ត្រឹម២សប្តាហ៍ សកម្មជនបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរចំនួន០៨នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន

កម្ពុជា
កម្ពុជា-ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង
10/08/2024 – 12:03
ដោយ៖ សាំ ឧត្តម
RFI

ក្នុងរយៈពេល២សប្តាហ៍សកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរសរុប៨នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាហូរហែរនេះ ត្រូវបានគណបក្សភ្លើងទៀនចាត់ទុកថា ជាការគំរាមកំហែង និងធ្វើទុកបុកម្នេញក្រោមចេតនារារាំងការធ្វើសកម្មភាពនយោបាយរបស់សកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនៅទូទាំងប្រទេស។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំង គឺផ្អែកលើបទល្មើសជាក់ស្តែង។ 

ត្រឹម២សប្តាហ៍ សកម្មជនបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរចំនួន០៨នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន


គិតចាប់ពីចុងខែកក្កដាដល់ថ្ងៃទី០៧ ខែសីហា គណបក្សភ្លើងទៀនបានឱ្យដឹងថា សកម្មជនគណបក្សរបស់ខ្លួន និងគណបក្សឆន្ទៈខ្មែរចំនួន០៨រូបត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដោយពុំដឹងពីមូលហេតុច្បាស់លាស់។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនលោក អ៊ុក សុវណ្ណឆន តួនាទីជាជំទប់ទី២ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺមកពីគណបក្សភ្លើងទៀន រួមនឹងលោក ប៊ុន សារុំ និងលោក ថែម សាវឿន សមាជិកក្រុមប្រឹក្សាស្រុកបសេដ្ឋ មកពីគណបក្សឆន្ទៈខ្មែរ។

ចំណែកនៅថ្ងៃទី២៩ ខែកក្កដា លោក តុ ដារ៉ា ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងលោក ពៀក វណ្ណា បេក្ខជនក្រុមប្រឹក្សាសង្កាត់លេខរៀងទី៣នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយពុំដឹងពីមូលហេតុដែរ។

ក្រោយមកនៅថ្ងៃទី០៧ ខែសីហា គណបក្សភ្លើងទៀនបានរាយការណ៍ទៀតថា មានសកម្មជនគណបក្ស០៣នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ សកម្មជនទាំង០៣នាក់នោះរួមមាន លោក សាន អឿន សមាជិកក្រុមបឹ្រក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមមកពីគណបក្សភ្លើងទៀន លោកស្រី ញិប សារ៉ុម សកម្មជនគណបក្សភ្លើងទៀន ខេត្តបាត់ដំបង និងលោក គឹម វឿន បេក្ខជនក្រុមប្រឹក្សាស្រុកបាទី ខេត្តតាកែវមកពីគណបក្សឆន្ទៈខ្មែរ។

តាមរយៈការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាហូរហែរបែបនេះ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យអាជ្ញាធរដោះលែងសកម្មជនរបស់ខ្លួនទាំងអស់ និងថែមទាំងអំពាវនាវឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពមកលើសកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរត​ទៅទៀត។

អ្នកគាំទ្រគណបក្សភ្លើងទៀន
អ្នកគាំទ្រគណបក្សភ្លើងទៀន AP – Heng Sinith

គួរកត់សម្គាល់ដែរថា ភាគច្រើននៃការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ​ត្រូវបានអ្នក​ឃ្លាំមើលសង្កេតឃើញថា ធ្វើឡើងដោយពុំដឹងពីមូលហេតុច្បាស់លាស់ និងពុំមានដីកាត្រឹមត្រូវ។ ត្រង់ចំណុចនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា គ្មានការចាប់ខ្លួនណាមួយដែលពុំមានដីកា ឬគ្មានទោសកំហុសនោះទេ។ តាមលោក ជិន ម៉ាលីន ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងធ្វើឡើងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ដោយផ្អែកលើបទល្មើសដែលបានប្រព្រឹត្តជាក់ស្តែង។​

អ្នកនាំពាក្យរូបនេះក៏មិនភ្លេចបញ្ជាក់ដែរថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងពុំមែនជាការបិទសិទ្ធិសេរីភាព ឬធ្វើទុកបុកម្នេញអ្វីឡើយ។

សូមជម្រាបថា មួយរយៈពេលចុងក្រោយនេះការចាប់ខ្លួនសកម្មជនបក្សប្រឆាំង គឺកើតមានជាហូរហែរ ខណៈចំនួនសកម្មជនបក្សប្រឆាំងដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចក៏មានសន្ទុះខ្លាំងដូចគ្នា៕ 

What Next?

Recent Articles

Leave a Reply

Submit Comment