លោក ហ៊ុន ម៉ាណែត ព្រមាន​បង្ក្រាប​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដោយ​អហិង្សា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍

ដោយ ខាន់ លក្ខិណា
2024.08.03
RFA

លោក ហ៊ុន ម៉ាណែត ព្រមាន​បង្ក្រាប​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដោយ​អហិង្សា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​ ហ៊ុន ម៉ាណែត


លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​ចេញ​ធ្វើ​ បាតុកម្ម​នៅ​ទី​ក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា ឡាវ និង​វៀតណាម នោះ​នឹង​ប្រឈម​បាត់​បង់​ជីវិត​ច្រើន ដូច​នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh)។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា លោក​ ហ៊ុន ម៉ាណែត កំពុង​គំរាម​សម្លាប់​មនុស្ស​ទ្រង់​ទ្រាយ​ធំ ដោយ​ខុស​ពី​គោលការណ៍​ច្បាប់ ព្រោះ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ជួប​ជុំ​តវ៉ា និង​សម្តែង​មតិ​អំពី​រឿង​ទឹក​ ដី​ដោយ​សន្តិវិធី និង​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។

បន្ទាប់​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ចេញ​មុខ​គំរាម​ចាប់​ពលរដ្ឋ​ ដែល​រិះគន់​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដាក់​គុក​រួច​មក នៅ​ពេល​នេះ កូន​ប្រុស​ជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត បែរ​ជា​ចេញ​មុខ​ វិញ​ដោយ​ព្រមាន​ខ្លាំង​ៗថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​ចេញ​តវ៉ា​នោះ ជីវិត​មនុស្ស​រាប់​រយ​នាក់ នឹង​ត្រូវ​បាត់​បង់ ដូច​ករណី​ពលរដ្ឋ​នៅ​ប្រទេស​បង់ក្លាដេស្ហ​ដែល​ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​បង្ក្រាប។

ក្នុង​ឱកាស​ចូលរួម​កម្ម​វិធី​ពិសារ​ភោជនាហារ​ជាមួយ​សមាគម​ឧកញ៉ា កាល​ពី​ថ្ងៃទី០២ ខែ​សីហា លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ការ​បញ្ចេញមតិ គឺ​ជា​សិទ្ធិ ប៉ុន្តែ​លោក​ព្រមាន​ថា កុំ​យក​អារម្មណ៍​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ ដែល​ព្រួយ​បារម្ភ​ដោយ​ស្មារតី​ស្រឡាញ់​ជាតិ រុញ​ឱ្យ​ឈាន​ទៅ​ដល់​ការ​ប្រមូល​ កម្លាំង​ធ្វើ​បាតុកម្ម តាម​រូបមន្ត​ប្រទេស​បង់ក្លាដេស្ហ (Bangladesh)។

កូនប្រុស​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ ព្រមាន​ទៀត​ថា សូម​កុំ​សាក​ល្បង​បំផុស​ធ្វើ​បាតុកម្ម នោះ​លោក​នឹង​ចាត់​វិធានការ​មិន​អនុញ្ញាត​ឱ្យ​កើត​មាន​ទេ ដោយ​លោក​លើក​ហេតុ​ផល​ថែរក្សា​សន្ដិភាព និង​ស្ថិរភាព​ ព្រម​ទាំង​កុំ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ពលរដ្ឋ​ភ្នំពេញ វិស័យ​ទេសចរណ៍ វិនិយោគ សេដ្ឋកិច្ច និង​មុខ​មាត់​ប្រទេស​ជាតិ​ជា​ដើម។

លោក ហ៊ុន ម៉ាណែត ៖ «អ៊ីចឹង​ខ្ញុំ​មិន​ចង់​ឱ្យ​ស្ថានភាព​បែប​នេះ កើត​ឡើង។ អ៊ីចឹង​ក្នុង​នាម​រាជរដ្ឋាភិបាល​ថ្ងៃនេះ​មាន​ទូត​ផង បើ​សិន​ជា​រាជរដ្ឋាភិបាល​ចាត់​វិធានការ​មិន​ឱ្យ​អ្នក​ប៉ុនប៉ង​ធ្វើ​សកម្មភាព​បែប​នេះ តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ប៉ុន​ប៉ង​ដុត​ប្រទេស​ដើម្បី​រុញ​បាតុកម្ម​នៅ​កម្ពុជា​ឱ្យ​ដូច​បង់ក្លាដេស្ហ សូម​កុំ​ចោទ​រដ្ឋាភិបាល​ផ្ដាច់​ការ។ យើង​គ្មាន​អី​ការពារ​ក្រៅ​ពី​មិន​ឱ្យ​អស្ថិរភាព កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​នៅ​ទី​ក្រុង​ភ្នំពេញ​ទេ​ផង​ទេ»។

លោក ហ៊ុន ម៉ាណែត ព្យាយាម​បក​ស្រាយ​ដោយ​បន្ទោស​ទៅ​លើ​ពលរដ្ឋ​ ឬ​បាតុក​រថា ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស ប៉ុន្តែ​លោក​ មិន​បាន​បន្ទោស​ទៅ​លើ​កង​កម្លាំង​របស់​រដ្ឋាភិបាល ដែល​ជា​អ្នក​ចាប់​ផ្តើម​បង្ក្រាប​ដោយ​ហិង្សា និង​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ពលរដ្ឋ ដែល​គ្រាន់​តែ​តវ៉ា​ដោយ​សន្តិវិធី​ និង​ស្រប​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

ជាក់ស្តែង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​អ្នក​គាំទ្រ​តវ៉ា​ទាមទារ​រាប់ សន្លឹក​ឆ្នោត​ឡើង​វិញ​និង​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កាល​ពី​ឆ្នាំ២០១៣ នោះ គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី និង​គ្មាន​ហិង្សា​ កើត​ឡើង​នោះ​ទេ ប៉ុន្តែ​កង​កម្លាំង​របស់​រដ្ឋាភិបាល​ទៅ​វិញ ដែល​បាន​ បើក​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​ពិត​និង​ការ​វាយ​ដុំ​ទៅ​លើ​ពលរដ្ឋ​បណ្តាល​ឱ្យ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់។

មិន​ខុស​គ្នា​នោះ​ទេ ករណី​ក្រុម​និស្សិត​នៅ​ប្រទេស​បង់ក្លាដេស្ហ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​រក្សា​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​សម្រាប់​តែ​កូន​ចៅ​របស់​ក្រុម​អ្នក​កាន់​អំណាច​នោះ ក៏​ផ្តើម​ចេញ​ពី​ការ​តវ៉ា​អហិង្សា​ដែរ ប៉ុន្តែ​កង​កម្លាំង​របស់​ រដ្ឋាភិបាល​បង់ក្លាដេស្ហ  បាន​បើក​ការ​បង្ក្រាប​ដោយ​ហិង្សា​បណ្តាល​ឲ្យ​បាតុករ​ស្លាប់​កើន​ឡើង​ដល់​ជាង២រយនាក់។ ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​កង​កម្លាំង​របស់​រដ្ឋាភិបាល​នេះ ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​និស្សិត​និង​ពលរដ្ឋ​បង់ក្លាដេស្ហ ផ្ទុះ​កំហឹង​កាន់​តែ​ខ្លាំង និង​ចេញ​តវ៉ា​ពេញ​ទី​ក្រុង។

នាយករដ្ឋមន្ត្រី​បង់ក្លាដេស្ហ ក៏​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ថា កំពុង​ ដឹក​នាំ​ប្រទេស​ផ្តាច់​ការ​ពុករលួយ និង​ប្រើ​អំណាច​ត្រួតត្រា​លើ​កម្លាំង​ប្រដាប់​អាវុធ​និង​ស្ថាប័ន​តុលាការ ដើម្បី​បង្ក្រាប​លើ​អ្នក​រិះគន់​និង​អ្នក​នយោបាយ​ប្រឆាំង​ មិន​ខុស​ពី​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ឡើយ។

អ្នក​ឃ្លាំមើល​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ស្តាប់​សំឡេង​តវ៉ា​របស់​ ប្រជាពលរដ្ឋ ហើយ​ដោះស្រាយ​ការ​ស្នើ​សុំ​របស់​ពួកគាត់ នោះ​គឺ​នឹង​មិន​ មាន​ការ​ប៉ះទង្គិច​គ្នា​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ឡើយ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៣ ខែសីហា ថា ការ​ព្រមាន​បង្ក្រាប​បាតុកម្ម​សម្ដែង​មតិ​អហិង្សា របស់​ប្រជាពលរដ្ឋ គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​មិន​ស្នេហា​ជាតិ។ លោក​ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិន​មាន​គំនិត និង​ឆន្ទៈ​ការពារ​ទឹក​ដី​ជាតិ ​ដូច​ប្រជាពលរដ្ឋ​ឡើយ។

លោកថា ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ហានិភ័យ​នៃ​ទឹក​ដី​ខ្មែរ​ទាំង ៤ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង​នោះ គឺ​ជា​រឿង​ដែល​ រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់។

លោក អំ សំអាន៖«គាត់​សម្ដែង​មតិ តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ឬ​ក៏​ទម្លាក់​មេ​ដឹក​នាំ​ដែល​ក្បត់ជាតិ ដែល​បម្រើ​បរទេស​ដែល​កាត់​ទឹក​ដី​ឱ្យ​យួន​គាត់​អាច​សម្ដែង​មតិ​តាម​បាតុកម្ម​ដូច​នៅ​បង់ក្លាដេស្ហ​ជា​ដើម ដើម្បី​ប្ដូរ​មេ​ដឹក​នាំ​ដែល​ជំពាក់​គុណ​យួន​ចេញ ហើយ​ដាក់​មេ​ដឹក​នាំ​ដែល​ស្នេហា​ជាតិ ដោយ​ការពារ​ទឹក​ដី អាហ្នឹង​បាន​អាច​ការពារ​ទឹក​ដី​យើង​បាន​គង់​វង្ស បើ​មិន​អ៊ីចឹង​ទេ ដី​គឺ​យើង​បាត់​បង់​ដូច​កម្ពុជា​ក្រោម ដូច​ប្រទេស​ចម្ប៉ា​អ៊ីចឹង​ឯង។ នៅ​ពេល​អនាគត​យើង​អាច​​ដូច​ប្រទេស​ចម្ប៉ា​អាច​បាត់​បង់​ពី​ផែន​ទី​ពិភព​លោក បើ​សិន​យើង​មិន​ដូរ​មេ​ដឹក​នាំ​ត្រកូល​ហ៊ុន ជំពាក់​គុណ​យួន​ចេញ​ទេ»។

យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដូចជា នៅអឺរ៉ុប (European Union) សហរដ្ឋអាមេរិក (USA) កាណាដា (Canada) ជប៉ុន (Japan) កូរ៉េខាងត្បូង (South Korea) និង​នៅថៃ (Thailand) ជាដើម ខ្លះ​ចេញ​ជា​វីដេអូ​បញ្ចេញមតិ ជា​បុគ្គល ខ្លះ​ធ្វើ​វីដេអូ​ជា​ក្រុម​ខ្លះ​សរសេរ​សារ​អក្សរ ខ្លះ​ដាក់​ប្រូហ្វាល​ហ្វេសប៊ុក និង​អ្នក​ខ្លះ​ទៀត ប្រកាស​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង ដែល​សុទ្ធ​តែ​មាន​ន័យ​ទទូច​ឱ្យ​រដ្ឋាភិបាល ត្រូវ​ដើរ​ចេញ​គម្រោង​តំបន់​​អភិវឌ្ឍន៍។

អ្នក​ឃ្លាំមើល​និង​ប្រជាពលរដ្ឋ លើក​ឡើង​ថា គម្រោង​តំបន់​ត្រី​កោណ អភិវឌ្ឍន៍ អាច​នឹង​ត្រូវ​ពង្រីក​ឱ្យ​គ្រប់​ដណ្ដប់​លើ​ទឹក​ដី​កម្ពុជា​ទាំងមូល តាម​រូប​ មន្ត​នយោបាយ​របស់​បក្សកុម្មុយនិស្ដ​វៀតណាម​ក្នុង​ការ​បន្ត​អនុវត្តន៍​ មហិច្ឆតា​របស់​វៀតណាម ប៉ុនប៉ង​ត្រួតត្រា​ប្រទេស​កម្ពុជា និង​ឡាវ​នៅ​ថ្ងៃ​អនាគត។

ពួកគេ​លើក​ឡើង​ដែរ​ថា ក្នុង​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភព​លោក ចេញ​ធ្វើ​បាតុកម្ម​រៀង​រាល់​ថ្ងៃ​ទេ ទើប​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដក​កម្ពុជា​ចេញ​ពី​គម្រោង​នេះ និង​អាច​ការពារ​ទឹក​ដី​កម្ពុជា​សព្វ​ថ្ងៃ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន ម៉ាណែត ព្រមាន​បង្ក្រាប​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដោយ​អហិង្សា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍"

  1. What the F is he saying? Is he willing to kill peoples by protesting and disagreeing with his government plans and policies? Manet is worst than his daddy! The stupidest, dumbest PM the world has ever known! Why don’t he just take his West Point diploma use it as a toilet paper? Btw Manet! You’re not the Cambodian PM, your daddy is!