ក្រុម​យុវជន​ត្រៀម​ប្រារព្ធ​កម្មវិធី​ទិវា​យុវជន​អន្តរជាតិ​ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​យុវជន

ដោយ សេក បណ្ឌិត
2024.08.10
RFA

ក្រុម​យុវជន​ត្រៀម​ប្រារព្ធ​កម្មវិធី​ទិវា​យុវជន​អន្តរជាតិ​ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​យុវជន

សមាគមបណ្តាញយុវជនកម្ពុជា រៀបចំកម្មវិធីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២៤ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ កាលពីថ្ងៃទី៥ សីហា ២០២៤។ រូប៖ ហ្វេសប៊ុក CYN


ក្រុម​យុវជន​ដែល​ស្រឡាញ់​យុត្តិធម៌​សង្គម​គ្រោង​ប្រារព្ធ​ទិវា​យុវជន​អន្តរជាតិ ក្រោម​មូលបទ៖«ការ​ពង្រឹង​សមត្ថភាព និង​សិទ្ធិ​អំណាច​យុវជន​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​សង្គម​ល្អ​ប្រសើរ»នៅ​ថ្ងៃ​អាទិត្យ​ទី១១ សីហា ស្អែកនេះ ។ វេទិកា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចូលរួម​លើក​ទឹក​ចិត្ត​យុវជន​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​សង្គម និង​ផ្ដល់​ឱកាស​ឱ្យ​យុវជន​បង្ហាញ​នូវ​ក្ដី​កង្វល់​របស់​ខ្លួន​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ។

វេទិកា​នេះ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​៣០០នាក់ និង​មាន​របៀបវារៈ​ចំនួន​២ គឺទី១ បើក​ឱកាស​ឱ្យ​យុវជន​លើក​ឡើង​ពី​ក្ដី​កង្វល់ និង​បញ្ហា​ប្រឈម​របស់​ខ្លួន​នៅ​ពេល​ពួកគាត់​អនុវត្ត​សិទ្ធិ​សេរីភាព និង​ទី២ រៀបចំ​កិច្ច​ពិភាក្សា​ដេញដោល​ដែល​ចូលរួម​ពី​សំណាក់​វាគ្មិន ពាក់ព័ន្ធ​នឹង​ការ​ការរំលោភ​សិទ្ធិមនុស្ស អំពើពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការអប់រំ​សីលធម៌​សង្គម​ជាដើម។

អនុ​ប្រធាន​គម្រោង​បរិស្ថាន នៃ​អង្គការ​ជេស្វីតសឺវិស​កម្ពុជា (Jesuit Service Cambodia) កញ្ញា ប៉ាញ ចិន្តា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១០ ខែ​សីហា ថា វេទិកា​នេះ​មាន​សារៈសំខាន់​សម្រាប់​យុវជន​ដើម្បី​ស្វែងយល់​ពី​សិទ្ធិ​សេរីភាព និង​តួនាទី​របស់​ខ្លួន​ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​យុវជន។ កញ្ញា​បន្ត​ថា សិទ្ធិ​សេរីភាព​របស់​យុវជន​បច្ចុប្បន្ន​នៅ​មិន​ទាន់​ទទួល​បាន​ការ​គាំពារ និង​លើក​កម្ពស់​ពី​រដ្ឋាភិបាល​នៅ​ឡើយ។

កញ្ញា ប៉ាញ ចិន្តា៖ «យើង​ធ្វើ​ទិវា​នេះ​គឺជា​ឱកាស​មួយ​ដែល​យើង​ប្រមូល​យុវជន​ទាំងអស់​មក​ពី​កន្លែង​ផ្សេងៗ​មក​ពី​វិស័យ​ផ្សេងៗ​ហើយ​ជាពិសេស​យុវជន​នៅ​តាម​តំបន់​ព្រៃ និង​យុវជន​ដែល​នៅ​សហគមន៍​ដាច់​ស្រយាល។ យើង​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់​មក​ទីនេះ​ដើម្បី​ជួប​គ្នា​ដើម្បី​ចែករំលែក និង​បទ​ពិសោធន៍​ផ្សេងៗ ។ រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​យុវជន​មួយ​ចំនួន​ដែល​សកម្ម​ធ្វើ​ការងារ​ផ្សេងៗ​នៅ​ក្នុង​សង្គម​យើង​សព្វថ្ងៃ​យើង​ចង់​ឱ្យ​ពួកគាត់​ទាំងអស់​គ្នា​ចែករំលែក​នៅ​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ​ហើយ​យុវជន​ថ្មីៗ​ឱ្យ​ពួកគាត់​មាន​ឱកាស​រៀន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី១០ ខែសីហា។

អង្គការ​សង្គម​ស៊ីវិល​ជិត​១០​ស្ថាប័ន រួមមាន សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia ) មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ និង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បន្ទាប់ពី​ចប់​កម្មវិធី​ទិវា​យុវជន​អន្តរជាតិ។ លើស​ពី​នេះ​ក្រុម​អង្គការ សមាគម​ទាំងនេះ​នឹង​រៀបចំ​ធ្វើ​សន្និសីទ​យុវជន​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ខាងមុខ ដើម្បី​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ស្ដាប់​ពី​ទុក្ខ​លំបាក​របស់​យុវជន​ផង​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ច​ការងារ​សង្គម​គឺជា​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​សង្គម ដូច្នេះ​គួរតែ​រដ្ឋាភិបាល​លើក​ទឹកចិត្ត​ពួកគាត់ ជាជាង​រារាំង​យុវជន​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន។ លោក​បារម្ភ​ថា ការ​រឹតត្បិត​យុវជន​មិន​ឱ្យ​ចូលរួម​ការងារ​សង្គម​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ធនធាន​មនុស្ស។

លោក ហេង គឹមហុង៖ «សង្គម​ដែល​យើង​ចង់​បាន​ពលរដ្ឋ​ដែល​មាន​សមត្ថភាព​ដែល​មាន​សក្ដានុពល​ទាល់តែ​យើង​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​ជជែក​យើង​លើកឡើង​ពី​ទុក្ខ​លំបាក​របស់​ខ្លួន។ ប៉ុន្តែ​ប្រសិនបើ​ចង់​បាន​ពលរដ្ឋ​អត់​គុណភាព​ឱ្យ​គេ​ដើរ​តាម​តែ​ខ្លួនឯង​ទៅ​មិន​ឱ្យ​គេ​ធ្វើ​អី​មិន​ឱ្យ​គេ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​អា​ហ្នឹង​គឺ​ចង់​បាន​តែ​ពលរដ្ឋ​បញ្ចើចបញ្ចើ​កោតសរសើរ​តែ​មេដឹកនាំ។ ប៉ុន្តែ​ប្រសិនបើ​យើង​ចង់​បាន​ពលរដ្ឋ​ដែល​មាន​គុណភាព​ទាល់តែ​ឱ្យ​ពួកគេ​មាន​គំនិត​ហ៊ាន​លើកឡើង​ពី​ក្ដី​កង្វល់​នានា​អា​ហ្នឹង​បាន​ពលរដ្ឋ​មាន​គុណភាព»

ក្រុម​យុវជន និង​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​បើក​ចិត្ត​ទទួលយក​មតិ​យោបល់​របស់​យុវជន​ដើម្បី​កែលំអ​ចំណុច​ខ្វះខាត និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ដែល​មាន​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment