រុង ដោយគ្រាន់តែមានកិច្ចសហការផ្នែកពាណិជ្ជកម្ម សន្តិសុខ ការដឹកជញ្ជូនទំនិញឆ្លងដែន និងដើម្បីគ្រប់គ្រងបទល្មើសឬឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ លោកថា នៅក្នុងរឿងទាំងអស់នេះ គេត្រូវការសហការគ្នារវាងប្រទេសជិតខាង ដើម្បីផលចំណេញសេដ្ឋកិច្ចរៀងៗខ្លួន។ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភទេ។
ទាក់ទងនឹងកិច្ចសហការដាក់ខេត្ត៤របស់កម្ពុជាទៅក្នុងតំបន់ CLV នេះដែរក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ទី១ សីហាក៏បានលើកឡើងពីកង្វល់របស់ប្រជាពលរដ្ឋ និងទទូចឲ្យរដ្ឋាភិបាលអភិវឌ្ឍខេត្តទាំង៤របស់កម្ពុជាដោយខ្លួនឯង។
ទោះយ៉ាងណាមេដឹកនាំកំពូលខ្មែរបច្ចុប្បន្ន នៅតែបង្ហាញជំហរវិជ្ជមាន ចំពោះការចូលរួមរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់ CLV នេះ ដោយរដ្ឋាភិបាលបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នេះ មានអត្ថប្រយោជន៍ដល់វិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តជាប់ព្រំដែនប្រទេសទាំងបី៕
If we , the people of Cambodia living abroad or living in the country especially the people that living in those 4 provinces are not doing anything to prevent this CLV joint development, we can kiss that 4 provinces goodbye! It is a process from Hun Sen to give those 4 provinces to Vietnam under the CLV name. It will be soon the Vietnamese will rename that 4 provinces and we can’t do nothing about it. Wake up Cambodian! Enough is enough!