កម្ពុជា
កម្ពុជា-នយោបាយ
08/08/2024 – 10:17
ដោយ៖ អោ ស្រីពេជ្រ
RFI
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិចាត់ទុកព្រឹត្តិការណ៍នៅបង់ក្លាដែសជាក្តីសង្ឃឹមមួយនាំឱ្យពលរដ្ឋខ្មែរអាចទម្លាក់មេដឹកនាំចេញពីអំណាច។ អតីតមេដឹកនាំប្រឆាំងខ្មែររូបនេះជឿថា ក្តីសង្ឃឹមនេះអាចលេចចេញជារូបរាងបាននាពេលអនាគត ព្រោះបើតាមលោក សម រង្ស៊ី កម្ពុជាកំពុងមានមេដឹកនាំបែបផ្តាច់ការ គ្រួសារបក្ខពួកនិយម និងពុករលួយស៊ីរូងផ្ទៃក្នុង។ តែរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ប៉ែន បូណា ចាត់ទុកការលើកឡើងរបស់លោក សមរង្ស៊ីជាសម្តីខ្យល់ និងផ្ទុយស្រឡះពីការពិត។
លោក សម រង្ស៊ី ថា ព្រឹត្តិការណ៍នៅបង់ក្លាដែសធ្វើឱ្យពលរដ្ឋខ្មែរមានសង្ឃឹមទម្លាក់មេដឹកនាំផ្តាច់ការ
ក្នុងវីដេអូឃ្លីបមួយបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួននៅថ្ងៃទី៧ សីហា លោក សម រង្ស៊ី បានលើកឡើងថា ជ័យជម្នះទម្លាក់នាយករដ្ឋមន្ត្រីចេញពីអំណាចរបស់ពលរដ្ឋបង់ក្លាដែសឆ្លុះបញ្ចាំងឱ្យឃើញថា អំណាចផ្តាច់ការមិនអាចយកឈ្នះកម្លាំងប្រជាជនបានឡើយ។ អ្វីដែលកំពុងកើតមាននៅបង់ក្លាដែសពេលនេះបានធ្វើឱ្យលោក សម រង្ស៊ី ជញ្ជឹងគិតថា ស្ថានការណ៍នយោបាយនៅស្រុកខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏នឹងអាចឈានទៅរកផ្លូវដូចគ្នានេះ។ ការហ៊ានរំពឹងយ៉ាងដូច្នេះដោយសារតែអតីតមេដឹកនាំបក្សប្រឆាំងខ្មែររូបនេះមានជំនឿក្នុងចិត្តថា ព្រឹត្តិការណ៍នៅបង់ក្លាដែសអាចជាគំរូជំរុញពលរដ្ឋខ្មែរឲ្យចុះផ្លូវធ្វើបាតុកម្មតវ៉ា ទាមទារទម្លាក់មេដឹកនាំខ្មែរចេញពីអំណាចផ្តាច់ការ គ្រួសារបក្សពួកនិយម និងពុករលួយស៊ីរូងផ្ទៃក្នុង។
តែរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ប៉ែន បូណា បានឆ្លើយបកវិញនៅថ្ងៃទី៨ សីហាថា ស្ថានភាពនៅស្រុកខ្មែរខុសស្រឡះពីការនិយាយរបស់លោក សម រង្ស៊ី ដែលលោកប៉ែន បូណាចាត់ទុកក្រុមលោក សម រង្ស៊ី ជាក្រុមឧទ្ទាមនយោបាយជ្រុលនិយមមួយក្តាប់តូច។ តាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែល ប្រជាពលរដ្ឋខ្មែរបាន និងកំពុងទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយថា គ្មានពលរដ្ឋខ្មែរណាម្នាក់ចង់ឃើញប្រទេសជាតិធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ អសន្តិសុខ និងវិលទៅរកសង្គ្រាមស៊ីវិលវិញនោះឡើយ។ ម្យ៉ាងទៀត និងបើតាមលោក ប៉ែន បូណា ពលរដ្ឋខ្មែរដឹងច្បាស់ថា សន្តិភាព និងការអភិវឌ្ឍន៍ជាស្នាដៃដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ម៉្លោះហើយគ្មានថ្ងៃដែលពលរដ្ឋខ្មែរគាំទ្រគំនិតបំផ្លាញសន្តិភាព និងចង់បង្កចលាចលដូចដែលក្រុមប្រឆាំងជ្រុលនិយមលើកឡើងនោះទេ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកប៉ែន បូណា។ ដោយឡែក លោក សុខ សុគន្ធ ហៅ ចេម សុខ អ្នកវិភាគនយោបាយស្រុកខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកមើលឃើញថា ព្រឹត្តិការណ៍ដែលបានផ្ទុះឡើងនៅបង់ក្លាដែសមិនអាចកើតមាននៅស្រុកខ្មែរទេ។ មិនអាចកើតមានដោយលោក សុខ សុគន្ធពន្យល់ហេតុផលថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន មានជន្ទុលមាំទាំងវិស័យកងទ័ព និងយោធា។ ទន្ទឹមគ្នានេះ ប្រជាជនខ្មែរជាប្រជាជនស្លូតបូត និងនៅបាក់ស្បាតដោយសារសង្គ្រាមនៅឡើយ។
តែអ្នកវិភាគនយោបាយខ្មែរនៅក្រៅស្រុករូបនេះដដែលមិនភ្លេចរំលេចថា ប្រសិនបើស្ថានការណ៍នៅខ្មែរនឹងផ្ទុះដូចនៅបង់ក្លាដែស នោះខ្មែរនឹងធ្លាក់ជ្រោះ និងវិនាសជាមិនខាន។ គួររម្លឹកថា ព្រឹត្តិការណ៍ទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែសចេញពីអំណាចបានបង្កឡើងដោយកំហឹងរបស់ប្រជាជនដែលប្រឆាំងនឹងច្បាប់ស្តីពីការជ្រើសរើសមន្ត្រីរដ្ឋការដែលមានកំណត់កូតា ពិសេសសម្រាប់កូនចៅមន្ត្រីអ្នកតស៊ូរំដោះជាតិនាទសវត្សរ៍៧០ ដែលក្រុមបាតុកម្មយល់ថាលម្អៀង និងមានការរើសអើង៕
Someone has to take the lead! The Cambodian people are not strong enough to be like the Bangladesh people. ខ្មែរយើងគឺមានគំនិតមួយគឺ “ អ្នកណាយ៉ាងម៉េចក៏យ៉ាងម៉េចទៅ អោយតែអញបានសុខ “ ។